អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ នៅកូរ៉េខាងត្បូងរួចរាល់ទាំងពីរដូស នឹងត្រូវលើកលែងមិនបាច់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ ចាប់អនុវត្តពីថ្ងៃនេះទៅហើយ

កូរ៉េខាងត្បូង៖ ចាប់ពីថ្ងៃពុធ ទី៥ ឧសភា ២០២១នេះទៅ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់នៅក្នុងប្រទេសកូរ៉េ នឹងត្រូវរួចផុតពីការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ពេលដែលមកពីស្រុកក្រៅ ឬក៏ពេលដែលបានមានទំនាក់ទំនងជាមួយនឹងអ្នកដែលវិជ្ជមានកូវីដ-១៩ ផងដែរ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

វិធានការលើកលែងនេះត្រូវបានប្រកាសជាផ្លូវការដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) ដោយតម្រូវលើកលែងចំពោះអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ក្នុងប្រទេសកូរ៉េខាងត្បូង មិនចាំបាច់ធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្នុងករណីពេលដែលមកពីស្រុកក្រៅ ឬក៏ពេលដែលបានមានទំនាក់ទំនងជាមួយនឹងអ្នកដែលវិជ្ជមានកូវីដ-១៩។

យ៉ាងណាមិញ វិធានការលើកលែងចត្តាឡីស័កនេះ មានសុពលភាពអនុវត្តតែចំពោះអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ មានលក្ខខណ្ឌដូចខាងក្រោម៖
– អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងពីរដូសក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់
– អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងពីរដូស បានរយៈពេល១៤ថ្ងៃ ក្រោយពីទទួល​បានដូសវ៉ាក់សាំងចុងក្រោយទីពីរ។

ក្នុងនោះដែរ តាមរយៈវិធានការលើកលែងនេះ អ្នកដែលចាក់វ៉ាក់សាំងរួចរាល់តាមការកំណត់ខាងលើ បើទោះជាមិនចាំបាច់ធ្វើចត្តាឡីស័ក តែក៏ត្រូវតែនៅតម្រូវឱ្យធ្វើតេស្តកូវីដ-១៩ និងត្រូវតាមដានឃើញថាគ្មានរោគសញ្ញាសង្ស័យនៃជំងឺកូវីដផងដែរ ប្រសិនបើអ្នកទាំងនោះមកពីស្រុកក្រៅ ឬក៏ពេលដែលបានមានទំនាក់ទំនងជាមួយនឹងអ្នកដែលវិជ្ជមានកូវីដ-១៩។

គិតត្រឹមថ្ងៃទី២១ មេសា មានមនុស្សចំនួន ៦៥,០៩៧ នាក់ហើយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងពីរដូសបានរួចរាល់ នៅក្នុងប្រទេសកូរ៉េខាងត្បូងពីវ៉ាក់សាំង Pfizer ឬ AstraZeneca។

វិធានការនេះ មិនអនុវត្តចំពោះអ្នកដែលមកពីប្រទេសមានស្ថានការណ៍ឆ្លងកូវីដ-១៩ ប្រភេទមេរោគបម្លែងខ្លួនថ្មីនោះទេ ដូចជាប្រទេសអាហ្វ្រិកខាងត្បូង ប្រេស៊ីល ម៉ាឡាវី បូស្វាណា ម៉ូហ្សាមប៊ីក ណាមីប៊ី តង់ហ្សានៀ ស៊ូរីណាម និងប៉ារ៉ាហ្គាយ បើគិតត្រឹមបច្ចុប្បន្នភាពចុងក្រោយនៃថ្ងៃអាទិត្យចុងសប្តាហ៍កន្លងមក។

សូមបញ្ជាក់ថា អជ្ញាធរកូរ៉េខាងត្បូងក៏កំពុងពិនិត្យលទ្ធភាព អនុញ្ញាតទទួលស្គាល់វ៉ាក់សាំងកូវីដសម្រាប់អ្នកដែលបានទទួលវ៉ាក់សាំងនៅប្រទេសដទៃទៀតផងដែរ ដោយផ្អែកលើគោលការណ៍បដិភាព ដោយស្មើភាពគ្នាទៅវិញទៅមក។

Leave a Reply

Your email address will not be published. Required fields are marked *