កូរ៉េខាងត្បូង សម្រេចចាក់វ៉ាក់សាំងកូវីដ ជូនប្រជាជនបាន ៣លាននាក់ ត្រឹមខែមេសាតាមផែនការ​ ហើយគ្រោងបង្កើនឱ្យបានច្រើនថែមទៀត ក្នុងខែបន្តបន្ទាប់

កូរ៉េខាងត្បូង៖ គិតត្រឹមរសៀលថ្ងៃព្រហស្បត្តិ៍ ទី២៩ មេសា​ ២០២១នេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងកូវីដជូនប្រជាជនខ្លួនបានដល់លើសតួលេខ ៣លាននាក់ហើយ ជាលទ្ធផលសម្រេចបានក្នុងរយៈពេលនៃកម្មវិធីចាក់វ៉ាក់សាំងកូវីដរយៈពេល ២ ខែកន្លងមកនេះជូនប្រជាជនកូរ៉េខាងត្បូង។

គិតត្រឹមម៉ោង ៣:៣០ នាទីរសៀលថ្ងៃព្រហស្បត្តិ៍ទី ២៩ មេសា ម្សិលមិញនេះ អជ្ញាធរសម្រេចបានចាក់វ៉ាក់សាំងជូនប្រជាជនដល់ ៣,០១២,៦៥៤ នាក់ ប្រហែលជា ៥.៦% នៃចំនួនប្រជាជនសរុបរបស់កូរ៉េខាងត្បូងដែលមានចំនួនជាង ៥២លាននាក់ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង។

សម្រាប់ផែនការធំបន្ទាប់ គឺអជ្ញាធរគ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានដល់១២លាននាក់ត្រឹមចុងខែមិថុនា ព្រមទាំងគ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនក្នុងប្រទេសឱ្យបានច្រើនដល់កម្រិតដែលអាចបង្កើតជាប្រព័ន្ធភាពស៊ាំសហគមន៍ (Herd Immunity) បានផងដែរត្រឹមខែវិច្ឆិកាខាងមុខ។

បើតាមការបញ្ជាក់របស់អជ្ញាធរ ដើម្បីអនុវត្តឱ្យស្របទៅនឹងផែនការដែលបានដាក់ចេញនេះ អជ្ញាធររៀបចំនូវទីតាំងផ្តលវ៉ាក់សាំងដល់ទៅ ៥០ ទីតាំងថែមទៀតក្នុងសប្តាហ៍នេះ ដែលនាំឱ្យទីតាំងចាក់វ៉ាក់សាំងទូទាំងប្រទេសមានដល់ទៅ ២៥៧ ទីតាំងឯណោះ។ ក្នុងនោះដែរ សម្រាប់បច្ចុប្បន្នកូរ៉េខាងត្បូងបានទទួលវ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុន Pfizer និង AstraZeneca តាមការបញ្ជាទិញ និងឧបត្ថម្ភពីកម្មវិធីកូវ៉ាក់ផងនោះ ចំនួន ៤.១២លានដូស ហើយក្នុងរយៈពេលពីខែឧសភា ដល់ខែមិថុនាខាងមុខ វ៉ាក់សាំងកូវីដដល់ទៅ ១៣.៩៧ លានដូសទៀតនឹងត្រូវដឹកជញ្ជូនមកដល់កូរ៉េខាងត្បូង។

កន្លងមក រដ្ឋាភិបាលកូរ៉េខាងត្បូងបានចរចាបញ្ជាទិញពីក្រុមហ៊ុនធំៗ៥គឺ Pfizer, AstraZeneca, Moderna, Johnson Johnson និងNovavax ព្រមទាំងទទួលការផ្គត់ផ្គង់វ៉ាក់សាំងកូវីដពីកម្មវិធីកូវ៉ាក់ផង នូវវ៉ាក់សាំងសរុបដែលអាចផ្តល់ជូនមនុស្សបានដល់ ៩៩លាននាក់ឯណោះ តែក្នុងនោះដែរ អ្វីដែលជាកង្វល់នោះគឹការផ្គត់ផ្គង់ដែលមិនទាន់មានការកំណត់ច្បាស់លាស់ ដែលគិតមកដល់ពេលនេះមានតែក្រុមហ៊ុន Pfizer, AstraZeneca ប៉ុណ្ណោះ ដែលបានកំណត់ច្បាស់លាស់រួចរាល់ចំពោះកាលបរិច្ឆេទដែលវ៉ាក់សាំងនឹងត្រូវផ្គត់ផ្គង់ដល់ប្រទេសកូរ៉េខាងត្បូង។

បញ្ហាជាកង្វល់មួយទៀត គឺបញ្ហាពាក់ព័ន្ធនឹងសុវត្ថិភាពវ៉ាក់សាំង ជាពិសេសគឺការប៉ះពាល់ដែលនាំឱ្យមានការកើតជាកំណកដុំឈាម ក្រោយចាក់វ៉ាក់សាំងរួច ដែលករណីនេះភាគច្រើន​មានចំពោះវ៉ាក់សាំង AstraZeneca ខណៈដែលវ៉ាក់សាំង Johnson Johnson ថ្វីត្បិតតែមិនទាន់មានការផ្គត់ផ្គង់ដល់ប្រទេសកូរ៉េខាងត្បូង តែក៏កំពុងប្រឈមនឹងកង្វល់លើបញ្ហាសុវត្ថិភាពដែលនាំឱ្យបញ្ហាកំណកដុំឈាមនេះផងដែរ។

ឆ្លើយតបទៅនឹងបញ្ហាដែលកំពុងជួបប្រទះទាំងនេះ អជ្ញាធរកូរ៉េខាងត្បូងក៏កំពុងសម្លឹងមើលលទ្ធភាពប្រើប្រាស់វ៉ាក់សាំងដែលផលិតក្នុងស្រុកផងដែរ។ ជាបច្ចុប្បន្នភាពចុងក្រោយនេះ អជ្ញាធរបានបញ្ជាក់វ៉ាក់សាំងផលិតក្នុងស្រុក ២ ប្រភេទកំពុងឆ្លងកាត់ដំណាក់កាលធ្វើតេស្ត ហើយរំពឹងថានឹងអាចប្រើប្រាស់អំឡុងឆ្នាំក្រោយនេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *