កូរ៉េខាងត្បូង៖ រសៀលថ្ងៃអង្គារនេះ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បានជួបពិភាក្សាការងារផ្ទាល់ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនវេជ្ជសាស្រ្តអាម៉េរិកដែលផលិតវ៉ាក់សាំងកូវីដ Novavax ដោយបានបញ្ជាក់ពីក្តីសង្ឃឹមថាវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Novavax ដែលកូរ៉េខាងត្បូងបានបញ្ជាទិញកន្លងមក នឹងអាចបញ្ជូនមកដល់ក្នុងប្រទេសកូរ៉េខាងត្បូង ឆាប់ៗកាន់តែឆាប់កាន់តែល្អ នេះបើតាមសារព័ត៌មាន Yonhap News។
ក្នុងជំនួបនៅឯវិំមានប្រធានាធិបតីកូរ៉េខាងត្បូងនេះ លោកប្រធានាធិបតី បានប្រាប់ទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន Novavax លោក Stanley Erck ថាប្រជាជនកូរ៉េខាងត្បូងបានផ្ញើក្តីសង្ឃឹមមុតមាំលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax នេះ ដោយវ៉ាក់សាំងនេះមានភាពពិសេសសម្រាប់ប្រជាជនកូរ៉េខាងត្បូងផងដែរ ដោយសារក្រុមហ៊ុនវ៉ាក់សាំង Novavax នេះបានចុះកិច្ចសន្យាសហការជាមួយក្រុមហ៊ុនវេជ្ជសាស្រ្តក្នុងស្រុក SK Bioscience ដើម្បីអាចឱ្យក្រុមហ៊ុន SK Bioscience ក្នុងស្រុកនេះទទួលសិទ្ធផ្តាច់មុខក្នុងការយកមកផ្តល់ជូនប្រជាជនកូរ៉េខាងត្បូងនេះ។ វ៉ាក់សាំងដែលក្រុមហ៊ុន Novavax សហការជាមួយក្រុមហ៊ុនក្នុងស្រុកនេះ នឹងត្រូវតម្លើងផលិតនៅក្នុងរោងចក្រផលិតវ៉ាក់សាំងនៅតំបន់អានដុង ខេត្តឃ្យ៉ុងសាន។
លោកប្រធានាធិបតីបញ្ជាក់ថា លោកសង្ឃឹមភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ធ្វើយ៉ាងណាធានាឱ្យវ៉ាក់សាំងកូវីដនេះនឹងអាចផលិតរួចរាល់ និងដឹកបានមកដល់ និងចាក់ជូនប្រជាជនកូរ៉េខាងត្បូងនាពេលឆាប់ៗខាងមុខ។ ក្នុងឱកាសនោះដែរ លោកប្រធានាធិបតីកូរ៉េខាងត្បូងក៏បានបញ្ជាក់ពីភាពងាយស្រួលក្នុងការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax ដែលមានភាពងាយស្រួលក្នុងការទុកដាក់ និងមានរយៈពេលកាលបរិច្ឆេទប្រើប្រាស់រយៈពេលវែងផងដែរ។
សម្រាប់អ្វីដែលរដ្ឋាភិបាលកូរ៉េខាងត្បូងរំពឹងទុកឆាប់ៗនេះគឺ នៅពេលដែលវ៉ាក់សាំង Novavax នេះបានបញ្ចប់ការផលិតរួចរាល់ឆាប់ៗនេះ ដំណើរការផ្តល់អជ្ញាប័ណ្ណអនុញ្ញាតឱ្យប្រើប្រាស់នឹងមានការពន្លឿន ដើម្បីអាចប្រើប្រាស់វ៉ាក់សាំងនេះជូនប្រជាជនខ្លួនឆាប់ៗផងដែរ។ កូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំងកូវីដ Novavax នេះសម្រាប់មនុស្សចំនួន២០លាននាក់ ដែលវ៉ាក់សាំងនេះត្រូវការចាក់ ២ ដូសសម្រាប់មនុស្សម្នាក់។
សូមបញ្ជាក់ថា តាមសេចក្តីជូនដំណឹងចេញដោយក្រុមហ៊ុន Novavax កន្លងមក សម្រាប់ដំណាក់បច្ចុប្បន្នវ៉ាក់សាំងកូវីដ Novavax នេះកំពុងស្ថិតក្នុងធ្វើតេស្តដំណាក់កាលទី៣ (Phase 3 trials) នៅឡើយ ដែលតេស្តធ្វើនៅក្នុងប្រទេសអង់គ្លេសបានបង្ហាញពីប្រសិទ្ធភាពវ៉ាក់សាំង៩៦.៤% ប្រឆាំងនឹងមេរាគកូរ៉ូណាប្រភេទដើម និងប្រសិទ្ធភាព ៨៩.៧% ប្រឆាំងនឹងមេរោគកូរ៉ូណាជារួម និងតេស្តមួយផ្សេងទៀតកំពុងបន្តធ្វើក្នុងសហរដ្ឋអាម៉េរិក និងម៉ិចស៊ិចកូ។