ប្រទេសថៃ៖ រដ្ឋាភិបាលថៃ ប្រកាសថា ខ្លួននឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង ដែលជាវិញ្ញាបនប័ត្រសម្គាល់ការទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាឯកសារផ្លូវការមួយសម្រាប់ការអនុញ្ញាតឱ្យធ្វើដំណើរ និងការឆ្លងដែនទៅប្រទេសផ្សេងទៀត សម្រាប់អ្នកដែលទទួលបានវ៉ាក់សាំងរួចរាល់ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Bangkok Post នៅថ្ងៃពុធទី ២១ មេសានេះ។
ការប្រកាសដាក់ឱ្យប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំងរបស់ប្រទេសថៃនេះ ជាការប្រកាសជាផ្លូវការដំបូងគេបង្អស់ក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន។ ការប្រកាសនេះត្រូវបានចុះផ្សាយក្នុងរាជកិច្ចថៃ នៅថ្ងៃទី២០ ខែមេសា ដែលក្នុងការប្រកាសនោះ គេបានបញ្ជាក់អំពីទម្រង់លិខិត ដែលមាននូវឈ្មោះបុគ្គល លេខសម្គាល់ អត្តសញ្ញាណបណ្ណ ឬលេខលិខិតឆ្លងដែន។

អ្នកដែលអាចទទួលបានវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងនេះ ត្រូវតែជាអ្នកដែលត្រូវបានចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ រួចរាល់ជាស្ថាពរ។ លើសពីនេះ វ៉ាក់សាំងនោះ ក៏ត្រូវតែជាវ៉ាក់សាំងដែលបាន ចុះបញ្ជី និងយល់ព្រមឱ្យប្រើនៅថៃ ឬបានបញ្ជាក់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ វិញ្ញាបនប័ត្រចាក់វ៉ាក់សាំង អាចប្រើប្រាស់បានសម្រាប់មនុស្សម្នាក់ប៉ុណ្ណោះ មិនមែន សម្រាប់ការប្រើប្រាស់ជាក្រុមទេ។ ដោយឡែក សម្រាប់កុមារដែលមានអាយុក្រោម៧ឆ្នាំ ត្រូវតែមាន ហត្ថលេខារបស់ឪពុកម្តាយពួកគេ ខណៈអ្នកដែលមិនអាចសរសេរបានតម្រូវឱ្យផ្តិតមេដៃលើលិខិតនេះ ជំនួសវិញ។
លិខិតឆ្លងដែនវ៉ាក់សាំងនេះ ត្រូវឆ្លងកាត់ការអនុញ្ញាតយល់ព្រមពីមន្ត្រីជំនាញផ្នែកសុខាភិបាលដល់ទៅ៦រូប ដែលបានកំណត់ក្នុងក្នុងរាជកិច្ចថៃ ដោយត្រូវសហការគ្នាស្របតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ទាក់ទងនឹងការចេញវិញ្ញាបនប័ត្រវ៉ាក់សាំងនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះមិនមែនមានតែប្រទេសថៃនោះទេដែលអនុម័តឱ្យមានការប្រើប្រាស់វិញ្ញាបនបត្រវ៉ាក់សាំង សម្រាប់គោលដៅធ្វើដំណើរ។ កន្លងទៅ ប្រទេសចិន ក៏បានចេញលិខិតនេះសម្រាប់ប្រជាជនរបស់ខ្លួនដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរនៅក្នុង និងទៅក្រៅប្រទេស ហើយក៏មានបណ្តាប្រទេសនៅអឺរ៉ុប មួយចំនួនដូចជា ដាណឺម៉ាក ស៊ុយអ៊ែត និងអេស្តូនី ដែលចង់ធ្វើលិខិតធ្វើដំណើរបែបនេះឱ្យអ្នកទទួលបានវ៉ាក់សាំងរួចរាល់ក្នុងប្រទេសខ្លួនដែរ។