អត្តពលិកកូរ៉េខាងត្បូង ត្រៀមទៅប្រកួតកីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងកូវីដអាទិភាពពីសប្តាហ៍នេះទៅហើយ

កូរ៉េខាងត្បូង៖ អត្តពលិកកូរ៉េខាងត្បូងត្រៀមចេញទៅប្រកួតកីឡាអូឡាំពិករដូវក្តៅនៅតូក្យូ នឹងអាចចាប់ផ្តើមទទួលបានវ៉ាក់សាំងកូវីដ ជាជនអាទិភាពចាប់ពីសប្តាហ៍នេះទៅ បើតាមការបញ្ជាក់របស់គណៈកម្មការកីឡាកូរ៉េខាងត្បូងនៅថ្ងៃអង្គារម្សិលមិញនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

កីឡាករ និងគ្រូបង្វឹកកូរ៉េខាងត្បូងប្រមាណ១០០នាក់ ដែលនឹងត្រូវទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅនៅតូក្យូននាប៉ុន្មានខែខាងមុខនេះ នឹងទទួលបានចាក់វ៉ាក់សាំងកូវីដនៅថ្ងៃព្រហស្បត្តិ៍នេះ ខណៈដែលកីឡាករ និងគ្រូបង្វឹកដទៃទៀតជាង៥០០នាក់ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដត្រឹមថ្ងៃទី៤ ខែឧសភាខាងមុខ ដែលពួកគេនឹងទទួលបានវ៉ាក់សាំង Pfizer។ ហើយក្នុងនោះដែរ ក្រុមមន្ត្រីកីឡា និងដៃគូហ្វឹកហាត់ ប្រមាណជាង ៣៣០នាក់ទៀត ក៏នឹងត្រូវរៀបចំឱ្យបានទទួលវ៉ាក់សាំងកូវីដរបស់ AstraZeneca ក្នុងអំឡុងខែឧសភា និងមិថុនាខាងមុខនេះដែរ។

សូមបញ្ជាក់ថា កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២១នេះនឹងត្រូវចាប់ផ្តើមរៀបចំឡើងនៅក្នុងទីក្រុងតូក្យូ ពីថ្ងៃទី២៣ កក្កដា រហូតដល់ថ្ងៃទី៨ សីហាខាងមុខ ដែលព្រឹត្តិការណ៍កីឡាដ៏ធំនេះត្រូវបានពន្យារពេលម្តងមកហើយ តាំងពីឆ្នាំ២០២០ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ។

បើតាមលក្ខន្តិកៈនៃកីឡាអូឡាំពិកលើកនេះ ការចាក់វ៉ាក់សាំងមិនមែនជាតម្រូវការចាំបាច់សម្រាប់អត្តពលិកដែលចូលរួមប្រកួតនោះទេ ប៉ុន្តែសម្រាប់ប្រទេសណាដែលមានវ៉ាក់សាំងគ្រប់គ្រាន់ និងអាចផ្តល់ជូនកីឡាករបស់ខ្លួនជាមុនបាន ជាការប្រសើរ និងត្រូវលើកទឹកចិត្តពីគណៈកម្មការរៀបចំ។

Leave a Reply

Your email address will not be published. Required fields are marked *