កូរ៉េខាងត្បូង៖ ក្រុមវិនិយោគិន និងសាធារណជននៅទីក្រុងអានសាន (Ansan) ខេត្តឃ៉្យុងគីដូ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិនិយោគ និងធ្វើទេសចរណ៍មកកម្ពុជា បន្ទាប់ពីវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ លើពិភពលោកត្រូវបានបញ្ចប់។ នេះបើយោងតាមលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ថ្លែងបញ្ជាក់ប្រាប់សារព័ត៌មានភ្នំពេញបុស្តិ៍។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍តាមប្រព័ន្ធអនឡាញពីប្រទេសកូរ៉េនាថ្ងៃទី ២ ខែឧសភានេះ លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា ភាពល្អប្រសើរនៃស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ទំនាក់ទំនងការទូត និងការរៀបចំវេទិកាផ្សព្វផ្សាយពីសក្តានុពល និងកាលានុវត្តភាពរបស់កម្ពុជាដែលស្ថានទូតកម្ពុជារៀបចំធ្វើជាបន្តបន្ទាប់ស្ទើរគ្រប់តំបន់ក្នុងប្រទេសកូរ៉េ បានធ្វើឱ្យលោកមានសុទិដ្ឋិនិយមថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ លើពិភពលោកធូរស្រាល ការធ្វើដំណើរទេសចរណ៍ និងការចូលមកបណ្តាក់ទុនរបស់កូរ៉េនៅក្នុងប្រទេសកម្ពុជាប្រាកដជាមានកំណើនថែមទៀត។
ថ្លែងប្រាប់បែបនេះ ក្រោយពីលោកបានរៀបចំធ្វើបទបង្ហាញក្រោមប្រធានបទ “ហេតុអ្វីជ្រើសរើសកម្ពុជា” លោកឯកអគ្គរាជទូតប្រាប់ថា៖ «ក្រោយពីបញ្ចប់បទបង្ហាញមានសាធារណជន និងវិនិយោគិនជាច្រើនបានជជែកជាមួយខ្ញុំ ដោយពួកគាត់បានលើកឡើងពីបំណងធ្វើដំណើរទៅប្រទេសកម្ពុជាក្នុងពេលឆាប់។ ខ្ញុំក៏បានស្នើសុំពួកគេជួបផ្ទាល់បន្ថែមទៀត ដើម្បីបានចែករំលែកព័ត៌មានពីតំបន់ទេសចរណ៍ជាច្រើននៅកម្ពុជា និងពីសក្ដានុពលវិនិយោគនៅកម្ពុជាផងដែរ»។
យោងតាមលោក ឌីម៉ង់ ទីក្រុងអានសាន គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម កសិកម្ម និងជាតំបន់រោងចក្រឧស្សាហកម្មធំៗនៅក្នុងប្រទេសកូរ៉េ។ បច្ចុប្បន្នក្នុងទីក្រុងនេះមានប្រជាពលករខ្មែរប្រមាណ ៦០០ នាក់កំពុងបម្រើការ ហើយទីក្រុងអានសាននេះ ស្ថិតនៅក្នុងខេត្តឃ្យ៉ុងគីដូ ដែលគឺជាខេត្តស្ថិតនៅជុំវិញរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េ (ប្រៀបដូចខេត្តកណ្តាលនៅជុំវិញរាជធានីភ្នំពេញ)។
សូមបញ្ជាក់ថា ឯកអគ្គរាជទូត ឡុង ឌីម៉ង់ អមដោយមន្ត្រីស្ថានទូតកម្ពុជា បានរៀបចំការធ្វើបទបង្ហាញអំពីសក្តានុពលក្នុងវិស័យវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងវិនិយោគរបស់កម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកនៃសាលាក្រុងអានសាន វិនិយោគិនកូរ៉េ ព្រមទាំងសាធារណជន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ បាននិយាយថា កូរ៉េជាទីផ្សារនាំចេញទំនិញធំមួយរបស់កម្ពុជា ហេតុនេះបើអាចទាក់ទាញវិនិយោគិនកូរ៉េឱ្យចូលមកវិនិយោគផ្ទាល់កាន់តែច្រើននោះ គឺជាការល្អណាស់។
លោកបន្តថា៖ «តាមពិតទៅការវិនិយោគរបស់កូរ៉េនៅកម្ពុជាក្នុងពេលនេះមានច្រើនគួរសម គ្រាន់តែភាគច្រើនមានតែក្នុងវិស័យសំណង់។ បើមានការវិនិយោគលើវិស័យផ្សេងទៀត ពិសេសវិស័យបច្ចេកវិទ្យា គឺជាអ្វីដែលកម្ពុជាចង់បានខ្លាំងនៅពេលនេះ»។
ទិន្នន័យពីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េឱ្យដឹងថា ត្រឹមឆ្នាំ ២០២០ មានក្រុមហ៊ុនកូរ៉េប្រមាណ ១២៦៣ កំពុងវិនិយោគនៅកម្ពុជា។ ក្នុងនោះមានក្រុមហ៊ុនធំៗប្រមាណ ២២៧ ដែលមានទំហំទឹកប្រាក់វិនិយោគជាង ៥ ០០០ លានដុល្លារ ហើយភាគច្រើនវិនិយោគលើវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
ដកស្រង់ និងប្រែសម្រួលពី៖ សារព័ត៌មានភ្នំពេញបុស្តិ៍