កូរ៉េខាងត្បូង៖ អជ្ញាធរហិរញ្ញវត្ថុកូរ៉េខាងត្បូង ប្រកាសអំពីផែនការថ្មីរបស់ខ្លួន ក្នុងការលើកទឹកចិត្តដល់ធនាគារ និងបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុឱ្យផ្តល់ជូននូវកម្ចីការប្រាក់មធ្យម (mid-rate loans) សម្រាប់ឱ្យអ្នកដែលមានចំណូលទាប និងអ្នកកម្ចីទូទៅដែលប្រវត្តិកម្ចីធម្មតា មិនមានបញ្ហា (non-prime borrower) នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
តាមរយៈផែនការដែលអជ្ញាធរដាក់ចេញនេះ គេមិនមាននិយមន័យច្បាស់លើពាក្យថា កម្ចីការប្រាក់មធ្យម (mid-rate loans) នោះទេ តែគេអាចសន្និដ្ឋានបានថាកម្ចីនេះសំដៅដល់ប្រភេទកម្ចីឥណទានដែលមានការប្រាក់ក្បែរ ១០% សម្រាប់ប្រជាជនទូទៅដែលមានប្រវត្តិកម្ចីឥណទានមធ្យមធម្មតា (គឺសំដៅដល់អ្នកដែលមិនធ្លាប់មានប្រវត្តិមិនល្អក្នុងការខ្ចីប្រាក់កន្លងមក)។
ក្រោមផែនការនេះ អជ្ញាធររំពឹងថានឹងអាចលើកទឹកចិត្តឱ្យប្រជាជនទូទៅដល់ ២លាននាក់ អាចស្នើសុំប្រាក់កម្ចីបានដល់ ៣២ទ្រីលានវ៉ុន (ប្រមាណ ២៨.៦ប៊ីលានដុល្លារ) សម្រាប់ឆ្នាំ២០២១នេះ។ បើគិតពីទំហំនៃកម្ចីការប្រាក់មធ្យម (mid-rate loans) បែបនេះ កាលពីចុងឆ្នាំ២០២០កន្លងមក ទំហំកម្ចីសរុបមានដល់ ១៤.៧ទ្រីលានវ៉ុន បើតាមការបញ្ជាក់របស់គណៈកម្មការសេវាកម្មហិរញ្ញវត្ថុកូរ៉េខាងត្បូង។
ផែនការហិរញ្ញវត្ថុបែបនេះ ប្រហាក់ប្រហែលទៅនឹងគម្រោងរបស់អជ្ញាធរហិរញ្ញវត្ថុក្នុងការកាត់បន្ថយកម្រិតអតិបរមានៃអត្រាការប្រាក់កម្ចីពីស្ថាប័នឯកជនឱ្យមកនៅត្រឹមតែ ២០% ចាប់អនុវត្តពីខែកក្កដាខាងមុខ ពីអត្រាការប្រាក់អតិបរមាបច្ចុប្បន្នដែលមានដល់ ២៤% ដែលការកាត់បន្ថយអត្រាការប្រាក់នេះ ជាការបន្ថយលើកទីពីរហើយ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដោយកាលពីឆ្នាំ២០១៨កន្លងមក អជ្ញាធរបានបន្ថយអត្រាការប្រាក់នេះម្តងហើយពី ២៧.៩% មកនៅត្រឹម ២៤%វិញ។
ការដាក់ចេញផែនការបែបនេះ គឺដើម្បីជាវិធានការមួយជួយសម្រួលដល់ការដោះស្រាយជីវភាពសម្រាប់អ្នកដែលមានចំណូលតិចតួច ដែលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដក្នុងរយៈពេលកន្លងមកនេះ។