កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានពលករបរទេសជាង៤០នាក់ បានឆ្លងកូរ៉ូណា នៅតំបន់កាំងនឹង (강릉) ខេត្តកាំងវ៉ុនដូ ឆ្នេរខាងកេីតនៃប្រទេសកូរ៉េ ព្រឹកថ្ងៃអង្គារនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ខាងសាលាក្រុង កាំងនឹង (Gangneung) បានធ្វើតេស្តកូវីដផ្តោតលើជនបរទេស ដែលជាពលករបរទេសចំនួន ៧៤៣នាក់ ដែលក្នុងនោះគេរកឃេីញអ្នកវិជ្ជមានកូរ៉ូណា ចំនួន ៤៣នាក់ ដែលមានជនជាតិរុស្សី៣៦នាក់ និង អ្នកនៅសល់ជាជនជាតិអាសុីភាគកណ្តាល។
សូមបញ្ជាក់ថា ការធ្វើតេស្តកូវីដផ្តោតលើជនបរទេសនេះ គឺធ្វើឡើងក្រោយពីមានពលករបរទេសម្នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយក្រោយមកមានអ្នករួមការងារ ដល់ទៅ៦នាក់ទៀត ជាមួយពលករបរទេសរូបនោះ ត្រូវបានរកឃើញវិជ្ជមានកូវីដរយៈពេល២ថ្ងៃក្រោយមកដែរនោះ។
នៅ ផ្យងឆាំង ជាប់នឹង កាំងនឹង ពលករបរទេសចំនួន ៩ នាក់មកពីប្រទេសវៀតណាម ក៏ត្រូវបានគេបញ្ជាក់ថាបានឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីធ្វេីការខាងស្ពៃក្តោបជាមួយបុរសជនជាតិកូរ៉េម្នាក់ដែលបានធ្វើតេស្តវិជ្ជមានកូរ៉ូណា កាលពីថ្ងៃសុក្រកន្លងមកនោះ។