លោកទូត ឡុង ឌីម៉ង់ អញ្ជើញជាអធិបតីក្នុង ការចុះអនុស្សរណៈសហប្រតិបត្តិការវិស័យអប់រំថ្មី រវាងសមាគមនិស្សិតខ្មែរនៅកូរ៉េ និងមជ្ឈមណ្ឌលជួយជនបរទេសកូរ៉េ

កូរ៉េខាងត្បូង៖ អនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យអប់រំ និងវប្បធម៌ ថ្មីមួយទៀតត្រូវបានសម្រេចចុះហត្ថលេខាដោយសមាគមនិស្សិតខ្មែរនៅកូរ៉េ និងមជ្ឈមណ្ឌលជួយជនបរទេសកូរ៉េ (KFAC) ដែលដើរតួជាស្ថាប័នការទូតសាធារណៈ ក្រោមអធិបតីភាពលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត នៅស្ថានទូតកម្ពូជាប្រចាំទីក្រុងសេអ៊ូល នារសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ម្សិលមិញនេះ។

តាមរយៈការចែករំលែកក្នុងទំព័រហ្វេសប៊ុក អនុស្សរណៈនេះត្រូវបានទទួលការសម្របសម្រួលជាបន្តបន្ទាប់ពីសំណាក់ ក្រុមការងារនិស្សិតរបស់ស្ថានទូត និងលោកស្រី IM Ju Yeon ( Juliana) ប្រធានក្រុមហ៊ុន Bridge Worldwide ហើយអនុស្សរណៈនេះនឹងដើរតួជំរុញលើកកម្ពស់ទំនាក់ទំនងសាធារណៈ និងសក្តានុពលនិស្សិតខ្មែរជាមួយបណ្តាស្ថាប័នឯកជន និងរដ្ឋកូរ៉េ ដើម្បីអោយសមាគមនិស្សិតខ្មែរនៅកូរ៉េ (CSAK) ក្លាយជាសមាគមផ្លូវការ និងមានការរីចម្រើនប្រកបដោយនិរន្តរភាព។ នេះជាសមិទ្ធផលសម្រេចបាន និងជាផ្លែផ្កាថ្មីសម្រាប់វិស័យការទូតវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឡុង ឌីម៉ង់​ ឯកអគ្គរាជទូតក៏បានផ្តាំផ្ញើ និងស្នើអោយស្ថាប័នទាំង២គឺ មជ្ឈមណ្ឌលជួយជនបរទេសកូរ៉េ (KFAC) និងសមាគមនិស្សិតខ្មែរនៅកូរ៉េ (CSAK) ខិតខំពង្រីក និងពង្រឹងនូវសកម្មភាពរបស់ខ្លួន ក្នុងការលើកស្ទួយវិស័យការទូតវប្បធម៌ និងសេដ្ឋកិច្ច ក្នុងចំណោមសាធារណជន វិនិយោគិនទាំងកូរ៉េ និងជាតិសាសន៍ដទៃទៀត នៅក្នុងប្រទេសកូរ៉េ ដើម្បីជាប្រយោជន៍ដល់ប្រជាជន ស្ថាប័ន និងប្រទេសទាំងពីរផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *