កាណាដា៖ ប្រទេសកាណាដា នៅថ្ងៃនេះ បានប្រកាសផ្តល់ការអនុញ្ញាតក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ Pfizer សម្រាប់កូនក្មេងអាយុពី១២ ដល់១៥ឆ្នាំហើយ ជាប្រទេសដំបូងបង្អស់លើពិភពលោកដែលផ្តល់ការអនុញ្ញាតដល់កុមារក្នុងការទទួលវ៉ាក់សាំងកូវីដ។
តាមរយៈការចុះផ្សាយក្នុងសារព័ត៌មាន BBC News ក្រសួងសុខាភិបាលកាណាដាបានសម្រេចក្នុងការផ្តល់ការអនុញ្ញាតនេះដោយផ្អែកទៅលើទិន្នន័យនៃការធ្វើតេស្តនៃវ៉ាក់សាំងជុំទី៣ សម្រាប់កុមារដែលមានអាយុពី១២ ដល់១៥ឆ្នាំនេះ។ បើតាមការបញ្ជាក់របស់ទីប្រឹក្សារបស់ក្រសួងសុខាភិបាលកាណាដា បានបញ្ជាក់ថា នាយកដ្ឋានជំនាញរកឃើញថាវ៉ាក់សាំងកូវីដនេះ មានប្រសិទ្ធភាព និងសុវត្ថិភាព នៅពេលប្រើជាមួយនឹងក្រុមអាយុវ័យក្មេងពី១២ ទៅ១៥ឆ្នាំនេះ។
សូមបញ្ជាក់ថា សម្រាប់ប្រទេសកាណាដានេះ កន្លងមកក៏បានផ្តល់ការអនុញ្ញាតក្នុងការចាក់វ៉ាក់សាំងកូវីដ Pfizer សម្រាប់មនុស្សអាយុលើស១៦ឆ្នាំឡើងទៅរួចហើយផងដែរ។ កាលពីខែមុន ក្រុមហ៊ុន Pfizer បានបញ្ជាក់ថាលទ្ធផលនៃការធ្វើតេស្តដំបូងនៃវ៉ាក់សាំងលើក្រុមមនុស្សអាយុ១២ ដល់១៥ឆ្នាំ បង្ហាញប្រសិទ្ធភាពដល់ ១០០% និងបង្កើតបានជាប្រព័ន្ធភាពស៊ាំខ្លាំងផងដែរ។ ជាមួយនឹងការផ្តល់ការអនុញ្ញាតថ្មីនេះ ក្រុមហ៊ន Pfizer ក៏នឹងត្រូវបន្តផ្តល់នូវបច្ចុប្បន្នភាពព័ត៌មានស្តីអំពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងសម្រាប់ក្មេងពី១២ ទៅ១៥ឆ្នាំនៅពេលខាងមុខផងដែរ។
នៅក្នុងប្រទេសកាណាដា គិតមកដល់ពេលនេះមានករណីវិជ្ជមានកូវីដដល់ជាង ១.២លាននាក់ ដែលក្នុងនោះប្រមាណជាង ២០% ជាអ្នកដែលមានអាយុក្រោម ១៩ឆ្នាំ។ យ៉ាងណាមិញ ទិន្នន័យបង្ហាញថាភាគច្រើនកុមារដែលមានជំងឺកូវីដ មានអត្រាដែលនឹងធ្លាក់ខ្លួនឈឺធ្ងន់តិចតួចណាស់ ហើយកន្លងទៅក៏មានករណីតិចតួចប៉ុណ្ណោះដែលកុមារកើតកូវីដ ឈឺធ្ងន់រហូតដល់ត្រូវការទៅព្យាបាលនៅមន្ទីរពេទ្យនោះ។
ជាព័ត៌មានបន្ថែមផងដែរ សហរដ្ឋអាម៉េរិកក៏នឹងកំពុងរៀបចំនីតិវិធីក្នុងការផ្តល់ការអនុញ្ញាតដល់ការចាក់វ៉ាក់សាំងកូវីដរបស់ Pfizer សម្រាប់ក្រុមអាយុ ១២ ដល់១៥ឆ្នាំនេះផងដែរ ដោយអាចនឹងចេញជាផ្លូវការចាប់ពីសបា្តហ៍ក្រោយនេះទៅ។