កូរ៉េខាងជើង រិះគន់មិនសំចៃមាត់ ទៅនឹងរបាយការណ៍សហរដ្ឋអាម៉េរិក ដែលថាវិធានការការពារកូវីដ-១៩ របស់កូរ៉េខាងជើង ជាការរំលោភបំពានសិទ្ធមនុស្សធ្ងន់ធ្ងរ

កូរ៉េខាងជើង៖ នៅព្រឹកថ្ងៃចន្ទនេះ រដ្ឋកុំម្មុយនីស្តកូរ៉េខាងជើងបន្តប្រកាសបញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងការអនុវត្តវិធានការយ៉ាងតឹងរ៉ឹងបំផុត ដើម្បីការពារប្រទេសរបស់ខ្លួនពីជំងឺកូវីដ-១៩ ដែលរដ្ឋកូរ៉េខាងជើងបានដាក់ឈ្មោះឱ្យថា “ជំងឺបិសាច” គឺរយៈពេលមួយថ្ងៃ ក្រោយពេលដែលសហរដ្ឋអាម៉េរិកបានចោទប្រកាន់កូរ៉េខាងជើងថាបានបំពានវិធានការសិទ្ធមនុស្សធ្ងន់ធ្ងរបំផុត ក្នុងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ខ្លួនកន្លងមក។

កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានចេញនូវសេចក្តីថ្លែងការណ៍មួយដែលបានចោទប្រកាន់កូរ៉េខាងជើងថាបានបន្តអនុវត្តវិធានការឃោរឃៅផ្តាច់ការ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយក្នុងវិធានការនោះមានទាំងការ បញ្ជាឱ្យបាញ់សម្លាប់ទៀតផងនៅតាមព្រំដែនរវាងកូរ៉េខាងជើង និងប្រទេសចិន។

ការចោទប្រកាន់បែបនេះរបស់សហរដ្ឋអាម៉េរិកមកលើកូរ៉េខាងជើង បាននាំឱ្យមានការឆ្លើយតបភ្លាមៗដោយក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ ចោទប្រកាន់សហរដ្ឋអាម៉េរិកវិញថាយកវិធានការបិទខ្ទប់ប្រទេសអនុវត្តកន្លងមករបស់សហរដ្ឋអាម៉េរិកទៅវិញទេ ជាការរំលោភបំពានលើសិទ្ធមនុស្ស ហើយថែមទាំងបានចោទប្រកាន់ថាសហរដ្ឋអាម៉េរិកបានមើលងាយទៅលើសេចក្តីថ្លៃថ្នូនៃអំណាចកំពូលនៃថ្នាក់ដឹកនាំកូរ៉េខាងជើង ក្រោមរូបភាពនយោបាយ។

ចុះផ្សាយក្នុងសារព័ត៌មាន Rodong Sinmun ដែលជាសារព័ត៌មានរដ្ឋកូរ់េខាងជើង បានបញ្ជាក់ថាកូរ៉េខាងជើងមិនត្រូវភ្លេចខ្លួនពីមេរោគបិសាចកូវីដ-១៩នេះទេ ដែលនៅតែបន្តកំពុងឆ្លងរាតត្បាតគ្រ​ប់ទីកន្លែងទូទាំងពិភពលោក និងដែលបានឆាបឆក់ជីវិតមនុស្សរាប់លាននាក់ទៅហើយនោះ ហើយកូរ៉េខាងជើងក៏បានបន្តអនុវត្តនូវវិធានការគម្លាតសង្គមយ៉ាងតឹងរ៉ឹងបំផុតផងដែរ រួមមានការតម្រូវឱ្យពាក់ម៉ាស់ វាស់សីតុណ្ហភាព និងលាងដៃគ្រប់ពេលវេលា ជាពិសេសនៅតាមតំបន់ជាប់នឹងព្រំដែន ដែលប្រសិនមានលទ្ធផលវិជ្ជមាន នឹងអាចឈានដល់ការសម្រាលការរឹតត្បិតនាពេលខាងមុខនេះ។

ទោះជាយ៉ាងណា កូរ៉េខាងជើងមិនបានបញ្ជាក់ពីវិធានការណាមួយ ដែលរួមមានទាំងការបញ្ជាឱ្យបាញ់សម្លាប់ទៀតផងនៅតាមព្រំដែនដូចទៅនឹងការលើកឡើងរបស់សហរដ្ឋអាម៉េរិកនោះឡើយ ហើយគិតមកដល់ពេលនេះ កូរ៉េខាងជើងមិនទាន់មានការរាយការណ៍ពីករណីវិជ្ជមានណាមួយឡើយនៃជំងឺកូវីដ-១៩ នោះដែរ។

Leave a Reply

Your email address will not be published. Required fields are marked *