សាលាក្រុងអ៊ុលសាន ដាក់ចេញការណែនាំ ឱ្យបុគ្គលិកហាងនានាទាំងអស់ក្នុងទីក្រុង ទៅធ្វើតេស្តកូវីដ-១៩ ដោយសារបន្តរកឃើញករណីកូវីដបម្លែងខ្លួនថ្មី

កូរ៉េខាងត្បូង៖ រាល់បុគ្គលិក និងអ្នកធ្វើការនៅតាមហាងនានា ក្នុងទីក្រុងអ៊ុលសាន ត្រូវបានណែនាំទៅធ្វើតេស្តកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដោយសារតែករណីឆ្លងបន្តកើនឡើងជាបន្តបន្ទាប់ក្នុងតំបន់នោះ នេះបើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ។

ការធ្វើតេស្តកូវីដ-១៩សម្រាប់អ្នកដែលសង្ស័យពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ នេះ ត្រូវបានដាក់ចេញដោយអជ្ញាធរមូលដ្ឋាននៃក្រុងអ៊ុលសាន ជាការណែនាំជំរុញឱ្យរាល់បុគ្គលិកទាំងអស់បម្រើការនៅតាមទីតាំងហាងផ្តល់សេវាកម្ម អាជីវកម្មនានាគ្រប់ប្រភេទ ឱ្យទៅធ្វើតេស្តកូវីដ-១៩ ឥឡូវនេះតែម្តង។

ហាងផ្តល់សេវាកម្ម អាជីវកម្មនានាគ្រប់ប្រភេទ ដែលត្រូវទទួលបានការណែនាំឱ្យបុគ្គលិកទៅធ្វើតេស្តកូវីដ-១៩ មានដូចជាហាងស្ប៉ា ហាងអ៊ុតសក់ អាជីវកម្មកំសាន្តគ្រប់ប្រភេទ និងហាងប្រកបអាជីវកម្ម និងសេវាកម្មផ្សេងទៀតទូទៅទាំងអស់ផងដែរ។

ការដាក់ចេញបទបញ្ជានេះ គឺដោយសារតែករណីឆ្លងថ្មីដែលគេរកឃើញក្នុងទីក្រុងអ៊ុលសាន ដល់ទៅ៥១ករណី ក្នុងចំណោម៨០ករណីវិជ្ជមានកូវីដដែល​បានរកឃើញក្នុងចន្លោះពីខែមីនា និងខែមេសាកន្លងទៅ ជាប្រភេទមេរោគកូរ៉ូណាដែលជាប្រភេទបំបែកខ្លួនប្រភពចេញពីប្រទេសអង់គ្លេសមក។

ការរកឃើញនៃករណីបន្តកើនឡើងនៃប្រភេទមេរោគបម្លែងខ្លួនថ្មីនេះហើយ ជាកត្តាព្រួយបារម្ភថ្មីចុងក្រោយសម្រាប់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ដោយសារប្រភេទមេរោគបម្លែងខ្លួនថ្មីនេះមានសមត្ថភាពចម្លងពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀតបានច្រើន និងលឿនជាងប្រភេទមេរោគកូរ៉ូណាធម្មតា។

ក្នុងនោះដែរ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ចំនួននៃការឆ្លងជាចង្កោមបន្តកើនឡើងនៅក្នុងតំបន់ ដែលមានចំនួនករណីឆ្លងថ្មីជាមធ្យមដល់ទៅ ៤០.៤ ករណីប្រចាំថ្ងៃឯណោះ។

សាលាក្រុងអ៊ុលសាន ក៏បានបញ្ជាក់ផងដែរថានឹងធ្វើការចុះពិនិត្យទៅតាមទីតាំងហាងផ្តល់សេវាកម្ម អាជីវកម្មនានា ក្នុងទីក្រុងរបស់ខ្លួន ប្រមាណដល់ទៅជាង១០០០ទីតាំងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *