កូរ៉េខាងត្បូង៖ សហជីពក្រុមអ្នកដឹកជញ្ជូនឥវ៉ាន់ នៅសេអ៊ូលបានព្រមព្រៀងគ្នា ចេញមកធ្វើកូដកម្មប្រឆាំងទៅនឹងបម្រាមនៅអាគារអាផាតមិនធំមួយកន្លែងនៅភាគខាងកើតសេអ៊ូល ដែលហាមឃាត់មិនឱ្យអ្នកដឹកជញ្ជូនឥវ៉ាន់ ប្រើប្រាស់កន្លែងចតឡាននៅជាន់ផ្ទាល់ដី ដែលនាំឱ្យពួកគេដែលត្រូវយកឥវ៉ាន់ទៅឱ្យភ្ញៀវដល់មុខបន្ទប់ មានការលំបាកខ្លាំង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
អ្នកធ្វើការដឹកជញ្ជូនប្រមាណ ៥,៣០០ នាក់ដែលជាសមាជិកនៃសហជីពក្រុមអ្នកដឹកជញ្ជូនឥវ៉ាន់ បានបោះឆ្នោតកាលពីថ្ងៃម្សិលមិញ និងក្នុងនោះដល់ ៧៧% បានយល់ព្រមក្នុងការចេញមកធ្វើកូដកម្មនេះ ដែលថ្ងៃជាក់ស្តែងនៃការចេញមុខនាំគ្នាមកធ្វើកូដកម្មនេះ គឺនឹងត្រូវកំណត់ទៅនាពេលក្រោយ ហើយដែលរំពឹងថានឹងមានក្រុមអ្នកដឹកជញ្ជូនដល់ទៅជាង ២ពាន់នាក់នឹងចូលរួមផងដែរ។
ដំណើរដើមទងដែលនាំឱ្យឈានដល់ការប្រកាសចេញមកធ្វើកូដកម្មនេះ គឺដោយសារតែថ្មីៗនេះ មានជម្លោះរវាងក្រុមអ្នកដឹកជញ្ជូនឥវ៉ាន់ និងម្ចាស់នៃទីតាំងអាផាតមិនធំមួយកន្លែងនៅភាគខាងកើតសេអ៊ូលដែលមានច្រើនអាគារ និងមានដល់ជាង ៥០០០ បន្ទប់ ដែលបានចេញវិធានការកាលពីថ្ងៃទី១ ខែមេសា ២០២១កន្លងមក តម្រូវឱ្យអ្នកដឹកជញ្ជូនតាមរថយន្តប្រើប្រាស់បានតែចំណតរថយន្តក្រោមដីប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាពរបស់ម្ចាស់ផ្ទះនីមួយៗ ដែលស្នាក់នៅអាផាតមិននោះ ដោយសារតែមានការតវ៉ាថា អ្នកបើកបរដឹកជញ្ជូនតែងតែបើកលឿនៗមែនទែន នៅតាមផ្លូវក្នុងអាផាតមិន ពីអាគារមួយទៅអាគារមួយទៀត ដើម្បីដឹកឥវ៉ាន់ឱ្យបានលឿន។
តែសម្រាប់រថយន្តដឹកជញ្ជូនឥវ៉ាន់ភាគច្រើន បញ្ហាគឺមិនអាចចូលទៅក្នុងចំណតយានយន្តក្រោមដីបាននោះទេ ដោយសារតែកម្ពស់រថយន្តខ្ពស់ជាង កម្ពស់នៃកន្លែងចំណតចូល ដែលបញ្ហានេះ មានន័យថា អ្នកដឹកជញ្ជូនត្រូវទំលាក់ឥវ៉ាន់នៅនឹងមុខច្រកចូលអាផាតមិន ហើយត្រូវរុញឥវ៉ាន់តាមរទេះ ឆ្លងកាត់ទីតាំងដ៏ធំនៃទីតាំងអាផាតមិននេះ ដើម្បីយកទៅឱ្យដល់មុខទ្វារបន្ទប់នៅតាមអគារនីមួយៗរបស់អតិថិជននៅខាងក្នុងដោយប្រើប្រាស់រទេះរុញ ដែលនេះជាបន្ទុកការងារបន្ថែមសម្រាប់ក្រុមអ្នកដឹកជញ្ជូនលើសពីមុនដល់ទៅ៣ដងឯណោះ។
ទាក់ទងនឹងបញ្ហានេះ ក្រុមម្ចាស់ផ្ទះអាផាតមិនខាងលើ ក៏ធ្លាប់ស្នើឱ្យខាងអ្នកដឹកជញ្ជូនប្រើរថយន្តតូចៗជាងមុន ដើម្បីដឹកឥវ៉ាន់ តែត្រូវបដិសេធចោលដោយភាគីអ្នកដឹកជញ្ជូន ដោយសារធ្វើបែបនេះត្រូវចំណាយដើមទុនថែម ហើយត្រូវមានការលំបាក និងប៉ះពាល់ផ្នែកសុខភាពដែលត្រូវលើកឥវ៉ាន់ចុះឡើងទៀតផង។
សម្រាប់បច្ចុប្បន្ននេះ រដ្ឋាភិបាលក៏កំពុងធ្វើការពិភាក្សាជាមួយបណ្តាក្រុមហ៊ុនឡូជីស្ទីក ដើម្បីអាចសម្របសម្រួលស្វែងរកវិធានការសមស្របដោះស្រាយបញ្ហានេះដែរ ហើយក្រុមអ្នកដឹកជញ្ជូនឥវ៉ាន់ កំពុងរង់ចាំមើលចំណាត់ការរបស់រដ្ឋាភិបាលដែលពិភាក្សាជាមួយនឹងក្រុមហ៊ុនឡូជីស្ទីកផងដែរ ថាតើអាចសម្របតាមបានឬយ៉ាងណា ឬក៏ត្រូវចេញមកធ្វើកូដកម្មតាមការគ្រោងទុករបស់ក្រុមសហជីពខ្លួនឯងនៅពេលខាងមុខ។