ក្រសួងអប់រំកូរ៉េខាងត្បូង ចេញវិធានការក្តៅ ៥ ចំណុច ត្រូវអនុវត្តដាច់ខាតតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស ដើម្បីការពារកូវីដ ដែលបន្តកើននៅតាមសាលារៀន

កូរ៉េខាងត្បូង៖ ក្រសួងអប់រំកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ ប្រកាសដាក់ចេញនូវបទប្បញ្ញត្តិថ្មីត្រូវអនុវត្តរយៈពេល៣សប្តាហ៍នៅគ្រប់ទីតាំងគ្រឹះស្ថានសិក្សាទាំងរដ្ឋ និង​ឯកជនគ្រប់កម្រិតទូទាំងប្រទេសកូរ៉េខាងត្បូង ដើម្បីជាវិធានការឆ្លើយតបនឹងការបន្តកើនឡើងករណីឆ្លងកូវីដ-១៩ ក្នុងបណ្តាគ្រឹះស្ថានសិក្សាក្នុងប្រទេសកូរ៉េនេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap News។

ការប្រកាសនូវបទប្បញ្ញត្តិថ្មីនេះ ធ្វើឡើងក្រោយពីអជ្ញាធរសុខាភិបាលរកឃើញករណីវិជ្ជមានកើនជាបន្តបន្ទាប់ដល់លើស ២ពាន់ករណីទៅហើយ ក្នុងរយៈពេលត្រឹម១ខែកន្លះចុងក្រោយនេះ ក្រោយពីបវេសនកាលថ្មីនៅកូរ៉េខាងត្បូងបានចាប់ផ្តើមកាលពីខែមីនាកន្លងមក។

នៅក្នុងរយៈពេល ៣សប្តាហ៍ដែលបទប្បញ្ញត្តិថ្មីនេះត្រូវដាក់ឱ្យអនុវត្ត គ្រូបង្រៀន សិស្សានុស្សិត និងអ្នកធ្វើការទូទៅនៅតាមសាលារៀនទាំងអស់ត្រូវអនុវត្តឱ្យបានតឹងរ៉ឹងនូវវិធានការកំណត់៥យ៉ាងគឺ៖ ការពាក់ម៉ាស់ជានិច្ច និងលាងដៃ, ការធ្វើវិធានការគម្លាតសង្គម, ការធ្វើតេស្តឱ្យបានរហ័សបើមានរោគសញ្ញា, នៅឱ្យឆ្ងាយផុតពីកន្លែងកកកុញ និងការទទួលទានអាហារដាច់ដោយឡែកពីគ្នានៅតាមទីតាំងដែលសាលាកំណត់ឱ្យ។

ក្នុងនោះដែរ ចំណុចសំខាន់បន្ថែមទៀតនោះគឺសាលារៀនទាំងអស់ត្រូវបន្តតាមដានដោយយកចិត្តទុកដាក់លើសក​ម្មភាពក្រៅសាលារៀនរបស់សិស្សខ្លួន និងព្យាយាមយ៉ាងណាកំណត់អ្នកដែលមានរោគសញ្ញាសង្ស័យ ឬមានការប៉ះពាល់ណាមួយជាមួយអ្នកកើតជំងឺកូវីដ ឱ្យឈប់មកសាលារៀន ឈប់មកធ្វើការភ្លាម។ ក្នុងនោះដែរ ការរៀបចំដំណើរការប្រព័ន្ធខ្យល់ចេញចូលនៅតាមអាគារ និងបន្ទប់សិក្សាក៏ត្រូវយកចិត្តទុកដាក់ផងដែរ នេះបើតាមការបញ្ជាក់របស់ក្រសួងអប់រំ។

សម្រាប់សាលារៀននៅតំបន់ក្រុងសេអ៊ូល ដែលករណីឆ្លងប្រចាំថ្ងៃមានដល់ទៅ១/៣នៃចំនួនករណីឆ្លងសរុបទូទាំងប្រទេស ក្រសួងអប់រំនឹងចាត់វិធានការធ្វើតេស្តកូវីដលើសិស្ស គ្រូបង្រៀន និងអ្នកធ្វើការនៅតាមសាលារៀនទាំងអស់គ្នាតែម្តង បើទោះបីមិនមានរោគសញ្ញាសង្ស័យកូវីដក៏ដោយ ដែលការធ្វើតេស្តនេះនឹងចាប់ផ្តើមអនុវត្តពីដើមខែឧសភានេះទៅហើយ។

Leave a Reply

Your email address will not be published. Required fields are marked *