ទិន្នន័យបង្ហាញថា យ៉ាងហោចសិស្ស ៩ ក្នុង១០នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ចូលចិត្តរៀនក្នុងថ្នាក់ផ្ទាល់ ជាជាងរៀនតាមប្រព័ន្ធអនឡាញ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ កូនសិស្សតូចៗនៅក្នុងប្រទេសកូរ៉េខាងត្បូង ៩ ក្នុងចំណោម១០នាក់ ចូលចិត្តមករៀនផ្ទាល់នៅក្នុងថ្នាក់ ជាជាងការរៀនតាមប្រព័ន្ធអនឡាញ បើទោះបីជាមានហានិភ័យនៃជំងឺកូវីដ-១៩ ក៏ដោយ នេះបើតាមលទ្ធផលនៃសម្រង់មតិមួយ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមសម្រង់មតិនេះដែលធ្វើឡើងដោយសិស្សកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដល់ទៅ ៦៨៥នាក់ បានបង្ហាញឱ្យឃើញថាយា៉ងហោចដល់ ៨៧.១% នៃអ្នកដែលបានចូលរួមធ្វើសម្រង់មតិ ចូលចិត្តការរៀនទៅផ្ទាល់ក្នុងថ្នាក់រៀនជាជាងការរៀនតាមប្រព័ន្ធអនឡាញ បើទោះបីជាមានហានិភ័យនៃជំងឺកូវីដ-១៩ ក៏ដោយ។

ក្នុងនោះដែល មាន ៧១.៥% បានលើកឡើងថា ពួកគេនៅតែចង់រៀនផ្ទាល់ក្នុងថ្នាក់រៀន បើទោះបីជាករណីកូវីដ-១៩ នៅតែបន្តកើនឡើងនាពេលខាងមុខក៏ដោយ។ ក្នុងនោះដែរ គេឃើញថាមានត្រឹមតែប្រមាណមិនដល់ ២០% ផង គឺត្រឹម ១៩.៨% ប៉ុណ្ណោះដែលបានឆ្លើយថាពេញចិត្តទៅនឹងបទពិសោធន៍នៃការរៀនអនឡាញកន្លងមក ខណៈដែលមានដល់ ៤១.៣% និយាយថាពួកគេមិនពេញចិត្តនោះទេនឹងថ្នាក់រៀនតាមប្រព័ន្ធអនឡាញ ដែលរៀនតាមប្រព័ន្ធ Zoom ឬ Google Meet ឬកម្មវិធីដទៃទៀត។

ជាមួយនឹងលទ្ធផលនៃសម្រង់មតិនេះ គេឃើញទំនោរដែលសិស្សថ្នាក់តូចៗភាគច្រើនចូលចិត្តការរៀនក្នុងថ្នាក់ផ្ទាល់ បើប្រៀបទៅនឹងក្រុមសិស្សរៀនថ្នាក់ខ្ពស់ជាងនោះ។ កូនសិស្សថ្នាក់បឋមសិក្សាដល់ទៅ ៦៣% បានឆ្លើយថាចូលចិត្តទៅរៀនឱ្យបានញឹកញាប់ជាងឆ្នាំមុន ខណៈមានត្រឹម ៤៦.២% ប៉ុណ្ណោះនៃសិស្សអនុវិទ្យាល័យ និងវិទ្យាល័យដែលឆ្លើយថាដូចគ្នានេះ។

ក្នុងនោះដែរ សិស្សអនុវិទ្យាល័យ និងវិទ្យាល័យដល់ទៅ ៣៧.៧% ឆ្លើយថាពួកគេមានការលំបាកក្នុងការចាប់យកមេរៀនដែលគ្រូបង្រៀនតាមការរៀនក្នុងប្រព័ន្ធអនឡាញនេះ ខណៈសិស្សក្មេងៗបឋមត្រឹមតែ ២៤% ប៉ុណ្ណោះដែលឆ្លើយថាមានបញ្ហាក្នុងការតាមឱ្យទាន់មេរៀនដែលបង្រៀនតាមប្រព័ន្ធអនឡាញនេះ។ លើសពីនោះទៀត ក៏មានសិស្សដល់ទៅមួយភាគបួន បានលើកឡើងផងដែរថា ចាប់តាំងពីពេលដែលជំងឺកូវីដផ្ទុះឡើងមក នាំឱ្យជីវិតប្រចាំថ្ងៃរបស់ពួកគេមានការផ្លាស់ប្តូរប្លែកជាងមុនច្រើនផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *