រាល់ការជ្រើសរើស បញ្ជូនពលករខ្មែរ ទៅធ្វើការនៅបរទេស រួមទាំងប្រទេសកូរ៉េខាងត្បូង បើមិនមានការអនុញ្ញាតពីក្រសួងការងារទេ ជាអំពើជួញដូរមនុស្ស

កូរ៉េខាងត្បូង៖ រាល់ការជ្រើសរើស និងបញ្ជូនពលករ និងកម្មសិក្សាការីខ្មែរទៅធ្វើការនៅបរទេស ដោយគ្មានការ អនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាអំពើជួញដូរមនុស្ស នេះបើតាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់លោកអនុព័ន្ធការងារនៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដែលចែករំលែកនៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ។

តាមរយៈការចែករំលែករបស់លោកអនុព័ន្ធការងារនៃស្ថានទូតកម្ពុជា បានបញ្ជាក់ថាយោងអនុក្រឹត្យលេខ១៩០ ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១១ ស្ដីពីការគ្រប់គ្រងពលករលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន បានកំណត់ថា រាល់ទីភ្នាក់ងារជ្រើសរើសពលករខ្មែរ ទៅធ្វើការនៅបរទេស ត្រូវទទួលការអនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមុន ក្នុងការជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលករ និងកម្មសិក្សាការីខ្មែរ ទៅធ្វើការនៅបរទេស។

ដូចនេះ រាល់ការជ្រើសរើស និងបញ្ជូនពលករ និងកម្មសិក្សាការីខ្មែរទៅធ្វើការនៅបរទេស ដោយគ្មានការ អនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាអំពើជួញដូរមនុស្ស។

កន្លងមក ក្រសួងការងារបានចាត់វិធានការតាមផ្លូវច្បាប់ពីសកម្មភាពរបស់សាលា និងអង្គការមួយចំនួន ធ្វើសកម្មភាពបញ្ចុះបញ្ចូលអូសទាញ ឱ្យប្រជាពលរដ្ឋធ្វើការចុះឈ្មោះ និងបង់ប្រាក់ ដើម្បីជាថ្នូរទៅនឹងការទទួលបានសិទ្ធទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដោយមិនចាំបាច់ប្រឡង។

ពលករ​ខ្មែរ​ពេល​កំពុង​រៀន​មុន​ចេញ​ទៅ​ធ្វើការ​នៅ​កូរ៉េ​កន្លង​មក​។ រូបថត EEDO Korean School

ក្នុងនោះដែរ លោកអនុព័ន្ធការងារក៏បានបញ្ជាក់ថា កាលពីថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨ ក្រុមមេធាវី តំណាងដោយអាណត្តិឱ្យក្រសួងការងារ បានដាក់ពាក្យបណ្ដឹងទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធីទៅលើក្រុមខាងលើ ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ ហើយក្រុមខាងលើ ក៏ត្រូវបានតុលាការ ចោទប្រកាន់តាមមាត្រា ៦០៩ និង៦១០ នៃក្រមព្រហ្មទណ្ឌ ហើយបានចាត់ទុកថាជាការកេងចំណេញទាំងស្រុងលើកម្លាំងពលកម្ម ក៏ដូចជាផលប្រយោជន៍ពលករ។

បើតាមសារព័ត៌មានភ្នំពេញបុស្តិ៍ ការបញ្ជូន​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ក្រោម​ប្រព័ន្ធ EPS ត្រូវបាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក Roh Moo-Hyun អតីត​ប្រធានាធិបតី​នៃ​សាធាណរដ្ឋ​កូរ៉េ កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០០៦ ដែលមាន​គណៈកម្មាធិការ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​​ទៅ​បរទេស​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា និង​អង្គភាព​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ​ជា​ប្រតិបត្តិករ​។

គិត​ចាប់ពី​ឆ្នាំ​ ២០០៧ ​មក​កម្ពុជា​បាន​បញ្ជូន​ពលករ​សរុប​ចំនួន ៦៨ ២៩៤ ​នាក់ (​ស្រី​ជិត​ ១ ​ម៉ឺន​ ៥ ពាន់​នាក់​) ​ឲ្យ​ទៅ​បម្រើការ​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សំណង់​ដែល​អាណត្តិ​ការងារ​មាន​រយៈពេល​ ៤ ​ឆ្នាំ ១០ ​ខែ បើតាមការបញ្ជាក់របស់​សារព័ត៌មានភ្នំពេញបុស្តិ៍។

Leave a Reply

Your email address will not be published. Required fields are marked *