បងប្អូនកូរ៉េទាំងពីរ ប្រឈមនឹងការកើនឡើងកម្តៅជាថ្មី ក្រោយយោធាកូរ៉េខាងជើងផ្តាច់ប្រព័ន្ធទូរស័ព្ទទំនាក់ទំនងជាមួយយោធាកូរ៉េខាងត្បូង

សេអ៊ូល៖ នារសៀលថ្ងៃអង្គារម្សិលមិញ យោធាកូរ៉េខាងជើងមិនទទួលប្រព័ន្ធទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ពីកូរ៉េខាងត្បូង ក្រោយពីខ្លួនបានគម្រាមថានឹងផ្តាច់ប្រព័ន្ធទំនាក់ទំនងទាំងស្រុងកាលពីថ្ងៃអង្គារម្សិលមិញ។

ការកើនឡើងកម្តៅថ្មីនេះ កើតឡើងក្រោយពីរបបកូរ៉េខាងជើងបានតវ៉ាដោយខឹងសម្បារ តែមិនទទួលបានផ្លែផ្កា មកភាគីកូរ៉េខាងត្បូងឱ្យបញ្ឈប់ភ្លាមៗនូវការផ្ញើ ឬបង្ហោះខិតប័ណ្ណឃោសនាប្រឆាំងទីក្រុងព្យុងយ៉ាង ចូលទៅក្នុងទឹកដីកូរ៉េខាងជើង។ របបកូរ៉េខាងជើងបានព្រមានផងដែរថា ការកាត់ផ្តាច់ទំនាក់ទំនងនេះ គ្រាន់ជាដំណាក់កាលដំបូងប៉ុណ្ណោះ ក្នុងការកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងទាំងស្រុងជាមួយកូរ៉េខាងត្បូង ដែលរបបទីក្រុងព្យុងយ៉ាងបានចាត់ទុកថាជា «សត្រូវ»។ លើសពីនោះទៀត កូរ៉េខាងជើងក៏បានព្រមានថានឹងបញ្ឈប់រាល់គម្រោងរួមគ្នារវាងកូរ៉េទាំងពីរផងដែរ ដូចជាគម្រោងសាងសង់សួនឧស្សាហកម្មរួមគ្នានៅតំបន់ព្រំដែនជាដើម។

សូមបញ្ជាក់ថា មធ្យោបាយប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍រវាងកូរ៉េទាំងពីរនេះ ត្រូវបានរៀបចំឱ្យមានដំណើរការឡើងវិញតាំងពីឆ្នាំ២០១៨ ដើម្បីបង្ការកុំឱ្យមានការប៉ះពារគ្នាដោយអាវុធពីសំណាក់យោធាទាំងសងខាងដោយការយល់ច្រលំណាមួយ ហើយជាទូទៅក្នុងមួយថ្ងៃភាគីយោធាទាំងពីរទំនាក់ទំនង ២ដង គឺពេលព្រឹកនៅម៉ោង ៩ ព្រឹក និងរសៀល នៅម៉ោង ៤ រសៀល។

សម្រាប់ការប៉ះទង្គិចនេះ សហរដ្ឋអាមេរិកតាមរយៈអ្នកនាំពាក្យក្រសួងការបរទេស បានបង្ហាញការសោកស្តាយចំពោះសកម្មភាពកូរ៉េខាងជើង ដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងអន្តរកូរ៉េទាំងពីរ ហើយបន្តជម្រុញឱ្យកូរ៉េខាងជើងងាកមករកការចរចារ និងទំនាក់ទំនងតាមការទូតបន្តទៀត។

 

 

Leave a Reply

Your email address will not be published. Required fields are marked *