ម្ចាស់ហាង និងក្លឹបកម្សាន្តនៅអ៊ីនឆន់ តវ៉ាថានឹងបើកដំណើរការវិញ ចាប់ពីសប្តាហ៍ក្រោយទៅ បើទោះត្រូវល្មើសនឹងវិធានការទប់ស្កាត់កូវីដរបស់អជ្ញាធរក៏ដោយ

កូរ៉េខាងត្បូង៖ ម្ចាស់ក្លឹបកម្សាន្ត និងបាររាត្រីភាគច្រើននៅក្នុងទីក្រុងអ៊ីនឆន់ចេញមកតវ៉ា ហើយប្រកាសថានឹងបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញចាប់ពីសប្តាហ៍ក្រោយនេះទៅ បើទោះបីត្រូវប្រឆាំងនឹងបទបញ្ជារបស់អជ្ញាធរមូលដ្ឋាន ហើយប្រឈមនឹងការផាកពិន័យ ឬការបិទអាជីវកម្មក៏ដោយចុះ នេះបើតាមការប្រកាសរបស់ក្រុមម្ចាស់ក្លឹបកម្សាន្ត និងបាររាត្រី ប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនេះ ចុះផ្សាយក្នុងសារព័ត៌មាន​ Yonhap News។

ក្រុមម្ចាស់ក្លឹបកម្សាន្ត និងបាររាត្រីនៅក្នុងតំបន់អ៊ីនឆន់ ប្រមាណជាង៧០នាក់ បានមកចូលរួមក្នុងការតវ៉ាមួយធ្វើឡើងនៅមុខសាលាក្រុងអ៊ីនឆន់ ដែលក្នុងនោះដែរ ពួកអ្នកតវ៉ាបានយកមកកម្រងផ្កាកាន់ទុក្ខ ដោយមានពាក្យថា “ការដាក់ទណ្ឌកម្មឱ្យស្លាប់ដោយរដ្ឋាភិបាល” ផងដែរ។

ក្នុងការតវ៉ានោះ ក្រុមអ្នកតវ៉ាបានថ្លែងប្រាប់ទៅសន្នីសីទសារព័ត៌មានថា ពួកខ្លួននឹងធ្វើការបើកអាជីវកម្មក្លឹបកម្សាន្ត និងបាររាត្រី រៀងៗខ្លួនចាប់ពីថ្ងៃទី១០ ឧសភា ខាងមុខនេះតែម្តង ដើម្បីអាចសម្រាលបន្ទុកជីវភាពរបស់ពួកគេ​មកវិញខ្លះ បើទោះបីជាត្រូវប្រឈមនឹងការផាកពិន័យ ឬប្រឈមនឹងការបិទអាជីវកម្មពីអជ្ញាធរក៏ដោយ។ ក្រុមអ្នកតវ៉ាបញ្ជាក់ទៀតថា ស្ថានការណ៍ពេលនេះ កត្តាជីវភាពជាអ្វីដែលគួរឱ្យខ្លាចជាងកូវីដ-១៩ទៅទៀត ហើយពួកខ្លួនជាម្ចាស់អាជីវកម្មដែលត្រូវហាមឃាត់ទាំងនេះ មិនអាចទ្រាំទ្រផ្នែកជីវភាពបានទៀតនោះទេ។

ក្រុមអ្នកតវ៉ាបានបញ្ជាក់ទៀតថា ក្នុងរយៈពេលជាង១៥ខែចុងក្រោយនេះ រដ្ឋាភិបាលបានបង្ខំឱ្យហាងប្រភេទក្លឹបកម្សាន្ត និងបាររាត្រីនេះបិទទ្វារអស់ជាង ៣០០ថ្ងៃមកហើយ ដោយរដ្ឋាភិបាលបន្តយកឈ្មោះក្លឹបកម្សាន្ត និងបាររាត្រី ដាក់បន្ទុកជាហេតុផលដែលនាំឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដរហូតមក។

បើតាមបទបញ្ជារបស់សាលាក្រុងអ៊ីនឆន់ បានតម្រូវឱ្យរាល់អាជីវកម្មបែបកម្សាន្តនានា បិទទ្វាបណ្តោះអាសន្នតាំងពីថ្ងៃទី ១២ មេសា ២០២១កន្លងមក ដោយសារតែការបន្តកើនឡើងនៃករណីកូវីដ-១៩នៅក្នុងមូលដ្ឋានរបស់ខ្លួន។

តាមរយៈការតវ៉ានេះ យ៉ាងហោចណាស់ ប្រភេទអាជីវកម្មកម្សាន្ត និងបាររាត្រីទាំងអស់ដល់ជាង ៨០% ក្នុងក្រុងអ៊ីនឆន់ សម្រុះគ្នាថានឹងចាប់ផ្តើមដំណើរការអាជីវកម្មខ្លួនតាមការកំណត់នេះ ហើយបានទាមទារឱ្យអជ្ញាធរស្វែងរកដំណោះស្រាយសមស្របជូនខ្លួនផងដែរ។

សូមបញ្ជាក់ថាបច្ចុប្បន្ននេះ ក្រុងអ៊ីនឆន់ស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត ២ ដែលក្រោមវិធានការនេះតម្រូវឱ្យអាជីវកម្មប្រភេទកម្សាន្តទាំងអស់ត្រូវបិទ តែយ៉ាងណាមិញ រដ្ឋាភិបាលបានអនុញ្ញាតដល់អជ្ញាធរមូលដ្ឋានអាចពិនិត្យលទ្ធភាពឱ្យប្រភេទអាជីវកម្មទាំងនេះដំណើរការបានរហូតត្រឹមម៉ោង ១០យប់ ទៅតាមលក្ខខណ្ឌនៃស្ថានការណ៍ជំងឺកូវីដជាក់ស្តែងនៅនឹងតំបន់នោះ។

Leave a Reply

Your email address will not be published. Required fields are marked *