ឧបករណ៍តេស្តកូវីដខ្លួនឯង របស់ SD Biosensor និង Humasis ចាប់មានដាក់លក់តាមហាង GS25, 7-Eleven, E-Mart និង CJ Olive Young ទូទាំងប្រទេស

កូរ៉េខាងត្បូង៖ ឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯង ទាំងពីរប្រភេទរបស់ SD Biosensor និង Humasis  បានត្រូវដាក់លក់បន្ថែមនៅតាមផ្សារទំនើប និងហាងលក់ទំនិញទូទៅទូទាំងប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញហើយ ដើម្បីឱ្យអតិថិជនអាចស្វែងរកទិញឧបករណ៍ធ្វើតេស្តកូវីដនេះបានកាន់តែងាយស្រួលជាងមុន ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនៅក្នុងប្រទេស។

កន្លងមក ឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯង ទាំងពីរប្រភេទនេះ ក្រោយពីបានទទួលការអនុញ្ញាតពីអជ្ញាធរសុខាភិបាលឱ្យដាក់ចរាចរណ៍លក់នៅក្នុងទីផ្សារ ត្រូវបានប្រកាសដាក់លក់នៅតាមទីតាំងឱសថស្ថាននានាទូទាំងប្រទេស និងតាមរយៈការបញ្ជាទិញអនឡាញផងដែរ ហើយនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ឧបករណ៍តេស្តទាំងពីរនេះ ត្រូវបានរៀបចំឱ្យចរាចរណ៍ដាក់លក់តាមទីតាំងផ្សារទំនើប និងហាងលក់ទំនិញទូទៅទូទាំងប្រទេសបន្ថែមទៀត។

ហាងលក់ទំនិញ GS25 ដែលជាបណ្តាញហាងលក់ទំនិញតូចៗ មាននៅគ្រប់កន្លែង និងទីតាំងទូទាំងប្រទេស បានចាបផ្តើមដាក់លក់ឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯង ទាំងពីរប្រភេទរបស់ SD Biosensor និង Humasis តាំងពីថ្ងៃពុធនេះ ហើយហាងលក់ទំនិញ 7-Eleven ក៏នឹងចាប់ផ្តើមលក់នៅថ្ងៃសុក្រនេះផងដែរ។

ចំណែកឯហាងលក់ទំនិញ E-Mart ដែលជាបណ្តាញហាងលក់ទំនិញមានទីតាំងទូទាំងប្រទេសដែរនោះ ក៏បានបញ្ជាក់ថាបណ្តាសាខារបស់ខ្លួននៅក្នុងទីក្រុងសេអ៊ូល នឹងចាប់ផ្តើមលក់ឧបករណ៍ធ្វើតេស្តរបស់ Humasis កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញផងដែរ ហើយនឹងបង្កើនការលក់ទៅទីតាំងផ្សេងៗដទៃទៀតនាពេលឆាប់ៗនេះ។

រីឯហាងលក់ផលិតផលគ្រឿងសំអាង CJ Olive Young ក៏នឹងចាប់ផ្តើមលក់ឧបករណ៍ធ្វើតេស្តរបស់ Humasis នៅថ្ងៃសុក្រនេះនៅតាមហាង និងដាក់លក់នៅក្នុងទីផ្សារអនឡាញរបស់ខ្លួនផងដែរ។

ការអនុញ្ញាតឱ្យឧបករណ៍នេះអាចចរាចរណ៍បានកាន់តែទូលំទូលាយទៅកាន់សាធារណជន នឹងជួយឱ្យអ្នកប្រើប្រាស់ និងសាធារជនទូទៅអាចពិនិត្យមើលលើករណីណាដែលសង្ស័យថាខ្លួនមានអាការៈពាក់ព័ន្ធនឹងជំងឺកូវីដផងដែរ ហើយដឹងលទ្ធផលបានកាន់តែលឿនរហ័សផងដែរ។

អ្នកដែលទិញឧបករណ៍ធ្វើតេស្តនេះ អាចប្រើប្រាស់ដោយការយកសំណាកពីក្នុងច្រមុះដោយខ្លួនឯង ហើយដាក់លើធ្វើតេស្តលើឧបករណ៍ដែលមានភ្ជាប់មកជាមួយក្នុងប្រអប់។ លទ្ធផលនៃការធ្វើតេស្តនឹងចេញក្នុងរយៈពេលពី ១៥ ទៅ៣០នាទី។ ក្នុងករណីដែលអ្នកធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមានតាមរយៈឧបករណ៍ធ្វើតេស្តនេះ គេត្រូវតម្រូវឱ្យទៅធ្វើតេស្តផ្លូវការជាថ្មីនៅតាមទីតាំងដែលអជ្ញាធរធ្វើតេស្តសំណាកកូវីដ ដើម្បីបញ្ជាក់លទ្ធផលជាផ្លូវការ។

Leave a Reply

Your email address will not be published. Required fields are marked *