កូរ៉េខាងត្បូង បានទិញវ៉ាក់សាំងកូវីដ Pfizer សម្រាប់មនុស្ស ២០លាននាក់បន្ថែមទៀត ដែលវ៉ាក់សាំងសរុបមានដល់សម្រាប់មនុស្ស ៩៩លាននាក់ហើយ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer បន្ថែមទៀតចំនួន ៤០លានដូស សម្រាប់មនុស្ស២០លាននាក់ទៀត នេះបើការតាមរយៈការប្រកាសចុងក្រោយនៅល្ងាចថ្ងៃសៅរ៍នេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមការរាយការណ៍ក្នុងសារព័ត៌មាន កិច្ចព្រមព្រៀងនេះសម្រេចបានតាមរយៈលទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង និងប្រធានក្រុមហ៊ុន Pfizer កាលពីថ្ងៃទី ០៩ និងថ្ងៃទី២៣ មេសា កន្លងមកនេះ។ ក្រោមកិច្ចព្រមព្រៀងបញ្ជាទិញថ្មីនេះ ក្រុមហ៊ុន Pfizer នឹងលក់ជូនប្រទេសកូរ៉េខាងត្បូង វ៉ាក់សាំងកូវីដសម្រាប់មនុស្ស ២០លាននាក់ទៀតបន្ថែមទៀត ពីលើការបញ្ជាទិញកាលពីលើកមុនសម្រាប់មនុស្ស ១៣លាននាក់ ដែលមានន័យថាក្រុមហ៊ុន Pfizer នឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដដល់កូរ៉េខាងត្បូងសម្រាប់មនុស្សសរុបដល់ ៣៣លាននាក់។

លោករដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា ការបញ្ជាទិញបន្ថែមពីក្រុមហ៊ុន Pfizer នេះនឹងធានាឱ្យការផ្គត់ផ្គង់វ៉ាក់សាំងដល់កូរ៉េខាងត្បូងមានភាពប្រសើរ និងច្បាស់ការជាងមុន អាចសំដៅដល់ដំណើរការផ្គត់ផ្គង់ រួមនឹងសុវត្ថិភាពនៃវ៉ាក់សាំងដែលមិនសូវជាមានបញ្ហាច្រើន បើប្រៀបទៅនឹងវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនដទៃទៀតដូចជា AstraZeneca និង Johnson Johnson ជាដើមនោះ។

តាមការព្រមព្រៀងរវាងរដ្ឋាភិបាល និងភាគីក្រុមហ៊ុន Pfizer វ៉ាក់សាំងកូវីដរបស់ Pfizer សម្រាប់មនុស្ស ៣.៥លាននាក់ នឹងត្រូវផ្គត់ផ្គង់ត្រឹមចុងខែមិថុនានេះ ហើយវ៉ាក់សាំងបន្ថែមទៀតសម្រាប់មនុស្សចំនួន ២៩.៥លាននាក់ នឹងត្រូវផ្គត់ផ្គង់តាមដំណាក់កាលពីខែកក្កដាខាងមុខនេះទៅ។

ការបញ្ជាទិញបន្ថែមនេះមានន័យថា កូរ៉េខាងត្បូងធានាបានវ៉ាក់សាំងកូវីដសម្រាប់មនុស្សដល់ទៅ ៩៩លាននាក់ ដែលច្រើនជាងដល់ទៅ ២.៧៥ដង នៃចំនួនមនុស្ស ៣៦លាននាក់ ដែលគេរំពឹងថាគួរទទួលបានវ៉ាក់សាំងដើម្បីធានាឱ្យប្រទេសកូរ៉េខាងត្បូងអាចបង្កើតបានជាប្រព័ន្ធភាពស៊ាំសង្គម ក្នុងចំណោមប្រជាជនសរុបជាង ៥០លាននាក់របស់ប្រទេសកូរ៉េខាងត្បូង។

តាមផែនការរបស់ក្រសួងសុខាភិបាលកូរ៉េ ត្រឹមចុងខែមិថុនា គេគ្រោងនឹងចាក់វា៉ក់សាំងជូនប្រជាជនឱ្យបានដល់ ១២លាននាក់ ហើយត្រឹមខែវិច្ឆិកាខាងមុខ គេគ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានដល់ចំនួនជាង ៣៦លាននាក់ ដើម្បីអាចសម្រេចបានការបង្កើតជាប្រព័ន្ធភាពស៊ាំសង្គមទាំងមូលនេះ។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងបញ្ជាទិញវ៉ាក់សាំងកូវីដពីក្រុមហ៊ុនចំនួន មានដូចជាក្រុមហ៊ុន Pfizer, AstraZeneca, Moderna, Novavax និង Johnson & Johnson សរុបសម្រាប់មនុស្ស៨៩លាននាក់ ហើយក៏ទទួលបានពីកម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោកសម្រាប់មនុស្ស ១០លាននាក់ផងដែរ។

ចំនួនវ៉ាក់សាំងដែលកូរ៉េខាងត្បូងបញ្ជាទិញកន្លងមក។ សម្រាប់វ៉ាក់សាំង Pfizer នឹងបន្ថែមសម្រាប់មនុស្ស ២០លាននាក់ទៀត។

Leave a Reply

Your email address will not be published. Required fields are marked *