ឧបករណ៍ធ្វើតេស្តកូវីដខ្លួនឯង ២ ប្រភេទ នឹងមានដាក់លក់តាមឱសថស្ថាន និងតាមអនឡាញនានា ក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ពីសប្តាហ៍ក្រោយនេះហើយ

កូរ៉េខាងត្បូង៖ ឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯង (coronavirus self-test kits) នឹងមានដាក់លក់នៅតាមឱសថស្ថាននានាក្នុងស្រុក ឬដាក់លក់តាមប្រព័ន្ធអនឡាញ ដើម្បីអាចឱ្យគេទិញយកទៅប្រើប្រាស់ធ្វើតេស្តបានចាប់ពីដើមសប្តាហ៍ក្រោយនេះទៅ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនដែលផលិតឧបករណ៍ធ្វើតេស្តនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ក្រុមហ៊ុនវេជ្ជសាស្រ្តក្នុងស្រុក ២ ត្រូវបានផ្តល់ភ្លើងខៀវអនុញ្ញាតឱ្យផលិត ចែកចាយ និងដាក់ឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯង ដែលនឹងមានដាក់លក់នៅតាមបណ្តាឱសថស្ថាននានាក្នុងស្រុក ឬដាក់លក់តាមប្រព័ន្ធអនឡាញចាប់ពីសប្តាហ៍ក្រោយនេះទៅ។ ក្រុមហ៊ុនទាំងពីរនោះមានក្រុមហ៊ុន SD Biosensor និងក្រុមហ៊ុន Humasis។

ក្រុមហ៊ុន Humasis បានបញ្ជាក់ថាឧបករណ៍ធ្វើតេស្តកូវីដរបស់ខ្លួន នឹងដាក់លក់តម្លៃពី ៩,០០០វ៉ុន ទៅ១០,០០០ វ៉ុន ក្នុងមួយកញ្ចប់ឧបករណ៍ធ្វើតេស្ត និងចាប់ផ្តើមដាក់លក់តាមបណ្តាឱសថស្ថាននានាក្នុងស្រុក ឬដាក់លក់តាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះទៅ។

ឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯង របស់ក្រុមហ៊ុន Humasis

ខណៈដែលក្រុមហ៊ុន SD Biosensor វិញ បានបញ្ជាក់ថាឧបករណ៍ធ្វើតេស្តកូវីដរបស់ខ្លួន នឹងត្រូវផ្គត់ផ្គង់ដាក់លក់ក្នុងទីផ្សារតាមរយៈតំណាងចែកចាយចំនួន ២ ដែលនឹងចាប់ផ្តើមចែកចាយលក់ចាប់ពីដើមសប្តាហ៍ក្រោយនេះទៅ តែសម្រប់តម្លៃវិញ ក្រុមហ៊ុនកំពុងពិភាក្សាជាមួយតំណាងចែកចាយរបស់ខ្លួនថាគួរលក់នៅក្នុងតម្លៃណា ដែលនាយកប្រតិបត្តិក្រុមហ៊ុន SD Biosensor បញ្ជាក់បន្ថែមថា តម្លៃផ្លូវការអាចនឹងត្រូវបានបញ្ជាក់ជូននៅថ្ងៃនេះ ឬថ្ងៃព្រហស្បត្តិ៍ស្អែក។

ឧបករណ៍ធ្វើតេស្តកូវីដរបស់ក្រុមហ៊ុន​ SD Biosensor

សម្រាប់អជ្ញាធរសុខាភិបាលវិញបញ្ជាក់ពីតម្លៃរំពឹងទុកថា តម្លៃលក់រាយនៃឧបករណ៍ធ្វើតេស្តកូវីដទាំងនេះ អាចប្រហែលជាមានតម្លៃ ១០,០០០វ៉ុន ដោយសារតែថ្លៃផលិតចេញពីរោងចក្រ សម្រាប់ឧបករណ៍មួយមានតម្លៃប្រហែលជាង ៧,០០០វ៉ុនទៅហើយ។

ឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯងនេះ អាចប្រើបានជាឧបករណ៍ធ្វើតេស្តបន្ទាប់បន្សំ ដោយសារតែលទ្ធផលមានកម្រិតភាពច្បាស់លាស់ទាបជាងការធ្វើតេស្តដោយយកសំណាកពីគ្រូពេទ្យជំនាញ ដែលអជ្ញាធរសុខាភិបាលកំពុងអនុវត្តសព្វថ្ងៃ។ ថ្វីត្បិតតែ ឧបករណ៍ធ្វើតេស្តនេះមិនសូវជាមានលទ្ធផលប្រាកដច្បាស់ដូចទៅនឹងការធ្វើតេស្តដោយគ្រូពេទ្យ តែគេអាចប្រើវាជាការធ្វើតេស្តសាកល្បង ហើយមានល្បឿនលឿន។ អ្នកប្រើប្រាស់គ្រាន់តែយកសំណាកពីក្នុងច្រមុះដោយខ្លួនឯង និងដាក់ពិនិត្យលើឧបករណ៍ នោះលទ្ធផលនឹងចេញក្នុងរយៈពេលពី ១៥ ទៅ២០នាទី។

ឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯងទាំងពីរប្រភេទនេះ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងប្រទេសមួយចំនួនទៀតផងដែរ ហើយប្រទេសមួយចំនួននៅអឺរ៉ុបក៏កំពុងតែដាក់ឧបករណ៍នេះឱ្យប្រើប្រាស់ក្នុងប្រទេសខ្លួនផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *