សាធារណជនកូរ៉េ ស្នើរដ្ឋាភិបាលខ្លួន ពន្លឿនការផ្តល់ប្រាក់សំណង ដល់អ្នករងផលប៉ះពាល់ដោយការចាក់វ៉ាកសាំងកូវីដ ខណៈនីតិវិធីបច្ចុប្បន្នត្រូវការដល់រាប់ខែ

កូរ៉េខាងត្បូង៖ ប្រជាជនកូរ៉េខាងត្បូងកំពុងធ្វើការស្នើឱ្យរដ្ឋាភិបាលកូរ៉េពន្លឿនល្បឿនក្នុងការរៀបចំផ្តល់នូវសំណងរបស់រដ្ឋ ដែលធានាផ្តល់ជូនសម្រាប់បណ្តាអ្នកដែលបានទទួលវ៉ាក់សាំងកូវីដ ហើយមានផលប៉ះពាល់នានាកន្លងមកនោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ។

ក្រោមការបញ្ជាក់របស់រដ្ឋាភិបាលកូរ៉េកន្លងមកស្តីអំពីប្រព័ន្ធសំណងសម្រាប់អ្នកមានផលប៉ះពាល់ក្រោយការចាក់វ៉ាក់សាំងកូវីដនោះគឺ រដ្ឋាភិបាលនឹងផ្តល់ប្រាក់សំណងសម្រាប់ការចំណាយព្យាបាលលើផលប៉ះពាល់នានាដែលកើតមាន ហើយក្នុងករណីដែលបាត់បង់ជីវិត គឺរដ្ឋាភិបាលនឹងផ្តល់ទឹកប្រាក់សំណងដល់ ៤៣០លានវ៉ុន (ប្រមាណ ៣៨៨​,០០០ ដុល្លារអាម៉េរិក) និងទឹកប្រាក់បន្ថែមដល់ ៣០ម៉ឺនវ៉ុនទៀតសម្រាប់ចំណាយលើការធ្វើបុណ្យសពផងដែរ។

ប៉ុន្តែការផ្តល់ជូននេះ លុះត្រាតែអជ្ញាធរអាចបញ្ជាក់បានថាករណីដែលមានការប៉ះពាល់ ឬរហូតដល់បាត់បង់ជីវិតនេះបណ្តាលមកពីផលប៉ះពាល់នៃវ៉ាក់សាំង ដែលនេះហើយគឺជាបញ្ហានៅពេលប​ច្ចុប្បន្ន ដែលយ៉ាងហោចណាស់ដំណើរការពិនិត្យរកមូលហេតុនេះ អាចចំណាយពេលដល់រាប់ខែក៏មាន ដែលក្នុងអំឡុងពេលដែលអជ្ញាធរស្វែងរកមូលហេតុនេះ អ្នកដែលរងផលប៉ះពាល់ត្រូវទទួលបន្ទុកចំណាយដោយខ្លួនឯងលើការព្យាបាលទាំងអស់។

កន្លងមកថ្មីៗនេះ មានករណីមួយចំនួនដែលអ្នកទទួលវ៉ាក់សាំងកូវីដហើយ មានការរងនូវផលប៉ះពាល់នាំឱ្យពួកគេត្រូវបញ្ជូនទៅមន្ទីរពេទ្យព្យាបាល ប៉ុន្តែដោយសារតែមូលហេតុនៃការរង់ចាំលទ្ធផលពិនិត្យស្វែងរកហេតុផលនៃការប៉ះពាល់នេះហើយ ដែលក្រុមគ្រួសារអ្នកជំងឺត្រូវទទួលបន្ទុកលើចំណាយព្យាបាលទាំងស្រុង។ ជាក់ស្តែងមានករណីមួយ ដែលគ្រូពេទ្យមួយរូបត្រូវព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីទទួលចាក់វ៉ាក់សាំង ដោយមានអាការៈស្ពឹកដៃ និងជើងទាំងស្រុង ដែលរហូតមកដល់ពេលនេះ ក្រុមគ្រួសារជនរងគ្រោះបានបន្តចំណាយលើថ្លៃព្យាបាលដោយខ្លួនឯងទាំងស្រុងរហូតដល់រាប់ពាន់ដុល្លារជារៀងរាល់ថ្ងៃ។

យ៉ាងណាមិញ ក្រោយពីមានការតវ៉ាជាបន្តបន្ទាប់ ករណីនេះត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង ចេញការណែនាំផ្ទាល់ឱ្យ​មន្ត្រីក្រោមឱវាទរកមធ្យោបាយដើម្បីដោះស្រាយបន្ទុកថ្លៃព្យាបាលរបស់ជនរងគ្រោះសិន ទំរាំដល់ការពិនិត្យស៊ើបអង្កេតលើហេតុផលនៃការប៉ះពាល់ពីការចាក់វ៉ាក់សាំងកូវីដនេះត្រូវបានបញ្ចប់។

សម្រាប់បច្ចុប្បន្ននេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានកំណត់រកឃើញករណីមានការប៉ះពាល់ធ្ងន់ធ្ងរដោយសារការចាក់វ៉ាក់សាំងកូវីដនេះ ចំនួន ៨ករណីហើយ ខណៈដែលអជ្ញាធរសុខាភិបាលបានលើកឡើងថារដ្ឋាភិបាលគួរដាក់ចេញនូវវិធានការឆ្លើយតបឱ្យមានលក្ខណៈសមស្រប ទៅលើការផ្តល់ប្រាក់សំណងនេះ ខណៈដែលកម្មវិធីចាក់វ៉ាក់សាំងកូវីដគ្រោងនឹងបង្កើនល្បឿនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ក្នុងគោលដៅផ្តល់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនឱ្យបានកាន់តែច្រើននោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *