ក្រុមអនុព័ន្ធការងារស្ថានទូតខ្មែរ ជួបជាមួយដៃគូកូរ៉េ ពិភាក្សាគម្រោងតាំងពិព័ណ៌ម្ហូបអាហារ និងផលិតផលសក្តានុពលខ្មែរ ទៅសាធារណជនកូរ៉េ

កូរ៉េខាងត្បូង៖ ក្រុមអនុព័ន្ធការងារនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៤មេសា ២០២១ ម្សិលមិញនេះ បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Suk Hyun Choi ក្នុងការរៀបចំគម្រោង តាំងពិព័ណ៌ម្ហូបអាហារ ក៏ដូចជាផលិតផលខ្មែរ ទៅដល់សាធារណជនកូរ៉េ បើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតផ្ទាល់។

ជំនួបពិភាក្សាការងាររវាងក្រុមអនុព័ន្ធការងារកម្ពុជា លោក ឡាំ ប្រុស និងលោក តូយ ដារិទ្ធ ជាមួយនឹងលោកបណ្ឌិត Suk Hyun Choi នេះ គឺដើម្បីពិនិត្យលើគម្រោងរៀបចំតាំងពិព័ណ៌ម្ហូបអាហារ ក៏ដូចជាផលិតផលខ្មែរ ទៅដល់សាធារណជនកូរ៉េ ព្រមទាំងការបង្ហាត់បង្រៀនដាំដុះបន្លែធម្មជាតិ ប្រកបដោយស្តង់ដារ និងការផ្សព្វផ្សាយអំពីសក្ដានុពលផ្នែកកសិកម្មរបស់ប្រទេសកម្ពុជា ទៅដល់វិនិយោគិនកូរ៉េផ្នែកកសិកម្ម។

ស្ថានទូតកម្ពុជាបានលើកពីទឹកចិត្តស្វះស្វែងរបស់លោកបណ្ឌិត Suk Hyun Choi ដែលកន្លងមកតែងតែខិតខំប្រឹងប្រែងជួយប្រទេសកម្ពុជា និងតែងតែស្វែងរកសប្បុរសជន ដើម្បីឧបត្ថម្ភទៅដល់ប្រទេសកម្ពុជា ហើយក្នុងនោះដែរ លោកបណ្ឌិតក៏បានលើកឡើងថា គាត់ស្រលាញ់ប្រទេសកម្ពុជាខ្លាំងណាស់ ហើយគាត់បានមើលឃើញប្រទេសកម្ពុជា អភិវឌ្ឍន៍ឆាប់រហ័ស ក៏ដូចជា មានការខិតខំប្រឹងប្រែងជាខ្លាំង ដូចប្រទេសកូរ៉េកាលពីសម័យកំពុងអភិវឌ្ឍន៍ផងដែរ។

ជាចុងក្រោយ ក្រុមអនុព័ន្ធការងារនៃស្ថានទូ តំណាងឱ្យលោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានប្រគល់លិខិតសរសើរ និងថ្លែងអំណរគុណដល់លោកបណ្ឌិត និងសប្បុរសជន ដែលបានផ្ដល់ជាម៉ាស់ជូនដល់ប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាកនេះ ហើយក្នុងល្ងាចថ្ងៃដដែលនោះដែរ ក្រុមការងារបានចូលរួមពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនសហគមន៍ខ្មែរនៅក្នុងតំបន់ថេហ្គូប្រមាណ៥០នាក់ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *