អជ្ញាធរសេអ៊ូល ដកហូត Cryptocurrencies តម្លៃជាង២២លានដុល្លារ ពីអ្នកជំពាក់មិនបង់ពន្ធឱ្យរដ្ឋ ៦៧៦ នាក់! ដកហូតភ្លាម អ្នកទាំងនោះចេញមុខ មកបង់ពន្ធសងរដ្ឋវិញភ្លាម

កូរ៉េខាងត្បូង៖ រដ្ឋបាលសាលាក្រុងសេអ៊ូលបានចាត់វិធានការក្តៅ ដកហូតរូបិយប័ណ្ណឌីជីថល Cryptocurrencies ពីបណ្តាអ្នកជំពាក់ការបង់ពន្ធធំៗដល់ពាន់នាក់នៅថ្ងៃសុក្រនេះ ជាវិធានការដើម្បី​ឱ្យអ្នកជំពាក់ពន្ធទាំងនោះចេញមុខមកបង់ពន្ធដែលបានជំពាក់រដ្ឋកន្លងមក នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times នៅថ្ងៃសុក្រទី២៣ មេសា ២០២១នេះ។

តាមការប្រកាសរបស់សាលាក្រុងសេអ៊ូល បានឱ្យដឹងថានាយកដ្ឋានប្រមូលពន្ធនៅសេអ៊ូលបានរកឃើញការជួញដូររូបិយប័ណ្ណឌីជីថល Cryptocurrencies របស់អ្នកជំពាក់ពន្ធរដ្ឋដល់ទៅ ១,៥៦៦នាក់ នៅតាមគេហទំព័រជួញដូរ ហើយក្នុងនោះនាយកដ្ឋានប្រមូលពន្ធនេះបានដកហូតរូបិយប័ណ្ណឌីជីថលនេះពីអ្នកជួញដូរដល់ទៅ ៦៧៦ ដែលរូបិយប័ណ្ណឌីជីថលរបស់ពួកគេមានតម្លៃដល់ទៅ ២៥ប៊ីលានវ៉ុន (ប្រមាណជាង២២លានដុល្លារ)។

អ្នកទាំង ៦៧៦ នាក់ដែលអជ្ញាធរបានដកហូតរូបិយប័ណ្ណឌីជីថល នេះជំពាក់មិនទាន់បង់ពន្ធជូនរដ្ឋាភិបាលនូវពន្ធសរុបដល់២៨.៤ប៊ីលានវ៉ុន ហើយអជ្ញាធរអាចនឹងពិចារណាធ្វើការដកហូត និងលក់ចេញរូបិយប័ណ្ណឌីជីថល Cryptocurrencies របស់ពួកគេដើម្បីយកមកបង្គ្រប់សងដល់បំណុលពន្ធដែលពួកគេបានជំពាក់មិនទាន់បង់សងជូនរដ្ឋ។ តែតាមការបញ្ជាក់របស់អជ្ញាធរ គ្រាន់តែពេលដែលអជ្ញាធរដកហូតរូបិយប័ណ្ណឌីជីថល Cryptocurrencies របស់ពួកគេភ្លាម ឥឡូវនេះមានអ្នកដែលជំពាក់ ហើយត្រូវបានដកហូតនោះ ដល់ទៅ​១១៨នាក់ហើយ បានចេញមុខមកបង់សំណងពន្ធដែលជំពាក់កន្លងមកដល់ទៅ ១.២៦ប៊ីលានវ៉ុនទៅហើយ និងបានស្នើសុំរដ្ឋាភិបាលមិនឱ្យលក់ចេញរូបិយប័ណ្ណឌីជីថល Cryptocurrencies របស់ពួកគេនោះទេ។

នៅក្នុងសេចក្តីប្រកាសរបស់សាលាក្រុងសេអ៊ូល អ្នកដែលជំពាក់ពន្ធ ហើយត្រូវបានអជ្ញាធរដកហូត Cryptocurrencies ផ្សេងទៀតជាបន្តបន្ទាប់បានស្នើសុំដូចគ្នាមិនឱ្យរដ្ឋាភិបាលលក់ Cryptocurrencies របស់ពួកគេនោះទេ ដោយពួកគេសុខចិត្តបង់សងបំណុលពន្ធរបស់ខ្លួនឆាប់ៗនេះ ដោយសារតែពួកគេគិតថាតម្លៃនៃ Cryptocurrencies របស់ខ្លួននឹងកើនថ្លៃខ្លាំងជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងចំណោមមនុស្សទាំង ៦៧៦នាក់នោះ មានជាក់ស្តែងករណីមួយដែល ប្រធានមន្ទីរពេទ្យមួយរូប ដែលមាន Cryptocurrencies តម្លៃដល់ទៅ ១២.៥ប៊ីលានវ៉ុនត្រូវបានដកហូតដល់រដ្ឋាភិបាលនោះ បានបង់ប្រាក់សំណងពន្ធរបស់ខ្លួនភ្លាមៗឱ្យទៅអជ្ញាធរចំនួន ៥៨០លានវ៉ុន ហើយធានាថានឹងសងបំណុលពន្ធជាង៤០០លានវ៉ុនទៀតឆាប់ៗនេះ ហើយបានបញ្ជាក់ស្នើអជ្ញាធរមិនឱ្យលក់ Cryptocurrencies របស់ខ្លួនទៅកាត់សងបំណុលពន្ធនោះដាច់ខាត។

ករណីមួយទៀត គឺអ្នកជំពាក់ពន្ធម្នាក់ដែលជំពាក់រដ្ឋដល់ទៅ ២០លានវ៉ុន ហើយមាន Cryptocurrencies ថ្លៃជាង៣លានវ៉ុនត្រូវបានដកហូត បានស្នើអជ្ញាធរមិនឱ្យលក់ Cryptocurrencies រហូតដល់រយៈពេល២ឆ្នាំទៀត ដោយខ្លួនរំពឹងថា Cryptocurrencies ខ្លួនតម្លៃបច្ចុប្បន្ន ៣លានវ៉ុននេះ នឹងកើនតម្លៃលើសពីទំហំបំណុលរបស់ខ្លួនជាង ២០លានវ៉ុននេះទៅទៀត។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកដែលជំពាក់ពន្ធ ហើយត្រូវអជ្ញាធរដកហូត Cryptocurrencies​ នេះ មាន១៩% កាន់កាប់ Bitcoin, ១៦% ដូចគ្នាកាន់កាប់ DragonVein និង Ripple, ១០% កាន់កាប់ Ethereum និង ៩% កាន់កាប់ Stellar និង ៣០%ទៀតកាន់កាប់ Cryptocurrencies ដទៃៗទៀត។

សាលាក្រុងសេអ៊ូលបានបញ្ជាក់ផងដែរថា នឹងចាត់វិធានការបន្តទៀតលើអ្នកជំពាក់ពន្ធចំនួន ៨៩០ នាក់ទៀតដែលអជ្ញាធររកឃើញថាមានលួចលាក់កាន់កាប់ Cryptocurrencies នេះ។

Leave a Reply

Your email address will not be published. Required fields are marked *