អជ្ញាធរកូរ៉េខាងត្បូង បដិសេធពាក្យចចាមអារ៉ាម ដែលថារដ្ឋាភិបាល នឹងអនុញ្ញាតឱ្យប្រជាជន ជ្រើសរើសប្រភេទវ៉ាក់សាំងកូវីដដើម្បីចាក់ ដោយខ្លួន​ឯង

កូរ៉េខាងត្បូង៖ បើទោះបីជាកូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំងកូវីដពីក្រុមហ៊ុនធំៗដល់ទៅ ៥ ដែលអាចផ្គត់ផ្គង់ជូនប្រជាជនបានដល់ទៅ​៩៩លាននាក់ក៏ដោយ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅតែប្រកាន់គោលការណ៍មិនឱ្យប្រជាជនធ្វើការជ្រើសរើសវ៉ាក់សាំងដើម្បីចាក់ដោយខ្លួនឯងនោះឡើយ តាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times កាលពីថ្ងៃទី ២៦ មេសា ២០២១កន្លងទៅ។

ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលលេចឡើងថា ប្រជាជននឹងអាចធ្វើការជ្រើសរើសវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនណាមួយ ដើម្បីចាក់បាន មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) ដែលជាអជ្ញាធរគ្រប់គ្រងលើការចាក់វ៉ាក់សាំងនៅកូរ៉េខាងត្បូង បានបញ្ជាក់ជាថ្មីថាប្រជាជននឹងមិនអាចធ្វើការជ្រើសរើសវ៉ាក់សាំងដែលខ្លួនចង់ចាក់បានតាមចិត្តខ្លួនឯងនោះទេ ដោយអជ្ញាធរជំនាញជាអ្នកជ្រើសរើសប្រភេទវ៉ាក់សាំងសមស្របសម្រាប់អ្នកដែលមកចាក់វ៉ាក់សាំងទាំងអស់គ្នា។

អជ្ញាធរជំនាញបានផ្តល់ការពន្យល់បន្ថែមថា ដើម្បីអាចធានាឱ្យកម្មវិធីចាក់វ៉ាក់សាំង ការបែងចែកវ៉ាក់សាំង អាចធ្វើទៅបានលឿន រហ័ស និងមានប្រសិទ្ធភាព អជ្ញាធរនឹងធ្វើការកំណត់ប្រភេទវ៉ាក់សាំងជូនដល់ក្រុមជនអាទិភាពដែលនឹងត្រូវមកទទួលចាក់វ៉ាក់សាំងតាមការជូនដំណឹងរបស់រដ្ឋាភិបាល ជាជាងការអនុញ្ញាតឱ្យប្រជាជនធ្វើការជ្រើសរើសវ៉ាក់សាំងដោយខ្លួនឯង។ ដូចនេះមានន័យថា គោលការណ៍អនុវត្តនៃកម្មវិធីចាក់វ៉ាក់សាំងគឺនៅដដែល ដោយអជ្ញាធរជំនាញនឹងចាត់ចែងផ្ទាល់លើការបែងចែកវ៉ាក់សាំងសម្រាប់ក្រុមជនអាទិភាពទទួលវ៉ាក់សាំងទាំងអស់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងមក កូរ៉េខាងត្បូងបញ្ជាទិញវ៉ាក់សាំងកូវីដពីក្រុមហ៊ុនចំនួន មានដូចជាក្រុមហ៊ុន Pfizer, AstraZeneca, Moderna, Novavax និង Johnson & Johnson សរុបសម្រាប់មនុស្ស៨៩លាននាក់ ហើយក៏ទទួលបានពីកម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោកសម្រាប់មនុស្ស ១០លាននាក់ផងដែរ ដែលចំនួននៃវ៉ាក់សាំងដ៏ច្រើននេះហើយ ដែលបង្កឱ្យមានជាពាក្យចចាមអារ៉ាមថ្មីៗនេះ ថារដ្ឋាភិបាលនឹងបើកអនុញ្ញាតឱ្យប្រជាជនជ្រើសរើសវ៉ាក់សាំងកូវីដដែលខ្លួនពេញចិត្ត ដើម្បីអាចលើកទឹកចិត្តឱ្យប្រជាជនយល់ព្រមមកចាក់វ៉ាក់សាំងឱ្យបានកាន់តែច្រើនទូទាំងប្រទេសនោះ។

Leave a Reply

Your email address will not be published. Required fields are marked *