សម្រង់មតិ៖ យ៉ាងហោចណាស់ ១ ក្នុងចំណោម៣នាក់ នៃសិស្សអនុវិទ្យាល័យ ឬវិទ្យាល័យនៅកូរ៉េខាងត្បូង ធ្លាប់គិតពីការធ្វើអត្តឃាត ឆ្នាំ២០២០កន្លងទៅ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានសិស្សម្នាក់ ក្នុងចំណោម៣នាក់ នៅកម្រិតអនុវិទ្យាល័យ ឬវិទ្យាល័យរបស់កូរ៉េខាងត្បូង ដែលធ្លាប់មានគំនិតគិតអំពីការធ្វើអត្តឃាតក្នុងឆ្នាំកន្លងមក ដោយសារតែសម្ពាធ និងបន្ទុកពីសាលារៀន និងប្រព័ន្ធអប់រំ នេះបើតាមការធ្វើសម្រង់មតិមួយដែលបានបង្ហាញលទ្ធផលកាលពីថ្ងៃចន្ទម្សិលមិញនេះ។

តាមសារព័ត៌មាន Korea Times នៅក្នុងសម្រង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានគោលនយោបាយយុវជន អំឡុងពីខែកក្កដា ដល់ខែតុលាកាលពីឆ្នាំ២០២០កន្លងមក ហើយដែលមានការចូលរួមធ្វើពីសំណាក់សិស្សអនុវិទ្យាល័យ និងវិទ្យាល័យចំនួន ៥,៦៦៩ នាក់នេះ  បង្ហាញថាយ៉ាងហោចណាស់មានដល់ ២៧% លើកឡើងថាពួកគេពិតជាធ្លាប់បានមានគំនិតពីការធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនមែន។ បើគិតជាភាគរយទៅតាមភេទវិញ ៣៥%នៃសិស្សស្រ្រីបានលើកឡើងបែបនេះ ប្រៀបទៅនឹង១៩.៦% ជាសិស្សប្រុស។

ក្នុងនោះដែរ ហេតុផលចម្បងដែលនាំឱ្យពួកគេមានការគិតបែបនេះ មាន ៣៩.៨% បណ្តាលមកពីបញ្ហាក្នុងសាលារៀន ដូចជាចំណាត់ថ្នាក់ និងបញ្ហាស្ត្រេសដោយសារតែការសិក្សា (៣៩.៨%), ការបារម្ភអំពីអនាគត និងមុខរបរនៅក្រោយពេលរៀនចប់ជាដើម (២៥.៥%), បញ្ហាគ្រួសារ (១៦%), ជម្លោះជាមួយសិស្សដទៃ (៤.៨%) និងស្ថានភាពសេដ្ឋកិច្ច (១.៧%)។

ក្នុងនោះដែរ អ្នកស្រាវជ្រាវបានបញ្ជាក់បន្ថែមថា បើគេធ្វើការបែងចែកសិស្សទាំងអស់ដែលចូលរួមធ្វើសម្រង់មតិនេះទៅតាមកម្រិតនៃស្ថានភាពសេដ្ឋកិច្ចគ្រួសារ ដូចជាគ្រួសារជីវភាពធូរធារ គ្រួសារជីវភាពកម្រិតមធ្យម និងគ្រួសារជីវភាពក្រីក្រ គេឃើញថាទំនោរដែលសិស្សគិតពីការធ្វើអត្តឃាតដល់ទៅ ៤៣.៦% ច្រើនជាងគេ គឺជាសិស្សដែលមកពីគ្រួសារធូរធារ ខណៈដែល ៣៩.៣% មកពីគ្រួសារកម្រិតជីវភាពមធ្យម និងត្រឹមតែ២៩.៣% ប៉ុណ្ណោះមកពីគ្រួសារកម្រិតជីវភាពខ្សត់ខ្សោយ។

សូមបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងត្បូងក៏ត្រូវបានគេដឹងលឺថាជាប្រទេសមួយដែលមានស្ថានភាពនៃការធ្វើអត្តឃាតនេះ ក្នុងកម្រិតខ្ពស់ផងដែរ បើប្រៀបទៅនឹងបណ្តាប្រទេសដទៃទៀតដែលជាប្រទេសអភិវឌ្ឍន៍ជឿនលឿន។

Leave a Reply

Your email address will not be published. Required fields are marked *