ដើម្បីទប់ការឡើងថ្លៃស៊ុត កូរ៉េខាងត្បូងគ្រោងនឹងបង្កើនការនាំចូលស៊ុតបន្ថែម ដល់ទៅ ៤០លានគ្រាប់ ក្នុងខែមេសានេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

កូរ៉េខាងត្បូង៖ អជ្ញាធរកូរ៉េខាងត្បូងគ្រោងនឹងធ្វើការនាំចូលស៊ុតបន្ថែមទៀត ដើម្បីផ្គត់ផ្តង់ដល់ទីផ្សារក្នុងស្រុក និងកាត់បន្ថយការតម្លើងថ្លៃផលិតផលស៊ុតលើទីផ្សារផងដែរ ក្រោយពីប្រទេសនេះមានបញ្ហាកង្វះខាតក្នុងការផ្គត់ផ្គង់ស៊ុតពីក្នុងស្រុក ដោយសារតែសត្វបក្សីរាប់លានក្បាលត្រូវសម្លាប់ចោលពីហានិភ័យនៃជំងឺផ្តាសាយបក្សីដែលបានរាលដាលកន្លងមកនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅក្នុងខែមេសានេះ ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងនាំចូលស៊ុតដល់ទៅ ៤០លានគ្រាប់ ដែលលើសពីការគ្រោងទុកដំបូងដែលគ្រោងនាំចូលត្រឹមតែ២៥លានគ្រាប់ប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូង។

ចាប់តាំងពីខែមករាដើមឆ្នាំ២០២១នេះមក កូរ៉េខាងត្បូងបានបញ្ជាទិញនាំចូលស៊ុតពីក្រៅមកដល់ទៅ ៦៤លានគ្រាប់ហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងទីផ្សារ ខណៈដែលការផ្គត់ផ្គង់ពីកសិដ្ឋានក្នុងស្រុកជួបប្រទះបញ្ហាពីការឆ្លងរាលដាលតាមកសិដ្ឋានពីជំងឺផ្តាសាយបក្សី ដែលនាំឱ្យមានការផ្គត់ផ្គង់ធ្លាក់ចុះ និងនាំឱ្យតម្លៃស៊ុតដាក់លក់លើទីផ្សារមានការឡើងថ្លៃគួរឱ្យកត់សម្គាល់ផងដែរ។

បើតាមក្រសួងសេដ្ឋកិច្ច តម្លៃស៊ុតបានមានការធ្លាក់ចុះថ្លៃបន្តិចក្រោយពីពិធីបុណ្យចូលឆ្នាំកូរ៉េមក ដោយសារតែការបន្តនាំចូលស៊ុតពីក្រៅមកផ្គត់ផ្គង់រួចមក តែយ៉ាងណាបើប្រៀបទៅនឹងតម្លៃស៊ុតជាមធ្យម ថ្លៃស៊ុតលក់លើទីផ្សារបច្ចុប្បន្នមានតម្លៃខ្ពស់ជាងដល់ទៅជាង ៣៨% ឯណោះ។

សូមបញ្ជាក់ថា រដ្ឋាភិបាលបានប្រកាសលុបចោលពន្ធគយលើការនាំចូលស៊ុតមកកូរ៉េខាងត្បូង ចាប់តាំងពីថ្ងៃទី២៨ មករាមក ដើម្បីឆ្លើយតបទៅនឹងកង្វះខាងការផ្គត់ផ្គង់ក្នុងទីផ្សារ ដែលការលើកលែងពន្ធគយនាំចូលនេះនឹងបន្តរហូតដល់ថ្ងៃទី ៣០មិថុនាខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *