ចែករំលែក! ចាប់ពីដើមខែឧសភានេះទៅ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅកូរ៉េខាងត្បូងរួចរាល់ នឹងមិនចាំបាច់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ ទៀតនោះទេ

កូរ៉េខាងត្បូង៖ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញរួចរាល់នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងត្រូវលើកលែងមិនចាំបាច់ធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនោះទេ ចាប់ពីដើមខែឧសភាខាងមុខនេះទៅ នេះបើតាមការបញ្ជាក់ថ្មីចុងក្រោយរបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមវិធានការដែលទើបនឹងប្រកាសថ្មីនេះ អ្នកណាដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងរួចរាល់ មានន័យថាចាក់បានទាំងពីរដូស សម្រាប់វ៉ាក់សាំងដែលតម្រូវឱ្យចាក់ពីរដូស និងចាក់បានមួយដូស សម្រាប់វ៉ាក់សាំងដែលតម្រូវឱ្យចាក់តែមួយដូស ដែលអ្នកទាំងនេះនឹងទទួលបានការលើកលែងមិនចាំបាច់ធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្នុងករណីដែលបានប៉ះពាល់ជាមួយនឹងអ្នកកើតកូវីដ ឬនៅពេលដែលមកពីប្រទេសក្រៅវិញ ប្រសិនបើករណីដែលពួកគេធ្វើតេស្តកូវីដទៅ មានលទ្ធផលអវិជ្ជមាន។

សម្រាប់វិធានការបច្ចុប្បន្ន អ្នកដែលបានមានទំនាក់ទំនងជាមួយអ្នកដែលរកឃើញថាវិជ្ជមានកូវីដ នឹងត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ដូចគ្នាទៅនឹងអ្នកដែលទើបនឹងចូលមកដល់ប្រទេសកូរ៉េខាងត្បូង ពីប្រទេសក្រៅផងដែរ។

វិធានការថ្មីនេះនឹងអនុវត្តចាប់ពីថ្ងៃទី ៥ ឧសភា ២០២១ខាងមុខនេះទៅ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដក្នុងប្រទេសកូរ៉េខាងត្បូងរួចរាល់ មិនប្រកាន់ថាជាជនជាតិអ្វីនោះទេ តែត្រូវមានលក្ខខណ្ឌមួយគឺទាល់តែអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុងបានរយៈពេល ២សប្តាហ៍ហើយ ទើបវិធានការនេះមានប្រសិទ្ធភាពអនុវត្តបាន។ តែបើទោះជាមិនចាំបាច់ធ្វើចត្តាឡីស័ក អ្នកដែលបានចាក់វ៉ាក់សាំងរួច តែបានប៉ះពាល់ជាមួយអ្នកកើតកូវីដ ឬទើបមកពីប្រទេសក្រៅទាំងនេះ នឹងត្រូវតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃ ហើយតម្រូវឱ្យធ្វើតេស្តកូវីដ ២ដងផងដែរ។

វិធានការនេះដែរ មិនមានប្រសិទ្ធភាពអនុវត្តចំពោះអ្នកដែលបានចាក់វ៉ាក់សាំងកូវីដនៅប្រទេសដទៃនោះទេ ជាពិសេសអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុននានាដែលអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង មិនទាន់ទទួលស្គាល់ ដូចជាវ៉ាក់សាំងកូវីដ Sputnik V របស់រុស្ស៊ី និងវ៉ាក់សាំងដទៃទៀតផងដែរ។ គិតមកដល់ពេលនេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានទទួលស្គាល់វ៉ាក់សំាងកូវីដ ៣ ប្រភេទមាន Pfizer, AstraZeneca និង Johnson & Johnson ខណៈដែលវ៉ាក់សាំងកូវីដ Moderna និង Novavax ដែលកូរ៉េខាងត្បូងបានបញ្ជាទិញដែរនោះ មិនទាន់ទទួលបានការអនុញ្ញាតជាផ្លូវការនោះទេ។

អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ពីគ្រោងការក្នុងការទទួលស្គាល់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ពីប្រទេសដទៃទៀត ដើម្បីអាចទទួលបានសិទ្ធលើកលែងមិនចាំបាច់ធ្វើចត្តាឡីស័កនេះដែរ ដោយកូរ៉េខាងត្បូងនិងធ្វើការចរចា និងរៀបចំកិច្ចព្រមព្រៀងទទួលស្គាល់ជាមួយបណ្តាប្រទេសដទៃទៀត។

យ៉ាងណាមិញ ផែនការលម្អិតអំពីវិធានការលើកលែងចត្តាឡីស័កនេះ នឹងត្រូវប្រកាសចេញលម្អិតនៅថ្ងៃព្រហស្បត្តិ៍ស្អែកនេះ ហើយក្នុងនោះដែរ វិធានការនេះនឹងមិនអនុវត្តចំពោះអ្នកដែលធ្វើដំណើរមកពីប្រទេសដែលរងការប៉ះពាល់ដោយជំងឺកូវីដ ប្រភេទមេរោគបម្លែងខ្លួនថ្មីខ្លាំង ដូចជាប្រទេសប្រេស៊ីល និងអាហ្វ្រិកខាងត្បូងនោះទេ។

សម្រាប់ការអនុវត្តបច្ចុប្បន្ន អ្នកដែលធ្វើដំណើរចូលមកពីប្រទេសអង់គ្លេស ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ត្រូវធ្វើចត្តាឡីស័កនៅទីតាំងរដ្ឋាភិបាលសិន រហូតដល់ធ្វើតេស្តកូវីដលើកដំបូងវិជ្ជមាន ទើបអាចចេញទៅទីតាំងដែលខ្លួនបានរៀបចំ ដើម្បីធ្វើចត្តាឡីស័កបន្ត ១៤ថ្ងៃទៀត។

គិតមកដល់ថ្ងៃពុធនេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងកូវីដជូនប្រជាជនខ្លួនបានចំនួន ២,៥៨៦,៧៦៩ នាក់ហើយ​ និងគ្រោងចាក់បន្តជូនប្រជាជនឱ្យបានដល់ ១២លាននាក់ ត្រឹមខែមិថុនា ឆ្នាំ២០២១នេះ។

Leave a Reply

Your email address will not be published. Required fields are marked *