កូរ៉េខាងត្បូង ស្នើសម្រួលច្បាប់សញ្ជាតិ បង្កើនភាពងាយស្រួល ដល់កូនរបស់អ្នកដែលមានសិទ្ធ​រស់នៅអចិន្ត្រៃយ៍នៅកូរ៉េ អាចចូលជាសញ្ជាតិកូរ៉េខាងត្បូងបាន

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានកំពុងពិនិត្យមើលលទ្ធភាពក្នុងការកែសម្រួលច្បាប់ ដើម្បីអនុញ្ញាតឱ្យកូនរបស់អ្នកដែលមានសិទ្ធ​រស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសកូរ៉េ អាចទទួលបានសញ្ជាតិកូរ៉ខាងត្បូងជាផ្លូវការ នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ក្រោមច្បាប់សញ្ជាតិដែលកែសម្រួលថ្មីនេះ កូនរបស់អ្នកដែលទទួលបានសិទ្ធ​រស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសកូរ៉េ ក្រោមលក្ខខណ្ឌកំណត់មួយចំនួនដែលមានលក្ខណៈងាយស្រួលជាងមុន អាចនឹងទទួលបានសញ្ជាតិកូរ៉េខាងត្បូងជាផ្លូវការ ដោយគ្រាន់តែជូនព័ត៌មានស្នើសុំតាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ដែលច្បាប់នេះនឹងផ្តល់អាទិភាពខ្ពស់សម្រាប់គ្រួសារដែលបានរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើនជំនាន់ និងគ្រួសារដែលទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ ដែលមានប្រវត្តិសែស្រឡាយ និងទំនាក់ទំនងភ្ជាប់ជាមួយនឹងប្រទេសកូរ៉េខាងត្បូង។

ច្បាប់នេះត្រូវបានស្នើក្នុងគោលដៅជួយឱ្យកុមារដែលជាកូនរបស់អ្នកដែលទទួលបានសិទ្ធ​រស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសកូរ៉េ អាចរស់នៅក្នុងប្រទេសកូរ៉េ និងអាចចូលរួមក្នុងសង្គមកូរ៉េបានដោយជោគជ័យ និងមានការសម្របសម្រួលតាមផ្លូវច្បាប់ដូចទៅនឹងប្រជាពលរដ្ឋពេញសិទ្ធិរបស់កូរ់េខាងត្បូងដែរ។ សម្រាប់គោលការណ៍ និងលក្ខខណ្ឌជាក់លាក់នឹងត្រូវកំណត់បន្ថែមតាមរយៈលិខិតបទដ្ឋាន ឬច្បាប់ដទៃទៀតដែលនឹងត្រូវចេញនៅពេលក្រោយបន្ថែមទៀត។

ការស្នើកែសម្រួលច្បាប់នេះ ប្រសិនបើបានសម្រេចហើយត្រូវដាក់ឱ្យអនុវត្ត មានន័យកូនរបស់អ្នកដែលមានសិទ្ធ​រស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសកូរ៉េ ដែលមានអាយុក្រោម៦ឆ្នាំ នឹងអាចចូលជាសញ្ជាតិកូរ៉េខាងត្បូងដោយមិនចាំបាច់មានលក្ខខណ្ឌណាផ្សេង តែសម្រាប់កូនដែលមានអាយុពី ៧ឆ្នាំឡើងទៅ ត្រូវតម្រូវឱ្យបានស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងហោច៥ឆ្នាំសិន ទើបអាចចូលជាសញ្ជាតិកូរ៉េខាងត្បូងបាន។

លក្ខណៈពិសេសនៃច្បាប់នេះ គឺកូនៗដែលចូលសញ្ជាតិតាមវិធីនេះ អាចរក្សាបាននូវសញ្ជាតិដើមរបស់ខ្លួនផងដែរ តែពេលដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវរស់នៅក្នុងនាមជាសញ្ជាតិកូរ៉េខាងត្បូង ដោយមិនអាចប្រើប្រាស់សញ្ជាតិដទៃទៀតដែលខ្លួនមានស្រាប់នោះទេ។

សូមបញ្ជាក់ថាក្រោមគោលការណ៍​នៃច្បាប់សញ្ជាតិបច្ចុប្បន្ន កូននៃបណ្តាអ្នកដែលមានសិទ្ធ​រស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសកូរ៉េ ត្រូវរង់ចាំដល់អាយុ ១៨ឆ្នាំ ទើបអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិកូរ៉េខាងត្បូងបាន ឬក៏អ្នកដែលមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ ហើយបានចូលសញ្ជាតិកូរ៉េខាងត្បូងខ្លួនឯងផ្ទាល់សិន មានកូន ទើបកូនរបស់ពួកគេក្លាយជាសញ្ជាតិកូរ៉េខាងត្បូងបានដូចគ្នាដែរ ដោយមិនចាំបាច់រង់ចាំដល់ពេញវ័យទើបស្នើសុំចូលសញ្ជាតិតាមក្រោយនោះទេ។

យ៉ាងណាមិញ តាមច្បាប់របស់កូរ៉េខាងត្បូងបច្ចុប្បន្នពាក់ព័ន្ធនឹងការចូលបម្រើកាតព្វកិច្ចយោធាសម្រាប់យុវជនពេញវ័យជាបុរស គឺតម្រូវឱ្យអ្នកដែលមានសញ្ជាតិពីរ ត្រូវចូលបម្រើកាតព្វកិច្ចយោធាដូចទៅនឹងប្រជាជនកូរ៉េខាងត្បូងទូទៅដែរ ដោយតាមច្បាប់នៅពេលដែលពួកគេមានអាយុ១៨ឆ្នាំ ពួកគេត្រូវជូនដំណឹងទៅរដ្ឋាភិបាលកូរ៉េថានឹងអនុវត្តកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់ ឬត្រូវធ្វើការលុបចោលសញ្ជាតិកូរ៉េខាងត្បូងរបស់ខ្លួនជាផ្លូវការ។

តម្រូវការឱ្យធ្វើកាតព្វកិច្ចយោធានេះ គឺមានការលើកលែងតែករណីដែលអ្នកមានសញ្ជាតិកូរ៉េដែលកើតនៅបរទេស ហើយបានរស់នៅស្រុកក្រៅសឹងតែពេញមួយជីវិត និងមិនមានការចុះបញ្ជីកំណើតនៅក្នុងប្រទេសកូរ៉េ ឬអ្នកដែលមានសញ្ជាតិកូរ៉េខាងត្បូង តែរស់នៅស្រុកក្រៅរហូត មិនដែលមានប្រវត្តិចូលមកក្នុងប្រទេសកូរ៉េខាងត្បូងទាល់តែសោះនោះ។

ចំណុចនេះអាចជាចំណុចក្តៅ ដែលអ្នកអាចទទួលបានសិទ្ធចូលសញ្ជាតិតាមច្បាប់ថ្មីនេះត្រូវគិតពិចារណាផងដែរ ដែលមានន័យថានៅពេលកូនរបស់អ្នកដែលទទួលបានសិទ្ធ​រស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសកូរ៉េ ដែលអាចទទួលបានសញ្ជាតិកូរ៉េខាងត្បូងតាមរយៈការកែប្រែច្បាប់ថ្មីនេះ ក៏នឹងត្រូវតម្រូវឱ្យបំពេញកាតព្វកិច្ចបម្រើយោធាដូចប្រជាពលរដ្ឋកូរ៉េទូទៅដែរ។

Leave a Reply

Your email address will not be published. Required fields are marked *