កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងអាយុចាប់ពី៣០ឆ្នាំឡើង នឹងចាប់ផ្តើមទទួលវ៉ាក់សាំងកូវីដ ចាប់ពីសប្តាហ៍នេះទៅហើយ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
តាមរយៈការប្រកាសនេះ គេរំពឹងថាយោធាកូរ៉េខាងត្បូង អាយុ៣០ឆ្នាំឡើងមានដល់ទៅ ១២៦,០០០នាក់ នឹងត្រូវចាប់ផ្តើមទទួលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca ចាប់ពីថ្ងៃពុធ សប្តាហ៍នេះហើយ ដែលគិតមកដល់ពេលនេះ យោធាជាជនអាទិភាពទទួលវ៉ាក់សាំងបន្ទាប់ពីក្រុមគ្រូពេទ្យ អ្នកជំងឺ ចាស់ជរា និងជនអាទិភាពដទៃទៀតទៅតាមការកំណត់របស់រដ្ឋាភិបាលកូរ៉េខាងត្បូង។
ក្រៅពីយោធា អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបើកភ្លើងខៀវសម្រាប់ការផ្តល់វ៉ាក់សាំងដល់បណ្តាកងកម្លាំងប៉ូលីស និងអ្នកពន្លត់អគ្គីភ័យដល់ទៅជាង ១៧៧,០០០នាក់ផងដែរ ចាប់ពីថ្ងៃនេះផងដែរ។
ក្នុងនោះដែរ សម្រាប់ប្រជាជនជាពលរដ្ឋវ័យចំណាស់អាយុពី ៧០ ទៅ ៧៤ឆ្នាំក៏នឹងទទួលបានអាទិភាពនៅពេលឆាប់ៗខាងមុខនេះ ដែលអាចនឹងចាប់ផ្តើមទទួលនៅចុងខែឧសភាខាងមុខនេះ ខណៈដែលប្រជាជនវ័យក្មេងធម្មតាទូទៅអាចនឹងចាប់ផ្តើមទទួលបានវ៉ាក់សាំងក្នុងរដូវក្តៅខាងមុខ អាចក្នុងអំឡុងខែកក្កដា ឬសីហាខាងមុខ។
គិតត្រឹមព្រឹកថ្ងៃចន្ទនេះ មានប្រជាជនកូរ៉េខាងត្បូងជាជនអាទិភាពបានទទួលវ៉ាក់សាំងចំនួន ២,២៦៦,៨៨៨នាក់ហើយ ខណៈដែលអជ្ញាធរគ្រោងនឹងបង្កើនល្បឿនក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាជនបន្ថែមទៀតក្នុងរយៈពេលខាងមុខនេះផងដេរ។
