កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងអាចនឹងដាក់ចេញនូវច្បាប់ថ្មីកែសម្រួលលើប្រព័ន្ធនៃការដាក់ឈ្មោះពីម្តាយឪពុកឱ្យទៅកូន ដោយនឹងបើកភ្លើងខៀវអនុញ្ញាតឱ្យអាចដាក់ឈ្មោះកូន ដោយយកនាមត្រកូលទៅតាមម្តាយបានផងដែរ ដែលច្បាប់ថ្មីនេះត្រូវបានស្នើឡើងដោយក្រសួងសមភាពយេនឌឺ និងគ្រួសារកូរ៉េខាងត្បូងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូងនៅថ្ងៃនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Time។
តាមរយៈច្បាប់ដែលស្នើថ្មីនេះ គឺឪពុកម្តាយនឹងអាចជ្រើសរើសនាមត្រកូលដាក់ឱ្យកូន ដែលអាចដាក់តាមនាមត្រកូលឪពុក ឬក៏នាមត្រកូលម្តាយក៏បាន នៅពេលដែលចុះបញ្ជីកំណើតរបស់កូនខ្លួន។ បើតាមច្បាប់ដែលមានកំពុងអនុវត្តសព្វថ្ងៃនេះ កូនដែលកើតមកត្រូវយកនាមត្រកូលទៅតាមឪពុកបង្កើតរបស់ខ្លួន ឬក្នុងករណីលើកលែង ដែលភាគីឪពុកម្តាយអាចយល់ព្រមគ្នាមុន ដោយឱ្យយកនាមត្រកូលតាមម្តាយសម្រាប់ដាក់ឱ្យកូន នៅពេលដែលពួកគេចុះលិខិតអាពាហ៍ពិពាហ៍។
ក្រសួងសមភាពយេនឌឺ និងគ្រួសារកូរ៉េខាងត្បូងបានបញ្ជាក់ថា បញ្ហាដែលជួបប្រទះក្នុងការអនុវត្តនូវច្បាប់ដូចដែលមានសព្វថ្ងៃនេះ គឺមានបញ្ហាចន្លោះប្រហោងចំពោះការកើនឡើងនៃស្ថានភាពប្រភេទគ្រួសារមួយចំនួន ដូចជាស្រ្តីដែលមានកូនមិនទាន់រៀបការជាដើមនោះ។
ច្បាប់ថ្មីទាក់ទងនឹងការអនុញ្ញាតឱ្យយកនាមត្រកូលតាមម្តាយនេះ ត្រូវបានទទួលការអនុញ្ញាតហើយក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃអង្គារនេះ ដែលច្បាប់នេះដែរគឺជាផ្នែកមួយនៃការកែសម្រួលច្បាប់ក្នុងផែនការរយៈពេល ៥ឆ្នាំ ដើម្បីកែសម្រួលក្របខណ្ឌច្បាប់នានាពាក់ព័ន្ធនឹងគ្រួសារកូរ៉េខាងត្បូង។ ក្នុងក្របខណ្ឌនៃច្បាប់ ដែលគ្រោងនឹងកែសម្រួលថ្មីនោះ គឺការគ្រោងកែសម្រួលលើនិយមន័យនៃពាក្យ “គ្រួសារ” ដែលរដ្ឋាភិបាលកូរ៉េគ្រោងនឹងកែឱ្យសមស្រប និងឆ្លុះបញ្ចាំងទៅនឹងស្ថានភាពជាក់ស្តែងនៃសង្គមរបស់ខ្លួនសព្វថ្ងៃ ដែលមានប្រភេទថ្មីៗនៃគ្រួសារលេចឡើង ដូចជាដៃគូស្នេហាដែលរស់នៅជាមួយគ្នាមិនរៀបការ ស្ត្រីដែលមានកូន និងចិញ្ចឹមកូនតែឯង និងអ្នកដែលមិនរៀបការផងដែរ។
ជាមួយនឹងការលេចឡើងនូវបែបបទនៃការរស់នៅក្នុងទម្រង់ថ្មីបែបនេះហើយ ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងធ្វើការកែសម្រួលលើនិយមន័យផ្លូវច្បាប់នៃពាក្យថា “គ្រួសារ” ដើម្បីឱ្យអ្នកទាំងនោះអាចទទួលបានការគាំពារ និងអត្ថប្រយោជន៍ស្របច្បាប់នានាពីរដ្ឋាភិបាលដូចទៅនឹងក្រុមគ្រួសារបែបប្រពៃណី ដែលសំដៅដល់ដៃគូប្រុសស្រី ដែលបានរៀបការជាមួយគ្នា ដែរ។
បើតាមទិន្នន័យរដ្ឋាភិបាល ក្នុងឆ្នាំ២០១៩ ចំនួននៃអ្នកដែលមិនទាន់រៀបការនៅលីវ ហើយរស់នៅតែឯង បានកើនឡើងរហូតដល់ទៅ៣០% គឺស្មើទៅនឹងចំនួនគ្រួសារ ដែលកំណត់ទៅតាមនិយមន័យនៃច្បាប់សំដៅដល់អ្នករៀបអាពាហ៍ពិពាហ៍ មានកូន មានចៅនោះ ដែលបានធ្លាក់ចុះពី ៣៧% នៅឆ្នាំ២០១០ មកនៅត្រឹម៣០% ក្នុងឆ្នាំ២០១៩នេះដែរ។ ទំនោរបែបនេះហើយ ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងពិនិត្យឡើងវិញនៃនិយមន័យផ្លូវច្បាប់នៃពាក្យថាគ្រួសារ ធ្វើយ៉ាងណាអាចឱ្យពួកគេទាំងអស់នោះទទួលបានការគាំពារតាមផ្លូវច្បាប់ និងកាត់បន្ថយការរើសអើងពីសង្គមផងដែរ។