រដ្ឋអជ្ញាកូរ៉េខាងត្បូង ទាមទារតុលាការឱ្យដាក់ទោស ២៥ឆ្នាំ លើករណីស្រ្តីជាប់ចោទជាម្តាយ ដែលបំបរបង់កូនអាយុ ២៩ ខែចោល រហូតដល់ស្លាប់ ទៅរៀបការប្តីថ្មី

កូរ៉េខាងត្បូង៖ នៅថ្ងៃសុក្រនេះ រដ្ឋអជ្ញានៅក្រុងដេហ្គូ បានទាមទារឱ្យតុលាការកាត់ទោសស្រ្តីជាជនជាប់ចោទម្នាក់នៅតំបន់ហ្គូមី ដែលបានបំបរបង់ចោលកូនរបស់ខ្លួនអាយុ ៣ឆ្នាំ ឱ្យនៅក្នុងផ្ទះម្នាក់​ឯង រហូតដល់បាត់បង់ជីវិត នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ស្រ្តីជាជនជាប់ចោទ ត្រូវបានគេស្គាល់ថាឈ្មោះ គីម អាយុ២២ឆ្នាំ ត្រូវបានកម្លាំងប៉ូលីសឃាត់ខ្លួននៅថ្ងៃទី ១១ កុម្ភៈ ២០២១នេះ មួយថ្ងៃក្រោយពីគេបានរកឃើញសាកសពកូនអាយុ៣ឆ្នាំរបស់ ស្រ្តីជាប់ចោទខាងលើ បានស្លាប់នៅក្នុងផ្ទះខ្លួននៅតំបន់ហ្គូមី។ ពាក់ព័ន្ធនឹងករណីបាត់បង់ជីវិតកូនរបស់ខ្លួននេះ ស្រ្តីជាម្តាយជាប់ចោទនេះ ត្រូវបានចោទប្រកាន់ថាបានបំបរបង់កូននេះចោលតាំងពីខែសីហា ឆ្នាំ២០២០ម្លេះ រហូតដល់កូននេះស្លាប់ ដោយខ្លួនកាលនោះបានចាកចេញពីផ្ទះរបស់ខ្លួនទៅរៀបការប្តីថ្មីទៀត។

នៅក្នុងតុលាការ រដ្ឋអជ្ញាបានលើកឡើងថាស្រ្តីជាប់ចោទគួរទទួលនូវទោសធ្ងន់ធ្ងរបំផុតចំពោះការប្រព្រឹត្តិអំពីដែលនឹកមិនស្មានមិនដល់បែបនេះ បង្កជាការឈឺចាប់ រហូតដល់ស្លាប់ចំពោះកូនរបស់ខ្លួនអាយុត្រឹមតែ ២៩ខែប៉ុណ្ណោះ។ បើតាមការបញ្ជាក់ដែរនោះ កូនតូចនោះបានបាត់បង់ជីវិតចំពេលនៃរដូវក្តៅ កាលពីឆ្នាំទៅ។ ជាការឆ្លើយតប ស្រ្តីជាប់ចោទបាននិយាយសុំទោស និងបានព្រមទទួលនូវការដាក់ទោសបែបណាក៏ដោយពីតុលាការ។

សូមបញ្ជាក់ផងដែរ តាមពិតទៅករណីមួយនេះ មានពាក់ព័ន្ធនឹងស្រ្តីម្នាក់ទៀតជាម្តាយរបស់ជនជាប់ចោទ ដែលគេស្គាល់ថាឈ្មោះស៊ុក អាយុ ៤៨ឆ្នាំ។ ក្រោយពីប៉ូលីសធ្វើការពិនិត្យឌីអិនអេសាកសពកូនដែលបានបាត់បង់ជីវិតនោះទៅ គេរកឃើញថា តាមពិតកូនដែលបាត់បង់ជីវិតនោះ ជាកូនបង្កើតរបស់ម្តាយបង្កើតរបស់ជនជាប់ចោទនោះទេ ដោយប៉ូលីសសង្ស័យថា ដើមហេតុអាចស្រ្តីជាប់ចោទឈ្មោះគីម និងម្តាយរបស់ខ្លួនឈ្មោះ ស៊ុក បានពរពោះនិងកើតកូនក្នុងពេលដំណាលគ្នា តែស្រ្តីឈ្មោះ ស៊ុក អាយុ ៤៨ឆ្នាំ ដែលជាម្តាយជនជាប់ចោទ បានធ្វើការផ្លាសប្តូរកូនទើបនឹងកើតរបស់ខ្លួន ជាមួយនឹងកូនទើបនឹងកើតរបស់កូនខ្លួន ដែលជាស្រ្តីជាប់ចោទឈ្មោះគីម ទៅវិញ។

យ៉ាងណាមិញ ស្រ្តីជាម្តាយរបស់ស្រ្តីជាប់ចោទនេះ ក៏ត្រូវបានឃាត់ខ្លួន និងសួរចម្លើយបញ្ជូនទៅតុលាការដូចគ្នា ដោយសារប៉ូលីសរកឃើញស្រ្តីជាប់ចោទជាម្តាយឈ្មោះ ស៊ុក នេះបានព្យាយាមយកសាកសពកូនអាយុ ២៩ខែ នោះទៅបោះចោល ដែលនាំឱ្យមានការបែកធ្លាយរឿងនេះ ហើយនឹងករណីមួយទៀតគឺ ការលួចយកកូនបង្កើតរបស់កូនស្រីខ្លួនផងដែរ។​ តែមកដល់ពេលនេះ គេមិនទាន់ដឹងពីវាសនារបស់កូនស្រី អាយុប្រហែល ២៩ខែដូចគ្នា ដែលត្រូវបានគេលួចដូរយកទៅបាត់នោះនៅទីណានោះទេ ដោយសារតែស្រ្តីជាប់ចោទជាម្តាយឈ្មោះ ស៊ុក អាយុ ៤៨ឆ្នាំនេះ មិនទាន់ឆ្លើយសារភាពនៅឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *