កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងអាចនឹងមាននូវផលិតផលវ៉ាក់សាំងកូវីដ ដែលផលិតក្នុងស្រុកដោយខ្លួនឯង នៅក្នុងអំឡុងចុងឆ្នាំ២០២១នេះហើយ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីវិទ្យាសាស្រ្តកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បត្តិ៍នេះ។
បើតាមការបញ្ជាករបស់លោករដ្ឋមន្ត្រី បច្ចុប្បន្នក្រុមហ៊ុនវេជ្ជសាស្រ្តក្នុងស្រុកផ្ទាល់របស់កូរ៉េខាងត្បូងកំពុងធ្វើការស្រាវជ្រាវ និងអាចឈានទៅដល់ការបង្កើតនូវវ៉ាក់សាំងប្រឆាំងកូវីដផលិតក្នុងស្រុកដោយខ្លួនឯង ហើយលទ្ធភាពដែលវ៉ាក់សាំងផលិតក្នុងស្រុកនេះអាចបញ្ចប់ទាំងស្រុងត្រឹមចុងឆ្នាំ២០២១នេះ មានកម្រិតខ្ពស់ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្ត លោក ឆយ គីយ៉ុង (Choi Ki-young) ក្នុងការថ្លែងប្រាប់ក្នុងសម័យប្រជុំសភាកូរ៉េខាងត្បូងនៅថ្ងៃនេះ។
កាលពីដើមឆ្នាំ២០២១នេះដែរ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ទាល់តែកូរ៉េខាងត្បូងអាចផលិតវ៉ាក់សាំងបានដោយខ្លួនឯង ទើបអាចឆ្លើយតបបានរហ័សទៅនឹងនឹងប្រភេទមេរោគកូវីដដែលបម្លែងខ្លួនថ្មី កំពុងវាយលុកនេះ ហើយក៏ដើម្បីអាចកាត់បន្ថយការពឹងផ្អែកលើវ៉ាក់សាំងផលិតនៅបរទេសផងដែរ។ កាលពីពេលនោះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថាក្រុមហ៊ុនវេជ្ជសាស្រ្តក្នុងស្រុកបានផលិត និងកំពុងធ្វើតេស្តគុណភាពវ៉ាក់សាំងដល់ដំណាក់កាលទី៣ទៅហើយដែរ ហើយដែលអាចនឹងសម្រេចបានរួចរាល់ត្រឹមចុងឆ្នាំ និងអាចដាក់ឱ្យប្រើបានចាប់ពីដើមឆ្នាំក្រោយទៅ។
សូមបញ្ជាក់ថា ចាប់តាំងពីកូរ៉េខាងត្បូងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន មកដល់បច្ចុប្បន្នេះមានអ្នកបានទទួលវ៉ាក់សាំងកើនដល់ជិត២លាននាក់ហើយ តែយ៉ាងណាដែរសម្រាប់បច្ចុប្បន្ននេះ ក្តីបារម្ភធំគឺនៅតែមានលើការផ្គត់ផ្គង់វ៉ាក់សាំង ដែលហាក់មិនទាន់មានភាពច្បាស់លាស់ ជាពិសេសគឺក្រុមហ៊ុនវ៉ាក់សាំងមួយចំនួនដែលកូរ៉េខាងត្បូងបានបញ្ជាទិញ មិនទាន់អាចផ្តល់ការកំណត់អំពីកាលបរិច្ឆេទផ្តល់វ៉ាក់សាំងជូនបាននៅឡើយ។