កូរ៉េខាងត្បូង៖ យ៉ាងហោចត្រឹមចុងឆ្នាំ២០២១នេះ ឬដើមឆ្នាំ២០២២ឆ្នំាក្រោយ កូរ៉េខាងត្បូងអាចនឹងបង្កើតបានវ៉ាក់សាំងកូវីដ-១៩ ផលិតក្នុងស្រុកដោយខ្លួនឯង បានដល់ទៅ ២ ប្រភេទថ្មី នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងនៅព្រឹកថ្ងៃចន្ទនេះ។
តាមការលើកឡើងរបស់លោករដ្ឋមន្ត្រីសុខាភិបាល បច្ចុប្បន្នមានក្រុមហ៊ុនវេជ្ជសាស្រ្តធំៗក្នុងស្រុកដល់ទៅ ៥ក្រុមហ៊ុន កំពុងបន្តស្រាវជ្រាវដើម្បីអាចមានលទ្ធភាពបង្កើតវ៉ាក់សាំងប្រឆាំងនឺងជំងឺកូវីដនេះ ហើយក្នុងចំណោមនោះ មានក្រុមហ៊ុន២ធំ គ្រោងនឹងធ្វើធ្វើតេស្តដំណាក់កាលទី២ ឬទី៣ ត្រឹមចុងឆ្នាំ២០២១នេះហើយ ហើយលោករដ្ឋមន្ត្រីបានបញ្ជាក់ពីការរំពឹងថា វ៉ាក់សាំងដែលវិវត្តលឿនជាងគេចំនួន ២ ក្រុមហ៊ុននេះអាចនឹងទទួលបានការអនុញ្ញាតត្រឹមចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយហើយ ដែលមានន័យថាប្រជាជនកូរ៉េខាងត្បូងអាចនឹងទទួលបានវ៉ាក់សាំងដែលផលិតក្នុងស្រុកនេះចាប់ពីឆ្នាំក្រោយទៅ។
សូមបញ្ជាក់ថា ចាប់តាំងពីពេលដែលមេរោគកូវីដផ្ទុះមក ហើយខណៈដែលក្រុមហ៊ុនធំៗទូទាំងពិភពលោកប្រកួតប្រជែងដណ្តើមគ្នាផលិតវ៉ាក់សាំងដើម្បីការពារជំងឺកូវីដនេះ ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងក៏បានចូលរួមស្រាវជ្រាវបង្កើតវ៉ាក់សាំងនេះផងដែរ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូងបានបន្តទំនុកបម្រុង និងផ្តាល់ការគាំទ្រចាំបាច់នានាដល់ក្រុមហ៊ុនវេជ្ជសាស្រ្តក្នុងស្រុកទាំងនោះផងដែរ។
គិតមកដល់ពេលនេះ កូរ៉េខាងត្បូងបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនធំៗដល់ទៅ៥ និងទទួលបានវ៉ាក់សាំងពីកម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោកផងនោះ ដែលវ៉ាក់សាំងសរុបមានដល់សម្រាប់មនុស្ស ៩៩លាននាក់ទៅហើយ ខណៈដែលប្រជាជនកូរ៉េខាងត្បូងមានត្រឹមតែ ៥២លានប៉ុណ្ណោះ។ គេរំពឹងថាកូរ៉េខាងត្បូងអាចនឹងពន្លឿនល្បឿននៃការផ្តល់វ៉ាក់សាំង តាមរយៈការផ្គត់ផ្គង់ច្បាស់លាស់ មិនមានការយឺតយ៉ាវពីសំណាក់ក្រុមហ៊ុនធំៗដែលកូរ៉េខាងត្បូងបានបញ្ជាទិញទាំងនោះ។
តាមផែនការរបស់អជ្ញាធរកូរ៉េ ត្រឹមចុងខែមិថុនានេះ គ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឱ្យបានដល់១២លាននាក់ ហើយត្រឹមខែវិច្ឆិកាខាងមុខគ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឱ្យបានដល់កម្រិតដែលធានាបង្កើតបានជាប្រព័ន្ធភាពស៊ាំសង្គម (Herd Community)។