កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ ប្រជាជនកូរ៉េខាងត្បូងវ័យក្មេង ៦នាក់ ក្នុងចំណោម១០នាក់ មានទស្សនៈគិតថាខ្លួនមិនចាំបាច់ត្រូវរៀបការ និងមានកូននោះទេ នេះបើតាមលទ្ធផលធ្វើសម្រង់មតិមួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ចេញចុះផ្សាយដោយសារព័ត៌មាន Yonhap News នៅថ្ងៃសៅរ៍នេះ។
ក្រសួងសមភាពយ៉េនឌឺ និងគ្រួសារ ចាប់តាំងពីខែវិច្ឆិកាដល់ខែកុម្ភៈឆ្នាំនេះ បានធ្វើសម្រង់មតិលើមនុស្ស ៧,១០០នាក់ អាយុចន្លោះពី ៩ទៅ២៤ឆ្នាំ និងមនុស្ស ៤,៨០០នាក់ទៀត ជាឪពុកម្តាយដែលកំពុងមើលថែកូនតូចៗ ហើយលទ្ធផលនៃសម្រង់មតិនេះបង្ហាញថា យ៉ាងហោចណាស់ដល់ទៅ ៦០.៩% នៃអ្នកធ្វើសម្រង់មតិអាយុពី ១៣ ដល់២៤ឆ្នាំ គិតថាការរៀបការមិនសំខាន់ និងចាំបាច់នោះទេ ដែលតួលេខនេះកើនឡើងគំហុកប្រៀបទៅនឹងសម្រង់មតិដូចគ្នា ដែលបានធ្វើកាលពីឆ្នាំ២០១៧ ដែលកាលនោះមានតែ ៤៩% ប៉ុណ្ណោះគិតដូច្នេះ។
ក្នុងតួលេខនេះដែរ គេឃើញថាស្រ្តីភាគច្រើន ដល់ទៅ ៦៥.១% ហើយដែលបានគិតថាការរៀបការមិនសំខាន់ ខណៈដែលសម្រាប់បុរសវិញ មានត្រឹមតែ៥៧.១% ប៉ុណ្ណោះដែលគិតថាការរៀបការមិនសំខាន់ដូចគ្នា។
ក្នុងនោះដែរ មានដល់ទៅ ៦០.៣% នៃក្រុមអ្នកធ្វើសម្រង់មតិជាយុវជនដែលគិតថាការមានកូនក្រោយរៀបការហើយ ក៏មិនជារឿងសំខាន់នោះដែរ ដែលតួលេខនេះក៏កើនឡើងផងដែរ ប្រៀបទៅនឹងការធ្វើសម្រង់មតិដូចគ្នាកាលពីឆ្នាំ២០១៧ ដែលកាលនោះមានត្រឹមតែ ៤៦.១% ប៉ុណ្ណោះដែលគិតដូច្នេះ។
ផ្ទុយមកវិញ សម្រាប់ក្រុមអ្នកធ្វើសម្រង់មតិនេះដូចគ្នា តែជាឪពុកម្តាយរួចហើយនោះ មានដល់ទៅ ៥៩.៧% គិតថាការរៀបការគឺមានសារៈសំខាន់ ហើយមាន ៤៧.២% គិតថាការមានកូនក្រោយពីរៀបការមិនមែនជាការចាំបាច់នៅះទេ។
ចំពោះទិន្នន័យដែលរកឃើញបែបនេះ ក្រសួងបានលើកឡើងថាក្នុងរយៈពេលប្រហែល៣ឆ្នាំចុងក្រោយនេះ យុវជនវ័យក្មេងរបស់ប្រទេសកូរ៉េខាងត្បូង ហាក់មានសម្ពាធច្រើនទាំងផ្នែកសង្គម និងផ្នែកហិរញ្ញវត្ថុដើម្បីបង្ខំឱ្យពួកគេរៀបការ និងមានកូន។
សូមបញ្ជាក់ថា កាលពីពេលកន្លងមកថ្មីៗនេះ ការសិក្សាមួយចំនួនរបស់រដ្ឋាភិបាល និងរបស់ស្ថាប័នជំនាញមួយចំនួនបានឱ្យឃើញនូវទំនោរនៃសង្គមកូរេ៉ ដែលការរៀបការ និងការមានកូនហាក់មានការថយចុះ ដោយសារតែសម្ពាធហិរញ្ញវត្ថុ និងផលពិបាកនានាដែលប្រជាជនកូរ៉េជួបប្រទះ ហើយគេក៏ឃើញថាកំណើននៃប្រជាជនធ្លាក់ចុះក៏ជាបញ្ហាសម្រាប់អ្នកធ្វើគោលនយោបាយធំៗរបស់កូរ៉េខាងត្បូងត្រូវពិចារណាផងដែរ។