ការទូតសេដ្ឋកិច្ច! លោកទូត ឡុង ឌីម៉ង់ សម្តែងការគួរសមជាមួយអភិបាលក្រុងអានសាន ដើម្បីផ្សព្វផ្សាយពីកម្ពុជា និងកិច្ចសហប្រតិបត្តិការគាំពារសហគមន៍ខ្មែរ

កូរ៉េខាងត្បូង៖ កាលពីរសៀលថ្ងៃទី១៩ ខែមេសាម្សិលមិញនេះ លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ឡុង​ ឌីម៉ង់ អមដំណើរដោយអនុព័ន្ធពាណិជ្ជកម្ម អនុព័ន្ធការងារ និងមន្ត្រីស្ថានទូតកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសមជាមួយអភិបាលក្រុងអានសាន ជាបេសកកម្មថ្មីមួយទៀតនៃនយោបាយការទូតសេដ្ឋកិច្ច នេះបើតាមចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោកទូតផ្ទាល់។

ក្នុងដំណើរបេសកកម្មនយោបាយការទូតសេដ្ឋកិច្ចថ្មីនេះ លោកឯកអគ្គរាជទូតកម្ពុជា និងក្រុមការងារបានចូលជួបសម្តែងការគួរសមជាមួយលោក Yoon Wha Sub អភិបាលក្រុងអានសាន និងសហការី ដែលភាគីទាំងពីរបានពិភាក្សាគ្នាលើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជួយគាំពារដល់សហគមន៍ខ្មែរ ដែលកំពុងរស់នៅធ្វើការនៅទីក្រុងអានសានប្រមាណជាង ៦០០នាក់។

បន្ថែមពីនេះ ក្រុមការងារបានរៀបចំការធ្វើបទអន្ដរាគមន៍អំពីសក្តានុពលក្នុងវិស័យវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងវិនិយោគរបស់កម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃសាលាក្រុងអានសាន ព្រមទាំងសាធារណជនប្រមាណ ១០០នាក់ នៅសាលពហុវប្បធម៌របស់សាលាក្រុងអានសានផងដែរ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបន្តនូវព័ត៌មានសំខាន់នានាអំពីកម្ពុជា ធ្វើយ៉ាងណា ដើម្បីឲ្យពួកគាត់ស្គាល់កម្ពុជាកាន់តែច្បាស់។

Leave a Reply

Your email address will not be published. Required fields are marked *