កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងបោះទុនវិនិយោគដល់ទៅ ១១៤.៧ ទ្រីលានវ៉ុន (ប្រមាណ១០២.៧ ប៊ីលានដុល្លារ) ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីធ្វើការពង្រីកប្រព័ន្ធផ្លូវរថភ្លើងរបស់ខ្លួនឱ្យកាន់តែខ្វាត់ខ្វែង កាត់ទីក្រុងធំៗបន្ថែមទៀតទូទាំងប្រទេស បើតាមការបញ្ជាក់របស់ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បត្តិ៍នេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News គម្រោងពង្រីកខ្សែផ្លូវរថភ្លើងទី៤នេះ មានគោលបំណងពង្រីកវិសាលភាពរត់នៃផ្លូវរថភ្លើងទូទាំងប្រទេសដែលបច្ចុប្បន្នមានត្រឹមប្រវែង ៤,២៧៤ គីឡូម៉ែត្រ ឱ្យកើនដល់ប្រវែង ៥,១៣៧ គីឡូម៉ែត្រ ឱ្យបានត្រឹមឆ្នាំ២០៣០ខាងមុខ។ ការពង្រីកប្រព័ន្ធផ្លូវរថភ្លើងនេះ គឺដើម្បីអាចជម្រុញដំណើរការធ្វើចរាចរណ៍របស់ប្រជាជនទូទាំងប្រទេសពីកន្លែងណា ទៅកន្លែងណាក៏ដោយ គឺត្រូវឱ្យស្ថិតនៅក្រោមរយៈពេល ៣ម៉ោងប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង។
គម្រោងពង្រីកផ្លូវរថភ្លើងនេះ នឹងបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវរថភ្លើងទូទាំងប្រទេសឱ្យបានដល់ទៅ ១៧% ក្នុងឆ្នាំ២០៣០ ខណៈដែលបច្ចុប្បន្ននេះសមត្ថភាពដឹកជញ្ជូនតាមផ្លូវរថភ្លើងទូទាំងប្រទេសមានត្រឹម១១.៥% ប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០១៩។ គម្រោងនេះគ្រោងនឹងតភ្ជាប់បន្ថែមទៀតផ្លូវរថភ្លើងធំៗទូទាំងប្រទេស ជាពិសេសពីក្រុងធំៗ ទៅក្រុងធំៗដទៃទៀតដូចជាទីក្រុងសេអ៊ូលជាដើម ដែលនឹងអាចកាត់បន្ថយការកកស្ទះចរាចរណ៍តាមដងផ្លូវ និងដែលអាចឱ្យប្រជាជនដែលស្ថិតនៅតាមប្រព័ន្ធនៃខ្សែរថភ្លើងនេះ អាចធ្វើដំណើរទៅមកដោយងាយស្រួល។
