“តើពេលខ្ញុំត្រឡប់ទៅផ្ទះវិញ ខ្ញុំគួរធ្វើអ្វីបន្ត ដើម្បីចិញ្ចឹមជីវិត?” នេះជាអ្វីដែលបងប្រុស សេង ចន្នី អតីតពលករខ្មែរនៅប្រទេសកូរ៉េ តែងតែរិះគិតសឹងរៀងរាល់ថ្ងៃ ពេលដែលគាត់ជិតចប់អាណត្តិការងារ ត្រូវត្រឡប់មកមាតុភូមិកម្ពុជាវិញ។ ជាមួយនឹងបទពិសោធន៍ រួមនឹងទស្សនៈវិស័យផង បងប្រុសបាននឹកឃើញដល់អាជីវកម្មមួយគឺ ការអាំងមាន់នៅក្នុងម៉ាស៊ីនបែបទំនើប ដែលមានគុណភាពអនាម័យល្អ និងរសជាតិឆ្ងាញ់ខុសប្លែកពីគេ។
ជាអាជីវកម្មបែបថ្មី និងមានភាពទាក់ទាញក្នុងទីផ្សារកម្ពុជា អាជីវកម្មមាន់អាំងទឹកឃ្មុំ C.Grill បានទទួលការគាំទ្រពីមហាជនកើនឡើងគួរឱ្យកត់សម្គាល់ ថ្វីបើទើបនឹងចាប់ផ្តើមដំណើរការបានត្រឹមខ្ទង់មួយខែក៏ដោយ។ អតិថិជនតែងសរសើរមិនដាច់ពីមាត់អំពីគុណភាពអនាម័យ រសជាតិ ព្រមទាំងសេវាកម្មផងដែរ។
បើតាមការលើកឡើងរបស់បងប្រុស សេង ចន្នី “មូលហេតុដែលធ្វើឱ្យអតិថិជនសរសើរពីយើងមិនដាច់ពីមាត់ គឺដោយសារមាន់អាំងទឹកឃ្មុំរបស់ពួកយើងបានប្រើនូវម៉ាស៊ីនដែលមានស្តង់ដាអនាម័យខ្ពស់ បិទជិត ចំអិនឆ្អិនបានល្អ ដោយមានការកំណត់សីតុណ្ហភាពត្រឹមត្រូវ ជាពិសេសការវិចខ្ចប់ដោយប្រើថង់ក្រដាសដែលមានអនាម័យ និងមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ អ្វីដែលពិសេសជាងនេះ គឺដោយសារពួកយើងទិញតែមាន់ស្រែសុទ្ធសាធ ពីកសិករនៅក្នុងខេត្តព្រៃវែង យកមកដុតលក់ឱ្យអតិថិជនតែប៉ុណ្ណោះ។”
បើទោះជាអាជីវកម្មនេះទើបនឹងចាប់ផ្តើមដំបូងថ្មីថ្មោង តែបងប្រុសមាននូវទិសដៅ និងទស្សនៈវិស័យសម្រាប់អាជីវកម្មនេះទៅថ្ងៃអនាគតយ៉ាងច្បាស់លាស់ គឺ “តាមពិតទៅ ការបង្កើតអាជីវកម្មមាន់អាំងនេះឡើង គឺយើងមានគោលដៅធំរួចហើយ ពោលគឺយើងចាប់ផ្តើមដោយរៀបចំវាជាប្រព័ន្ធ និងមានរូបមន្តច្បាស់លាស់ លក្ខណៈជាហ្វ្រេនឆាយតែម្តង។ ហើយសូម្បីតែឈ្មោះយីហោរបស់ពួកយើង ក៏ដាក់តាមស្តង់ដារដែរ ពីព្រោះយើងចង់នាំយីហោមួយនេះ ទៅលក់នៅក្រៅប្រទេសថែមទៀតផង។”
ស្ថាបនិក C.Grill ខាងលើនេះ បានបញ្ជាក់ដែរថា នៅឆ្នាំ ២០២១ខាងមុខ លោកមានគម្រោងពង្រីកសាខាឱ្យបាន ៣០កន្លែង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារមាន់អាំងនៅក្នុងស្រុក។ ហើយឆាប់ៗខាងមុខនេះ លោកក៏មានគម្រោងចេញលក់ហ្រ្វេនឆាយផងដែរ។ សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 099 777 805 /015 803 233 ៕
ប្រភពអត្ថបទ៖ Business Cambodia