អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង កំពុងពិភាក្សា គ្រោងអនុញ្ញាត “ការប្រើប្រាស់ដោយមានលក្ខខណ្ឌ” ចំពោះឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួន​ឯង

កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ គ្រោងនឹងចេញសេចក្តីសម្រេចថាតើនឹងអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯង ដែលជាឧបករណ៍អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូទៅធម្មតា អាចធ្វើតេស្តកូវីដដោយខ្លួនឯងនៅផ្ទះតែម្តង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃទី២៣ មេសា​ ២០២១នេះ។

លោករដ្ឋមន្ត្រីសេដ្ឋកិច្ច ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីស្តីទីផងនោះ បានលើកឡើងថា បច្ចុប្បន្នការសម្រេចចិត្តរបស់រដ្ឋាភិបាលគឺអាចនឹងផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ដោយមានលក្ខខណ្ឌចំពោះឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួន​ឯង (self-test kits) នេះ ដើម្បីអាចឱ្យប្រជាជនប្រើប្រាស់បណ្តោះអាសន្នបានសិន មុននឹងការអនុញ្ញាតផ្លូវការអាចត្រូវបានផ្តល់ឱ្យនាពេលក្រោយទៀត។ ការសម្រេចចិត្តបែបនេះ អាចនឹងត្រូវប្រកាសបន្ថែមដោយក្រសួងសុវត្ថិភាពម្ហូបអាហារ និងឱសថនៅក្នុងថ្ងៃសុក្រនេះផងដែរ។

លោកនាយករដ្ឋមន្ត្រីស្តីទីបានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តដោយខ្លួនឯងនេះ អាចប្រើប្រាស់ជាជម្រើសបន្ថែមសម្រាប់ប្រជាជនអាចធ្វើតេស្តកូវីដបាន ក្នុងករណីមានការសង្ស័យណាមួយ តែទោះជាយ៉ាងណាគេរំពឹងថាឧបករណ៍ធ្វើតេស្តដោយខ្លួនឯងនេះ អាចនឹងមានប្រសិទ្ធភាពទាបជាងការធ្វើតេស្តដោយយកសំណាកទៅពិនិត្យដោយអជ្ញាធរសុខាភិបាលដែលតែងអនុវត្តកន្លងមក។

ការដាក់អនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯងនេះ គឺដើម្បីជំរុញឱ្យវិសាលភាពនៃការធ្វើតេស្តកូវីដបានកាន់តែច្រើនជាងមុន ខណៈដែលករណីនៃជំងឺឆ្លងកូវីដជាចង្កោមហាក់បន្តកើនឡើងគួរឱ្យព្រួយបារម្ភបំផុតនារយៈពេលចុងក្រោយនេះ។ បើតាមការគ្រោង រដ្ឋាភិបាលកូរ៉េនឹងធ្វើការផ្គត់ផ្គង់នូវឧបករណ៍ធ្វើតេស្តកូវីដដោយខ្លួនឯងនេះ ទៅប្រជាជនឱ្យបានច្រើន ដើម្បីជំរុញការធ្វើតេស្តឱ្យបានទូលំទូលាយនៅផ្ទះដោយខ្លួនឯងបន្ថែមពីលើការធ្វើតេស្តសំណាករបស់អជ្ញាធរដែលនៅតែបន្តធ្វើដដែលផងដែរនោះ។

Leave a Reply

Your email address will not be published. Required fields are marked *