ឧបករណ៍ធ្វើតេស្តកូវីដខ្លួនឯង របស់ក្រុមហ៊ុន SD Biosensor ត្រូវដាក់ចែកចាយលក់ក្នុងទីផ្សារនៅកូរ៉េខាងត្បូង ជាផ្លូវការ នៅថ្ងៃនេះហើយ

កូរ៉េខាងត្បូង៖ ឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯង របស់ក្រុមហ៊ុន SD Biosensor ត្រូវបានដាក់ជាផ្លូវការហើយ នៅតាមឱសថស្ថាន និងតាមប្រព័ន្ធអនឡាញនានាទូទាំងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បត្តិ៍នេះ បើតាមការប្រកាសចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯង របស់ក្រុមហ៊ុន SD Biosensor នេះត្រូវដាក់លក់តាមរយៈក្រុមហ៊ុនចែកចាយ គឺក្រុមហ៊ុន Hanmi Pharmaceutical Co ដែលនឹងដាក់លក់ឧបករណ៍នេះនៅតាមទីតាំងឱសថស្ថានចែកចាយនានាទូទាំងប្រទេស និងតាមប្រព័ន្ធអនឡាញក្នុងប្រទេសកូរ៉េខាងត្បូង។ ឧបករណ៍ធ្វើតេស្តកូវីដនេះ ត្រូវបានទទួលការអនុញ្ញាតឱ្យចែកចាយពីអជ្ញាធរសុខាភិបាលជំនាញរបស់កូរ៉េខាងត្បូងកាលពីសប្តាហ៍មុន។

អ្នកដែលទិញឧបករណ៍ធ្វើតេស្តនេះ អាចប្រើប្រាស់ដោយការយកសំណាកពីក្នុងច្រមុះដោយខ្លួនឯង ហើយដាក់លើធ្វើតេស្តលើឧបករណ៍ដែលមានភ្ជាប់មកជាមួយក្នុងប្រអប់។ លទ្ធផលនៃការធ្វើតេស្តនឹងចេញក្នុងរយៈពេលពី ១៥ ទៅ៣០នាទី។

ក្នុងករណីដែលអ្នកធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមានតាមរយៈឧបករណ៍ធ្វើតេស្តនេះ គេត្រូវតម្រូវឱ្យទៅធ្វើតេស្តផ្លូវការជាថ្មីនៅតាមទីតាំងដែលអជ្ញាធរធ្វើតេស្តសំណាកកូវីដ ដើម្បីបញ្ជាក់លទ្ធផលជាផ្លូវការ។ ដូចនេះ ឧបករណ៍នេះអាចជាឧបករណ៍ធ្វើតេស្តជំនួយបន្ថែមសម្រាប់អ្នកប្រើប្រាស់ ដែលសង្ស័យខ្លួនមានអាការៈផ្សេងៗពាក់ព័ន្ធ​នឹងជំងឺកូវីដ អាចធ្វើតេស្តសាកល្បងបានលឿនជាងមុន និងទូលំទូលាយ ងាយស្រួលជាងមុន តែក្នុងករណីដែលវិជ្ជមាន ត្រូវទៅធ្វើតេស្តផ្លូវការដើម្បីបញ្ជាក់។

ចំណែកឯឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯង របស់ក្រុមហ៊ុនមួយផ្សេងទៀតដែលទទួលបានការអនុញ្ញាតលក់ចែកចាយពីអជ្ញាធរសុខាភិបាលជំនាញរបស់កូរ៉េខាងត្បូង ដែរនោះ គឺរបស់ក្រុមហ៊ុន Humasis ដែលនឹងត្រូវចាប់ផ្តើមដាក់លក់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ ដាក់លក់តាមឱសថស្ថាន និងតាមប្រព័ន្ធអនឡាញដូចគ្នា។

សូមបញ្ជាក់ ឧបករណ៍ធ្វើតេស្តកូវីដទាំង ២ ប្រភេទនេះក៏ត្រូវបានអនុញ្ញាតដាក់ឱ្យប្រើប្រាស់នៅតាមបណ្តាប្រទេសនានាមួយចំនួននៅតំបន់អឺរ៉ុបផងដែរ។

ឧបករណ៍ធ្វើតេស្តកូវីដរបស់ក្រុមហ៊ុន​ SD Biosensor

Leave a Reply

Your email address will not be published. Required fields are marked *