កម្ពុជា៖ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤.០% នៅឆ្នាំនេះ និងកើន ៥.៥% ក្នុងឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា នេះបើតាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ។
ក្នុងសេចក្តីប្រកាសនេះ តាមការព្យាករណ៍របស់ខ្លួន នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB លោកស្រី Sunniya Durrani-Jamal បានបញ្ជាក់ដោយសារតែការដាក់ចេញវិធានការឆ្លើយតបយ៉ាងឆាប់រហ័ស របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះករណីថ្មីៗនៃជំងឺកូវីដ ដែលបានកើតឡើង ធនាគារ ADB រំពឹងថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញក្នុងឆ្នាំ២០២១ ហើយដែលកំណើននេះដែរ នឹងជួយបង្កើនប្រាក់ចំណូលគ្រួសារ តែយ៉ាងណាមិញមិនមែនទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ លើគ្រប់វិស័យ និងតំបន់ទាំងអស់។
បើតាមរបាយការណ៍ដដែលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បង្ហាញទស្សនវិស័យថា ក្នុងឆ្នាំ២០២១នេះ ផលិតកម្មឧស្សាហកម្មត្រូវបានគេរំពឹងថានឹងកើនឡើង ៧.១% និងបន្តកើនដល់ ៧.០% ក្នុងឆ្នាំ២០២២ ដោយសារតែការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរ ក៏ដូចជាកំណើននៃឧស្សាហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិក និងកង់។
ចំណែកឯវិស័យកសិកម្មវិញ ត្រូវបានរំពឹងថានឹងកើនឡើងក្នុង ១.៣% ក្នុងឆ្នាំ២០២១ និងបន្តកើន ១.២% ក្នុងឆ្នាំ២០២២ខាងមុខ ដោយសារតែការកើនឡើងនៃផលិតផលកសិកម្ម បន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃវារីវប្បកម្ម និងការហក់ឡើង នៃការនាំចេញផលិតផលកសិកម្ម ទៅកាន់ប្រទេសចិនជាដើម។
រីឯវិស័យសេវាកម្មវិញនឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ ពោលគឺប្រមាណ ៣.៣% ក្នុងឆ្នាំ២០២១ និងបន្តកើនដល់ ៦.២% ក្នុងឆ្នាំ២០២២។ កន្លងមកវិធានការការពារការផ្ទុះឡើងនៃជំងឺកូវីដ នៅក្នុងស្រុកចាប់ពីខែកុម្ភៈឆ្នាំ២០២១នេះមក បានធ្វើអោយសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ ហើយការបន្តរឹតបន្តឹង ដែលរំពឹងថានឹងបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ២០២១ នឹងអាចធ្វើឱ្យវិស័យទេសចរណ៍ មិនអាចចូលរួមចំណែកក្នុងការបង្កើនសកម្មភាពនៃវិស័យសេវាកម្មនោះឡើយ។
ចំណែកឯវិស័យអចលនទ្រព្យត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញ ក្រោយពីបានធ្លាក់ចុះកាលពីឆ្នាំកន្លងទៅ ដែលសម្រាប់វិស័យឧស្សាហកម្មសំណង់ក៏នឹងមាននិន្នាការប្រហាក់ប្រហែលគ្នានេះដែរ។
ជាមួយនឹងការកើនឡើងនេះ លោកស្រីនាយិកាប្រចាំប្រទេសកម្ពុជា ក៏បានបញ្ជាក់ថា “ល្បឿនមិនស្មើគ្នានៃការងើបឡើងនៃវិស័យនានា នឹងបន្តជាសម្ពាធលើគ្រួសារ និងក្រុមហ៊ុនមួយចំនួន នៅឆ្នាំនេះ ដែលនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចជាមួយ មានការយឺតយ៉ាវ” ដែលក្នុងកាលៈទេសៈនេះរដ្ឋាភិបាលកម្ពុជាគួរពិនិត្យមើលឱ្យបានច្បាស់ទៅលើហានិភ័យចម្បងនានាដែលអាចនឹងកើតឡើង ហើយក៏ត្រូវរក្សាជំហរគោលនយោបាយសារពើពន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយផងដែរ។