កូរ៉េខាងត្បូង បង្កើនការនាំចេញផលិតផលគ្រឿងសម្អាង ទៅក្រៅប្រទេសដល់ ១៥% ក្នុងឆ្នាំ២០២០ ដោយសារភាពល្បីល្បាញខ្លាំងនៃវិស័យសិល្បៈកូរ៉េ

កូរ៉េខាងត្បូង៖ ការនាំចេញផលិតផលគ្រឿងសម្អាងរបស់កូរ៉េខាងត្បូងក្នុងឆ្នាំ២០២០ កើនឡើងដល់ទៅ១៥% បើប្រៀបទៅនឹងទំហំការនាំចេញដូចគ្នាក្នុងរយៈពេលឆ្នាំ២០១៩ ដោយសារកំណើនតម្រូវការពីប្រទេសធំៗ នេះបើតាមទិន្នន័យដែលចេញផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃអាទិត្យនេះ។

ទំហំការនាំចេញផលិតផលគ្រឿងសម្អាងមានដល់ ៦.‌១២ប៊ីលានដុល្លារកាលពីឆ្នាំ​២០២០កន្លងទៅ ដែលកើនឡើងជាង១៥% ប្រៀបទៅនឹងឆ្នាំ២០១៩ បើតាមទិន្នន័យដែលចេញដោយសមាគមផលិតផលគ្រឿងសម្អាងកូរ៉េខាងត្បូង និងគយកូរ៉េខាងត្បូង។ គេឃើញថាផលិតផលគ្រឿងសម្អាងរបស់កូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១២មក មានការកើនឡើងក្នុងទំហំការនាំចេញ ក្នុងរង្វង់ចំនួនពីរខ្ទង់រហូត លើកលែងតែឆ្នាំ២០១៩ប៉ុណ្ណោះ ដែលកាលនាំចេញកើនឡើងត្រឹមតែ ៤.២%។ សម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២១នេះ ការនាំចេញមានដល់ទំហំ ១.៨៨ប៊ីលានដុល្លារទៅហើយ កើនឡើងប្រមាណដល់ ៣២.៤% ប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

គេសង្កេតឃើញថាការកើនឡើងប្រជាប្រិយភាពនៃផលិតផលគ្រឿងសម្អាងនៅទីផ្សារធំៗនៅបរទេសនេះ គឺដោយសារការរីកចម្រើន និងល្បីសាយភាយខ្លាំងនៃវិស័យចម្រៀង និងភាពយន្តកូរ៉េ ដែលគេស្គាល់ថា “Hallyu Wave” នៅក្រៅប្រទេស ដែលក្នុងនោះការនាំចេញទៅចិនកើនឡើងដល់ទៅ ២៤.៦% ខណៈការនាំចេញទៅជប៉ុន កើនឡើង ៥៨.៧% និងវៀតណាម ១៧.៦% ឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *