កូរ៉េខាងត្បូង៖ ចំនួនជនបរទេសស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ធ្លាក់ចុះមកនៅក្រោមចំនួន ២លាននាក់ ជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដោយសារតែបញ្ហានៃជំងឺកូវីដ-១៩ នេះបើតាមទិន្នន័យរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសនៅព្រឹកថ្ងៃអង្គារនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
គិតត្រឹមខែមីនាឆ្នាំ២០២១នេះ ចំនួនជនបរទេសសរុបដែលកំពុងស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង មានត្រឹម១.៩៩លាននាក់ គឺធ្លាក់ចុះចំនួន ៩.២% ពីតួលេខកាលពីរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលកាលនោះមានជនបរទេសស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងដល់ទៅជាង ២.២លាននាក់ឯណោះ នេះបើតាមតួលេខចងក្រង និងផ្សព្វផ្សាយដោយក្រសួងយុត្តិធម៌កូរ៉េខាងត្បូង។
តួលេខនេះបង្ហាញថាជាលើកដំបូងហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គឺចាប់តាំងពីឆ្នាំ២០១៥មក ចំនួនជនបរទេសស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះមកនៅក្រោមចំនួន ២លាននាក់ ជាលើកដំបូងបង្អស់ ដែលកាលពីឆ្នាំ២០១៥ កាលនោះចំនួនជនបរទេសនៅកូរ៉េខាងត្បូងមានត្រឹម ១.៨៩លាននាក់ប៉ុណ្ណោះ។
បើគេគិតជាចំនួនខែវិញ តួលេខនៃខែមីនាឆ្នាំ២០២១នេះ ជាការបន្តធ្លាក់ចុះចំនួនជនបរទេសជាប់ៗគ្នារយៈពេល១៦ខែហើយ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ ដែលកាលនោះជនបរទេសមានដល់ទៅជាង ២.៥២លាននាក់ក្នុងប្រទេសកូរ៉េខាងត្បូង។ តួលេខនេះបង្ហាញថា ចាប់ពីពេលដែលកូរ៉េខាងត្បូង ក៏ដូចជាពិភពលោកទាំងមូលចាប់ផ្តើមរងផលប៉ះពាល់ពីជងឺកូវីដដែលផ្ទុះនៅខែធ្នូ ឆ្នាំ២០១៩មក ចំនួនជនបរទេសនៅប្រទេសកូរ៉េខាងត្បូងក៏ចាប់ផ្តើមធ្លាក់ចុះភ្លាមៗផងដែរ។
ក្រសួងជំនាញក៏បានបញ្ជាក់ថា តួលេខនៃការធ្លាក់ចុះនេះគឺធ្លាក់ចុះទាំងចំនួនជនបរទេសដែលស្នាក់នៅរយៈពេលខ្លី និងជនបរទេសដែលស្នាក់នៅក្នុងរយៈពេលវែងផងដែរ។