ករណីកូវីដ-១៩ នៅក្នុងក្រុងកាំងនឹង (Gangneung) កើនដល់ ៧១ករណីហើយ មានប្រភពចេញពីពលកររុស្ស៊ី ហើយឥឡូវចាប់ឆ្លងទៅជនជាតិកូរ៉េផងដែរ

កូរ៉េខាងត្បូង៖ ករណីឆ្លងកូវីដរកឃើញក្នុងចំណោមពលករបរទេស នៅតំបន់កាំងនឹង (Gangneung) បានកើនឡើងដល់តួលេខ ៧១នាក់ហើយ នេះបើតាមការបញ្ជាក់របស់អជ្ញាធរក្រុងកាំងនឹង នៅថ្ងៃសុក្រនេះ ដោយបានលើកឡើងផងដែរពីក្តីបារម្ភនៃការបន្តឆ្លងមេរោគកូរ៉ូណាក្នុងទីក្រុងនេះ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

បើតាមអជ្ញាធរសុខាភិបាលនៃក្រុងកាំងនឹង ដែលជាទីក្រុងស្ថិតនៅចម្ងាយជាង ២៤០គីឡូម៉ែត្រភាគខាងកើតក្រុងសេអ៊ូល បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ គេរកឃើញពលករបរទេសជាតិរុស្ស៊ី ១៤នាក់ថែមទៀត បានឆ្លងវិជ្ជមានជំងឺកូវីដ-១៩ ហើយក្នុងនោះដែរ ក៏មានជនជាតិកូរ៉េខាងត្បូង ៥នាក់ទៀតរកឃើញវិជ្ជមានកូវីដផងដែរ។

នៅក្នុងទីក្រុងកាំងនឹងនេះ ករណីកូវីដដែលឆ្លងក្នុងសហគមន៍ដំបូងបានចាប់ផ្តើមរកឃើញកាលពីចុងសប្តាហ៍មុន ដែលជាបន្តបន្ទាប់មក គេរំពឹងថាចំនួនករណីនៃការឆ្លងនឹងបន្តកើនឡើងបន្ថែមទៀត ខណៈពេលដែលអជ្ញាធរមូលដ្ឋានគ្រោងនឹងធ្វើការពិនិត្យតេស្តកូវីដទ្រង់ទ្រាយធំ ក្នុងទីក្រុងនេះនាពេលឆាប់ៗខាងមុខនេះ។

គ្រោងការណ៍ធ្វើតេស្តកូវីដទ្រង់ទ្រាយធំនេះ នឹងផ្តោតជាងគេលើពលករបរទេសដែលនិយាយភាសារុស្ស៊ី អាចជាជនជាតិរុស្ស៊ី និងជនជាតិអាស៊ីកណ្តាលដទៃទៀតដែលនិយាយភាសាប្រហាក់ប្រហែលគ្នានេះ ប្រមាណ ៨០០ នាក់ ដើម្បីអាចពិនិត្យរកឃើញប្រភពនៃការចម្លងបន្ត និងដើម្បីកាត់ផ្តាច់ប្រភពចម្លងនេះ។

ក្នុងនោះដែរ អជ្ញាធរក៏កំពុងធ្វើការពិនិត្យស្វែងរកប្រភពបន្តទៀតដែរ ហើយអជ្ញាធរកំពុងពិនិត្យមើលលើលទ្ធភាពនៃការឆ្លងជាចង្កោមទៅក្នុងបណ្តុំប្រជាជនទូទៅដទៃទៀតក្នុងទីក្រុងផងដែរ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដជាជនជាតិកូរ៉េ ដែលធ្លាប់បានជិះក្នុងរថយន្តក្រុងជាមួយនឹងអ្នកវិជ្ជមានកូវីដដែលជាពលករបរទេសជនជាតិរុស្ស៊ីនោះ។

នៅក្នុងទីក្រុងកាំងនឹងនេះ មានប្រជាជនប្រមាណ២០ម៉ឺននាក់ ហើយក្នុងនោះមានពលករបរទេសកំពុងបំពេញការងារជាង ២ពាន់នាក់។ សាលាក្រុងកំពុងពិនិត្យវិធានការផ្អាកមិនឱ្យមានការមកទទួលទាននៅតាមហាងលក់ម្ហូបហាឡាលមួយចំនួន និងផ្អាកកន្លែងស្វែងរកការងារធ្វើ ដែលជាកន្លែងមានពលករបរទេសចេញចូលច្រើន ហើយនឹងអាចពិនិត្យមើលតាមបណ្តារោងចក្រ ម្ចាស់កសិដ្ឋានដែលបានជួលពលករបរទេសមកធ្វើការ ដែលកន្លងមកមិនបានទាមទារពិនិត្យលិខិតបញ្ជាក់ថាអវិជ្ជមានកូវីដផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *