វ៉ាក់សាំងកូវីដ Pfizer សម្រាប់មនុស្សចំនួន ២១៨,០០០ នាក់បន្ថែម នឹងត្រូវដឹកមកដល់កូរ៉េខាងត្បូង ថ្ងៃស្អែកនេះ ខណៈស្តុកវ៉ាក់សំាងកំពុងតែខើចខ្លាំង បច្ចុប្បន្ន

កូរ៉េខាងត្បូង៖ វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer សម្រាប់ផ្តល់ជូនមនុស្សដល់ជាង ២១៨​,០០០ នាក់ នឹងត្រូវដឹកជញ្ជូនមកដល់កូរ៉េខាងត្បូង​ នៅថ្ងៃស្អែក ក្នុងសប្តាហ៍នេះតែម្តង ស្របពេលដែលកូរ៉េខាងត្បូងកំពុងបារម្ភពីការអស់វ៉ាក់សាំងនៅសល់ក្នុងស្តុក ក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

គិតមកដល់ពេលនេះ ក្រុមហ៊ុន Pfizer បានបញ្ជូនផលិតផលវ៉ាក់សាំងរបស់ខ្លួនមកប្រទេសកូរ៉េខាងត្បូងបានដល់សម្រាប់មនុស្ស ៣.៣លាននាក់ ទៅហើយកាលពីពេលកន្លងមក ហើយវ៉ាក់សាំងសម្រាប់មនុស្ស ២១៨,០០០ នាក់ដែលនឹងត្រូវដឹកមកដល់ក្នុងថ្ងៃពុធនេះ នឹងត្រូវដឹកមកដល់បន្ថែមសម្រាប់ផ្គត់ផ្គង់បន្ទាន់ដល់ប្រជាជនកូរ៉េខាងត្បូង ខណៈដែលវ៉ាក់សាំងកូវីដបច្ចុប្បន្នដែលសល់ក្នុងស្តុក ហាក់កាន់តែមានកម្រិតតិចទៅៗហើយនោះ។

សម្រាប់ការអនុវត្តបច្ចុប្បន្ននេះ វ៉ាក់សាំង Pfizer ត្រូវបានអជ្ញាធរសុខាភិបាលបាន​ចេញសេចក្តីប្រកាសផ្លូវការហើយ ថានឹងផ្អាកការផ្តល់វ៉ាក់សាំងដល់អ្នកថ្មីសិន ដោយផ្តោតអាទិភាពចម្បងដល់អ្នកដែលបានចាក់វ៉ាក់សាំងដូសទី១រួចសិន យ៉ាងហោចណាស់រហូតដល់ពាក់កណ្តាលខែឧសភានេះ។

កាលពីម្សិលមិញនេះ អជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ថា វ៉ាក់សាំងកូវីដ Pfizer សល់ក្នុងស្តុកឥឡូវនេះត្រឹមតែជាង ៥២៩,០០០ ដូសប៉ុណ្ណោះ ចំណែកឯវ៉ាក់សាំងកូវីដរបស់ AstraZeneca សល់ក្នុងស្តុកត្រឹមតែ៣៤៥,០០០ ដូសប៉ុណ្ណោះ។ ចំនួនដែលវ៉ាក់សាំងដែលសល់ក្នុងស្តុកនេះ បើតាមអត្រានៃការផ្តល់វ៉ាក់សាំងដូចសព្វថ្ងៃដែលមានដល់ទៅជាង ២០ ទៅ ៤០ម៉ឺននាក់ក្នុងមួយថ្ងៃ​នោះ កូរ៉េខាងត្បូងនឹងត្រូវអស់វ៉ាក់សាំងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះហើយ។

យ៉ាងណាមិញ លោកប្រធានាធិបតី មូន ជេអ៊ីន នៅតែបង្ហាញក្តីជឿជាក់ថាផែនការកម្មវិធីចាក់វ៉ាក់សាំងនៅតែនឹងអាចដំណើរការទៅតាមផែនការបានរលូនដដែល ហើយបានបញ្ជាក់ថាចាប់ពីខែឧសភាឥឡូវនេះទៅ វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer នឹងត្រូវធ្វើការផ្គត់ផ្គង់បានជារៀងរាល់សប្តាហ៍ ចំណែកឯវ៉ាក់សាំងរបស់ AstraZeneca ក៏នឹងត្រូវផ្គត់ផ្គត់ចំនួនច្រើនមុនការកំណត់ទៀតផង។ ក្នុងនោះដែរ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង នៅតែបង្ហាញភាពជឿជាក់បំផុត និងថែមទាំងបានលើកឡើងថា ផែនការចាក់វា៉ក់សាំងត្រឹមចុងខែមិថុនានេះ នឹងកើនដល់ទៅ​១៣លាននាក់ឯណោះ លើសពីផែនការដើមត្រឹម ១២លាននាក់ទៀតផង។

Leave a Reply

Your email address will not be published. Required fields are marked *