កង្វះខាតផ្គត់ផ្គង់វ៉ាក់សាំងកូវីដ! កូរ៉េខាងត្បូងពិចារណាសំណើ “ប្តូរវ៉ាក់សាំង” ជាមួយអាម៉េរិក ដោយអាចខ្ចីវ៉ាក់សាំងអាម៉េរិកប្រើសិន ហើយសងវិញពេលក្រោយ

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងកំពុងពិចារណាលើកសំណើរ “កិច្ចព្រមព្រៀងប្តូរវ៉ាក់សាំង” ជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាម៉េរិក ដែលកិច្ចព្រមព្រៀងនេះនិយាយឱ្យស្រួលស្តាប់គឺកូរ៉េខាងត្បូង គ្រោងនឹងខ្ចីវ៉ាក់សាំងពីអាម៉េរិក ហើយសងវិញនៅពេលក្រោយ នេះបើតាមប្រភពផ្ទៃក្នុងមួយដែលបានចេញផ្សាយក្នុងសារព័ត៌មាន Yonhap News។

សំណើរនេះត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ឈុង អ៊ុយយ៉ុង (Chung Eui-yong) នៅក្នុងសម័យប្រជុំរបស់រដ្ឋសភាកាលពីថ្ងៃអង្គារម្សិលមិញ ដោយបានបញ្ជាក់ថាកូរ៉េខាងត្បូងកំពុងលើកសំណើរនៃកិច្ចព្រមព្រៀង “ប្តូរវ៉ាក់សាំង” (“vaccine swap”) ជាមួយនឹងភាគីសហរដ្ឋអាម៉េរិក ហើយសំណើរនេះជាចំណុចពិភាក្សាសំខាន់ផងដែររបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក្នុងជំនួបជាមួយនឹងមន្ត្រីជាន់ខ្ពស់តំណាងឱ្យប្រធានាធិបតីអាម៉េរិក លោក ចន ឃែរី ដែលបានមកទស្សនកិច្ចទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុននេះ។

លោករដ្ឋមន្ត្រីមិនបានបញ្ជាក់ថា  តើ “កិច្ចព្រមព្រៀងប្តូរវ៉ាក់សាំង” នេះមានខ្លឹមសារយ៉ាងណាខ្លះនោះទេ។

យ៉ាងណាមិញ កន្លងមកអ្នកនាំពាក្យវិំមានប្រធានាធិបតីអាម៉េរិក ចេន សាគី (Jen Psaki) ធ្លាប់បានលើកឡើងថាបច្ចុប្បន្នអាម៉េរិកមានវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca ដល់ ៧លានដូស ដែលមិនទាន់ប្រើប្រាស់ ហើយអាចបញ្ចេញបាន ដោយសារតែអាម៉េរិកមិនទាន់ផ្តល់ការអនុញ្ញាតភ្លើងខៀវប្រើប្រាស់វ៉ាក់សាំង AstraZeneca នេះក្នុងប្រទេសរបស់ខ្លួន។ ដូចនេះ លោកអ្នកនាំពាក្យបានបន្តទៀតថា អាម៉េរិកកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងកម្ចីវ៉ាក់សាំងនេះ ១.៥លានដូស ទៅឱ្យប្រទេសកាណាដា និង ២.៥លានដូសទៀតឱ្យទៅប្រទេសម៉ិចសុិចកូ។

យ៉ាងណាមិញ មានការលើកឡើងមួយចំនួនថាកិច្ចព្រមព្រៀងប្តូរវ៉ាក់សាំងដែលសហរដ្ឋអាម៉េរិកគ្រោងនឹងធ្វើជាមួយនឹងម៉ិចសុិចកូ និងកាណាដា នេះបើតាមច្បាប់មិនអាចទៅរួចនោះឡើយ ដោយសារតែគេហាមឃាត់មិនឱ្យមានការចរាចរណ៍វ៉ាក់សាំងឆ្លងព្រំដែននោះទេ តែប្រសិនបើកម្រិតនយោបាយអនុញ្ញាតហើយនោះ ការអនុវត្តបែបនេះក៏មិនទាស់ខុសអ្វីនោះដែរ។

នេះអាចជាអ្វីដែលប្រហាក់ប្រហែលទៅនឹង “កិច្ចព្រមព្រៀងប្តូរវ៉ាក់សាំង” ដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានលើកឡើងនេះ។ បើតាមការសន្និដ្ឋាន គឺកូរ៉េខាងត្បូងអាចនឹងទទួលបានវ៉ាក់សាំងដែលសល់លើសពីសហរដ្ឋអាម៉េរិកឥឡូវនេះ ហើយកូរ៉េខាងត្បូងនឹងសងវ៉ាក់សាំងវិញទៅសហរដ្ឋអាម៉េរិកនៅពេលក្រោយ តែយ៉ាងណាមិញការអនុវត្តជាក់ស្តែងទាល់តែមានការបញ្ចប់ការចរចារផ្លូវការរវាងអជ្ញាធរនៃប្រទេសទាំងពីរសិន។

Leave a Reply

Your email address will not be published. Required fields are marked *