“ហេតុអ្វីជ្រើសរើសកម្ពុជា” ប្រធានបទដែលលោក ឡុង ឌីម៉ង់ ធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីសក្តានុពលកម្ពុជា ជូនថ្នាក់ដឹកនាំ និងសាធារណជនកូរ៉េនៅអានសាន

កូរ៉េខាងត្បូង៖ ឯកអគ្គរាជទូត ឡុង ឌីម៉ង់ អមដោយមន្ត្រីស្ថានទូតកម្ពុជា បានរៀបចំការធ្វើបទបង្ហាញអំពីសក្តានុពលក្នុងវិស័យវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងវិនិយោគរបស់កម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកនៃសាលាក្រុងអានសាន វិនិយោគិនកូរ៉េ ព្រមទាំងសាធារណជន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ នេះបើតាមការចែករំលែកនៅក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូត។

ជាផ្នែកមួយនៃការអនុវត្តការទូតសេដ្ឋកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង បទបង្ហាញក្រោមប្រធានបទ “ហេតុអ្វីជ្រើសរើសកម្ពុជា” នេះបានរំលេចធ្វើឲ្យសាធារណជនទូទៅដែលបានស្ដាប់ សរសើរមិនដាច់ពីមាត់ ហើយកោតសរសើរ ជាមួយនឹងសេចក្ដីសោមនស្សជាអនេក ក្នុងការបង្ហាញសក្ដានុពល កាលានុវត្តភាព និងអរិយធម៌ពីប្រទេសកម្ពុជាល្អឥតខ្ចោះ ដោយលោកឯកអគ្គរាជទូត។ បទបង្ហាញនេះ ត្រូវបានរៀបចំធ្វើឡើងនៅសាលពហុវប្បធម៌របស់សាលាក្រុងអានសាន ដោយមានការចូលរួមស្តាប់ពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកនៃសាលាក្រុងអានសាន វិនិយោគិនកូរ៉េ ព្រមទាំងសាធារណជនកូរ៉េនៅក្រុងអានសាន។

ក្រោយពីបញ្ចប់ លោកទូត និងក្រុមការងារ ក៏បានជួបសំណេះសំណាលជាមួយនឹងសាធារណជន និងវិនិយោគិនកូរ៉េមួយចំនួន ដោយពួកគាត់បានលើកឡើងអំពីបំណងធ្វើដំណើរទៅប្រទេសកម្ពុជាឆាប់ៗ ហើយចង់ឃើញផ្ទាល់អំពីកម្ពុជា ដែលធ្វើឲ្យគាត់ស្រលាញ់កម្ពុជាយ៉ាងខ្លាំង។ ក្រុមការងារក៏បានស្នើសុំបន្ថែម ទៅសាធារណជនដែលបានជួបផ្ទាល់ និងស្រឡាញ់ប្រទេសកម្ពុជា សូមជួយចែករំលែកព័ត៌មាន តំបន់ទេសចរណ៍ និងសក្ដានុពលរបស់កម្ពុជា ដែលពួកគាត់បានឃើញ និងដឹងក្នុងបទបង្ហាញ ទៅដល់មិត្តភក្ដិ ក្រុមគ្រួសារ និងអ្នកដែលគាត់ស្គាល់ ហើយបើសិនជាមានចម្ងល់ អាចទាក់ទងក្រុមការងារស្ថានទូតបាន។

Leave a Reply

Your email address will not be published. Required fields are marked *