កូរ៉េខាងត្បូង មានកំណើនសេដ្ឋកិច្ចដល់ ១.៨% ក្នុងត្រីមាសទី១នេះ ដែលជាសញ្ញាល្អនៃការងើបឡើងនៃសេដ្ឋកិច្ច បរិបទក្រោយវិបត្តិកូវីដ

កូរ៉េខាងត្បូង៖ សេដ្ឋកិច្ចក្នុងរង្វង់ត្រីមាសទី១ នៃឆ្នាំ២០២១នេះ បានកើនដល់១.៨% ប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ជាសញ្ញានៃការ​វិលត្រឡប់របស់សេដ្ឋកិច្ចកូរ៉េខាងត្បូងទៅរកចំណុចមុនវិបត្តិនៃជំងឺកូវីដ នេះបើតាមតួលេខផ្លូវការចេញដោយធនាគារជាតិកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ ចុះផ្សាយក្នុងសារព័ត៌មាន​ Yonhap News។

តាមទិន្នន័យរបស់ធនាគារជាតិកូរ៉េ ទំហំនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងត្បូងបានកើនដល់ ១.៨% ក្នុងរយៈពេល៣ខែ ត្រឹមថ្ងៃទី៣១ មីនា ២០២១ បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ហើយបើគិតជាត្រីមាសតៗគ្នាវិញ នៅក្នុងត្រីមាសទី១នេះ កូរ៉េខាងត្បូងបានកើនសេដ្ឋកិច្ច១.៦% ពីចុងត្រីមាសទី៤នៃឆ្នាំ២០២០កន្លងទៅ។

តាមការបញ្ជាក់របស់ធនាគារជាតិ អត្រាកំណើនៃសេដ្ឋកិច្ចនេះគឺមួយផ្នែកដោយសារតែការបង្កើនចំនួនទិញឯកជននៅក្នុងទីផ្សារ សំដៅដល់សេដ្ឋកិច្ចដែលមានដំណើរការរស់រវើកឡើងវិញដែលប្រជាជនទូទៅអាចធ្វើការទិញដូរផ្សេងៗនៅក្នុងទីផ្សារបាន នៅក្នុងរយៈពេលនៃត្រីមាសទី១នេះ។

ពិនិត្យមើលទៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២០ ខណៈពេលដែលកូរ៉េខាងត្បូងកំពុងរងការផ្ទុះខ្លាំងពីជំងឺកូវីដ ក្នុងត្រីមាសទី១ កំណើនសេដ្ឋកិច្ចធ្លាក់ចុះ ១.៣% ខណៈត្រីមាសទី២ មានការធ្លាក់ចុះ ៣.២% តែចំពោះត្រីមាសទី៣ សេដ្ឋកិច្ចកូរ៉េខាងត្បូងកើនវិញបានដល់ ២.‌១% និងបន្តកើនបាន ១.២% ទៀតក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០កន្លងមក។

បើមើលតាមវិស័យវិញ ក្នុងរយៈពេល៣ខែនៃត្រីមាសដំបូងឆ្នាំ២០២១នេះ ការវិនិយោគកើនដល់ ១២.៤% ប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ហើយការនាំចេញ ជាពិសេសការនាំចេញបន្ទះឈីប និងយានយន្តក៏បន្តកើនឡើងផងដែរ ដែលគេរំពឹងការកើនឡើងនាំចេញនេះហើយ នឹងអាចបន្តជួយឱ្យកំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងកាន់តែកើនឡើង និងមានភាពល្អប្រសើរឡើងក្នុងពេលខាងមុខទៀត។

ប្រធានធនាគារជាតិកូរ៉េខាងត្បូង ក៏ធ្លាប់បានលើកឡើងផងដែរថាក្នុងឆ្នាំ២០២១នេះទាំងមូល សេដ្ឋកិច្ចកូរ៉េខាងត្បូងអាចរំពឹងនឹងបន្តកើនលើសពីការព្យាករណ៍កន្លងមករបស់ខ្លួន ដែលនឹងអាចកើនដល់ក្នុងរង្វង់ចន្លោះលើសពី ៣% ឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *