កូរ៉េខាងត្បូង៖ កម្មវិធីនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងកំពុងហាក់ជួបប្រទះភាពនឹងឧបសគ្គថ្មីមួយទៀតហើយ ដែលជាកង្វះការផ្គត់ផ្គង់វ៉ាក់សាំង ខណៈដែលពេលនេះ តម្រូវការនៃការចាក់វ៉ាក់សាំងកំពុងតែត្រូវការបង្កើនឱ្យបានកាន់តែលឿនទៅវិញនោះ ជាក្តីបារម្ភថ្មីទៀតហើយសម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូង។
តាមអត្ថបទចុះផ្សាយក្នុងសារព័ត៌មាន Korea Times គិតត្រឹមថ្ងៃអាទិត្យទី២ ខែឧសភា ២០២១កន្លងទៅនេះ ចំនួនអ្នកទទួលបានវ៉ាក់សាំងកូវីដ-១៩ មានដល់ ៣.៣៩លាននាក់ ដែលក្នុងនោះមានតែ ២៣៦,៤៦៨ នាក់ប៉ុណ្ណោះ ដែលត្រូវបានផ្តល់វ៉ាក់សាំងកូវីដឱ្យបានពេញលេញរួចរាល់ ដែលក្រៅពីនោះទាំងអស់ទើបនឹងទទួលបានវ៉ាក់សាំងដូសទី១ប៉ុណ្ណោះ។
បញ្ហាជាកង្វល់ថ្មីនោះគឺ ខណៈដែលបច្ចុប្បន្នកំពុងមានតម្រូវការវ៉ាក់សាំងកើនឡើង ទាំងការចាក់ដូសទី២ សម្រាប់អ្នកបានទទួលវ៉ាក់សាំងម្តងរួចហើយ និងការចាក់វ៉ាក់សាំងថ្មីសម្រាប់ប្រជាជនកូរ៉េខាងត្បូងរាប់លាននាក់ទៀតជាបន្តបន្ទាប់ទៀត គេឃើញថាចំនួនវ៉ាក់សាំងកូវីដ-១៩ ដែលនៅសល់ក្នុងស្តុកមានកម្រិតទាបមែនទែនហើយ។
តាមតួលេខបញ្ជាក់ដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ដែលកន្លងមកត្រូវបានដឹកមកដល់ប្រទេសកូរ៉េខាងត្បូងដល់ទៅជាង ២.១១លានដូស ឥឡូវនេះនៅសល់ត្រឹមតែជាង ៥២៩,០០០ ដូសប៉ុណ្ណោះ ហើយចំណែកឯវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca វិញដែលត្រូវបានដឹកមកដល់កូរ៉េខាងត្បូងកន្លងមកជាង ២លានដូសនោះ ឥឡូវនេះនៅសល់ក្នុងស្តុកត្រឹមតែជាង ៣៤៥,០០០ ដូសប៉ុណ្ណោះ។
ដោយសារតែចំនួនវ៉ាក់សាំងនៅក្នុងស្តុកតិចនេះហើយ ជាពិសេសគឺដើម្បីត្រៀមសម្រាប់ប្រជាជនដល់ទៅជាង ៣លាននាក់ អ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ហើយកន្លងមក ដែលគិតមកដល់ពេលនេះអាចប្រហាក់ប្រហែលជាពេលកំណត់ដែលត្រូវមកទទួលវ៉ាក់សាំងកូវីដ-១៩ ដូសទី២ហើយ អជ្ញាធរសុខាភិបាលបានសម្រេចផ្អាកចាក់វ៉ាក់សាំងថ្មីដូសទី១សម្រាប់អ្នកថ្មីហើយ ដោយងាកមកផ្តោតអាទិភាពចម្បងមុនសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ ហើយនាពេលកន្លងមកវិញ។
សម្រាប់វ៉ាក់សាំង Pfizer អជ្ញាធរសុខាភិបាលបានចេញសេចក្តីប្រកាសផ្លូវការហើយ ថានឹងផ្អាកការផ្តល់វ៉ាក់សាំងដល់អ្នកថ្មីសិន យ៉ាងហោចណាស់រហូតដល់ពាក់កណ្តាលខែឧសភានេះ។
អជ្ញាធរបញ្ជាក់ថា បើតាមផែនការគ្រោងទុក យ៉ាងហោចណាស់ដល់ពាក់កណ្តាលខែឧសភាខាងមុខទើបនឹងមានវ៉ាក់សាំងកូវីដ ជើងថ្មីត្រូវបានដឹកជញ្ជូនមកដល់ប្រទេសកូរ៉េខាងត្បូង។ ដូចនេះហើយ គឺថាប្រសិនបើតាមអត្រានៃការផ្តល់វ៉ាក់សាំងដូចសព្វថ្ងៃដែលមានដល់ទៅជាង ២០ ទៅ ៤០ម៉ឺននាក់ក្នុងមួយថ្ងៃនោះ វ៉ាក់សាំងដែលមានក្នុងស្តុកបច្ចុប្បន្ននេះ គឺនឹងអាចប្រើប្រាស់សម្រាប់ផ្គត់ផ្គង់បានត្រឹមប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។
អ្នកជំនាញផ្នែកជំងឺឆ្លងមួយរូប បានលើកឡើងថាផែនការរដ្ឋាភិបាលបច្ចុប្បន្នដែលចង់សម្រេចចាក់វ៉ាក់សាំងកូវីដជូនប្រជាជនឱ្យបានដល់ ១២លាននាក់ត្រឹមចុងខែមិថុនា គឺហាក់មិនងាយនឹងសម្រេចនោះទេ ហើយដូចនេះរដ្ឋាភិបាលគួរផ្តោតអាទិភាពស្រួចទៅតែមនុស្សវ័យចំណាស់ដែលជាជនងាយរងគ្រោះជាងគេទៅវិញ ហើយសម្រាប់ស្ថានការណ៍បច្ចុប្បន្នអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចម្តងហើយនោះ ក៏ត្រូវផ្តល់ជាអាទិភាពខ្លាំងបំផុតផងដែរ។
យ៉ាងណាមិញ លោកប្រធានាធិបតី មូន ជេអ៊ីន នៅតែបង្ហាញក្តីជឿជាក់ថាផែនការកម្មវិធីចាក់វ៉ាក់សាំងនៅតែនឹងអាចដំណើរការទៅតាមផែនការបានរលូនដដែល ហើយបានបញ្ជាក់ថាចាប់ពីខែឧសភាឥឡូវនេះទៅ វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer នឹងត្រូវធ្វើការផ្គត់ផ្គង់បានជារៀងរាល់សប្តាហ៍ ចំណែកឯវ៉ាក់សាំងរបស់ AstraZeneca ក៏នឹងត្រូវផ្គត់ផ្គត់ចំនួនច្រើនមុនការកំណត់ទៀតផង។ ក្នុងនោះដែរ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង នៅតែបង្ហាញភាពជឿជាក់បំផុត និងថែមទាំងបានលើកឡើងថា ផែនការចាក់វា៉ក់សាំងត្រឹមចុងខែមិថុនានេះ នឹងកើនដល់ទៅ១៣លាននាក់ឯណោះ លើសពីផែនការដើមត្រឹម ១២លាននាក់ទៀតផង។