ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវស្នើកុំឱ្យយកការចាក់វ៉ាក់សាំងកូវីដ ធ្វើជាបញ្ហាកេងចំណេញនយោបាយ ខណៈពេលដែលគួរតែរួបរួមគ្នាក្នុងបញ្ហានេះ

កូរ៉េខាងត្បូង៖​ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បានប្រកាសអំពាវនាវស្នើសុំឱ្យសាធារណជនកូរ៉េខាងត្បូង កុំយកបញ្ហាវ៉ាក់សាំងកូវីដ-១៩ មកធ្វើជាបញ្ហាឱ្យពាក់ព័ន្ធនឹងនយោបាយ ខណៈដែលរដ្ឋាភិបាលរបស់លោកកំពុងស្វះស្វែងរិះរកគ្រប់មធ្យោបាយដើម្បីធានាជូនការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនទៅហើយនោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News រសៀលថ្ងៃទី២៦ មេសា ២០២១ម្សិលមិញនេះ។

ខណៈដែលមានការលើកឡើងជាបន្តបន្ទាប់ពីការមិនជឿទុកចិត្តលើកម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលមានល្បឿនយឺត និងដែលមតិរិះគន់លើកឡើងថានឹងមានការមានយឺតយ៉ាវពីអ្វីដែលជាផែនការរំពឹងទុកនោះ លោកប្រធានាធិបតី មូន ជេអ៊ីន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានក្នុងអំឡុងកិច្ចប្រជុំប្រចាំសប្តាហ៍មួយជាមួយនឹងថ្នាក់ដឹកនាំរដ្ឋាភិបាលដទៃទៀតនៅរសៀលថ្ងៃចន្ទទី២៦ មេសានេះថា ប្រសិនបើមើលពីតួលេខបច្ចុប្បន្ននៃចំនួនការចាក់វ៉ាក់សាំងរបស់ប្រទេសកូរ៉េខាងត្បូង យើងនឹងអាចដឹងថាតើអជ្ញាធរនឹងអាចសម្រេចការចាក់វ៉ាក់សាំងជូនប្រជាជនបានទៅតាមផែនការគ្រោងទុកឬយ៉ាងណា ដែលសម្រាប់លោកប្រធានាធិបតីផ្ទាល់ គឺនៅតែមានជំនឿចិត្តខ្ពស់លើផែនការនៃកម្មវិធីចាក់វា៉ក់សាំងនេះ។

សូមបញ្ជាក់ថាតាមផែនការមេនៃកម្មវិធីចាក់វ៉ាក់សាំងដែលកំពុងអនុវត្តសព្វថ្ងៃ គ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានដល់ ៣លាននាក់ត្រឹមចុងខែមេសា និងឱ្យបានដល់ ១២លាននាក់ត្រឹមចុងខែមិថុនាខាងមុខនេះ ព្រមទាំងនឹងអាចសម្រេចបានគោលដៅបង្កើតនូវភាពស៊ាំសហគមន៍ (Herd Immunity) ត្រឹមខែវិច្ឆិកាខាងមុខ។

ថ្លែងក្នុងន័យបង្ហាញពីជំនឿចិត្តទៅលើកម្មវិធីចាក់វា៉ក់សាំងរបស់អជ្ញាធរសុខាភិបាល លោកប្រធានាធិបតី មូន ក៏បានស្នើដល់សាធារណជនកុំឱ្យធ្វើការិះគន់កម្មវិធីចាក់វ៉ាក់សាំងនេះដោយយកឡូកឡំពាក់ព័ន្ធនឹងនយោបាយនៅក្នុងដំណាក់កាលបែបនេះ និងស្នើកុំឱ្យសាធារណជនបន្តលើកឡើងពីទស្សនៈណាមួយដែលនាំឱ្យមានការភ័យខ្លាចចំពោះសុវត្ថិភាពវ៉ាក់សាំង និងការផ្គត់ផ្គង់វ៉ាក់សាំងទៀតអី។ ផ្ទុយទៅវិញ លោកបាននិយាយថាបញ្ហាវ៉ាក់សាំងកូវីដ នេះមិនមែនជាបញ្ហាតែសម្រាប់ប្រទេសកូរ៉េខាងត្បូងមួយប៉ុណ្ណោះទេ តែពាក់ព័ន្ធទៅនឹងប្រទេសទាំងអស់ដែលសុទ្ធតែដណ្តើមគ្នារៀងៗខ្លួនចង់ជួយប្រទេស និងប្រជាជនរៀងៗខ្លួន ហើយក្នុងខណៈពេលនេះហើយដែលប្រជាជនកូរ៉េខាងត្បូងគួរមាននូវស្មារតីជាធ្លុងរួមគ្នា ដើម្បីអាចធ្វើឱ្យកម្មវិធីចាក់វា៉ក់សាំងអាចដំណើរការទៅបានដោយជោគជ័យ និងរលូនទៅវិញនោះ។

គិតមកដល់ព្រឹកថ្ងៃចន្ទទី២៦មេសា ២០២១នេះ ប្រជាជនកូរ៉េខាងត្បូងជាង២.២លាននាក់ហើយបានទទួលវ៉ាក់សាំង ដែលមានត្រឹមតែ៤.៣%នៃចំនួនប្រជាជនសរុបប៉ុណ្ណោះ។ ក្នុងនោះដែរ គេសង្កេតឃើញថាកន្លងមកក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលតែងលើកឡើងអំពីការយឺតយ៉ាវនៃកម្មវិធីចាក់វា៉ក់សាំង រួមនឹងការយឺតយ៉ាវក្នុងការបញ្ជាទិញវ៉ាក់សាំងរបស់អាម៉េរិក Pfizer និង Moderna បើប្រៀបទៅនឹងប្រទេសធំៗជឿនលឿនដទៃទៀតដែលគេបានទិញ និងកក់យកវ៉ាក់សាំងទាំងនោះអស់មុន។ ក្នុងនោះដែរ បញ្ហានៃសុវត្ថិភាពវ៉ាក់សាំងក៏ជាចំណុចក្តៅ ដែលនាំឱ្យរដ្ឋាភិបាលលោក មូន ទទួលរងសម្ពាធជាបន្តបន្ទាប់ផងដែរ។

កាលពីថ្ងៃអាទិត្យនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថាខ្លួនបានបញ្ជាទិញរួចរាល់វ៉ាក់សាំងកូវីដ Pfizer បន្ថែមសម្រាប់មនុស្សដល់ទៅ២០លាននាក់ទៀតឯណោះ ដែលគិតមកដល់ពេលនេះកូរ៉េខាងត្បូងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់មនុស្សដល់ទៅ ៩៩លាននាក់ បើទោះបីប្រជាជនខ្លួនមានត្រឹមតែ៥២លានជាងប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *